ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​​អតីត​ប្រធាន​មន្ទីរ​ស​២១​សម័យ​ខ្មែរ​ក្រហម លោក ឌុច ត្រូវ​បូជា​ដោយ​មិន​បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ


ធាតុ​របស់​លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ឬមន្ទីរស២១ ដែល​បាន​ស្លាប់​ក្នុងអាយុ ៧៨ ឆ្នាំ ត្រូវបាន​ក្រុមគ្រួសារ​នាំយក​ទៅគេហដ្ឋាន ពីនៅវត្តចាក់អង្រែក្រោម រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២ ខែកញ្ញា​​ ឆ្នាំ២០២០ ។ (ទុំ ម្លិះ/​វីអូអេ)
ធាតុ​របស់​លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ឬមន្ទីរស២១ ដែល​បាន​ស្លាប់​ក្នុងអាយុ ៧៨ ឆ្នាំ ត្រូវបាន​ក្រុមគ្រួសារ​នាំយក​ទៅគេហដ្ឋាន ពីនៅវត្តចាក់អង្រែក្រោម រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២ ខែកញ្ញា​​ ឆ្នាំ២០២០ ។ (ទុំ ម្លិះ/​វីអូអេ)

សព​របស់​លោក ​កាំង ហេ្កកអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង ​ឬ​មន្ទីរ​ស ២១ ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​បូជា​នៅ​ក្នុង​វត្ត​ចាក់​អង្រែ​ក្រោម ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​ធ្វើ​បុណ្យតាម​ប្រពៃណី​ខ្មែរ។​

ការ​បូជា​សព​នេះ​ក៏​ត្រូវ​បាន​យាមកាម​ដោយ​កម្លាំង​នគរបាល​ប្រមាណ ​១០ ​នាក់​ ហើយ​មិន​ឲ្យ​អ្នក​សារ​ព័ត៌មាន​ចូល​ទៅ​ជិត​កន្លែង​បូជា​សព​ និង​កន្លែង​រើស​ធាតុ​នោះ​ទេ។ ​ចំណែក​ក្រុម​គ្រួសារ​សាច់​ញាតិ​ដែល​ត្រូវ​ជា​បង​ប្អូន ​និង​សាច់​ថ្លៃ​យ៉ាង​តិច​ ៤ ​នាក់ ​ក៏​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ​និង​លាក់​អត្ត​សញ្ញាណ​របស់​ពួក​គេ​ទាក់​ទង​នឹង​ ឌុច​ នៅ​ពេល​អ្នក​យក​ព័ត៌មាន ​VOA ​ព្យាយាម​សាក​សួរ។​

សព​របស់​លោក ​ឌុច ​ត្រូវ​បាន​បញ្ជូន​ទៅ​បូជា​នៅ​ម៉ោង​ជាង​ ១២ ​ថ្ងៃ​ត្រង់ ​ដោយ​មាន​ព្រះ​សង្ឃ​មួយ​អង្គ​សូត្រ​មន្ត​មុន​ពេល​បូជា និង​តា​អាចារ្យ​រៀបចំ​បូជា។​

បន្ទាប់​ពី​ការ​បូជា នៅ​ម៉ោង​ជាង ​៣ រសៀល ​ធាតុ​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​យក​ទៅ​កន្លែង​ពួក​គេ​ស្នាក់​នៅ​ ក្នុង​ស្រុក​សំឡូត ​ខេត្ត​បាត់ដំបង។​ នេះ​បើ​យោង​តាម​សមត្ថកិច្ច​និង​ក្រុម​គ្រួសារ​ដែល​មក​ទទួល​ធាតុ។​

លោក ​ឌុច​ បាន​ចូល​កាន់​សាសនា​គ្រឹស្ត​តាំង​ពី​ឆ្នាំ ​១៩៩៦ ​មុន​ពេល​លោក​ត្រូវ​បាន​នាំ​ខ្លួនពី​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង មក​កាត់​ទោស។​ ទីនោះ​ជា​កន្លែង​ដែល​លោក​លាក់​ខ្លួន​ ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ។​ ប៉ុន្តែ​សព​របស់​លោក​ត្រូវ​បាន​បូជា​នៅ​វត្ត​អារាម​ ដោយ​មាន​ព្រះ​សង្ឃ​សូត្រ​មន្ត​និង​តា​អាចារ្យ​ជា​អ្នក​រៀបចំ​តាម​ទម្លាប់​របស់​ខ្មែរ។

លោក​កាំង ហ្កេកអ៊ាវ​ ហៅ ​ឌុច ​បាន​ទទួល​មរណភាព​កាល​ពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​ ២ ​ខែ​កញ្ញា។​

តុលាការ​ខេត្ត​កណ្តាល​ដែល​លោក​ឌុច​បាន​ជាប់​ពន្ធនាគារ​នៅ​ទីនោះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​លើក​ឡើង​ថា​ សុខភាព​របស់​លោក​ស្ថិត​ក្នុង​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ដោយ​ទទួល​រង​បញ្ហា​សុខភាព​រាំ​រ៉ៃ​ជា​ច្រើន ​ហើយ​លោក​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ចំនួន​ ៤ ​ដង​រួច​មក​ហើយ។ តុលាការ​បញ្ជាក់​ថា​ ការ​ស្លាប់​របស់​លោក​ ឌុច ​ដោយ​សារ​ជំងឺ​ប្រចាំ​កាយ ​គឺ​រលាក​ទង​សួត​និង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ។

ឌុច ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួល​ស្លែង។​ លោក​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​ប្រមាណ​ ១២០០០ ​នាក់ ​នៅមន្ទីរ​ស ​២១៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG