ភ្នំពេញ៖ អៀង ធីរិទ្ធ ជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ដែលទើបនឹងត្រូវបានដោះលែងបាននិយាយដោយស្មារតីមិនជាក់លាក់ក្នុងសវនាការរបស់អង្គជំនុំជម្រះតុលាការកំពូលនៅថ្ងៃអង្គារនេះ។
អាយុ៨០ឆ្នាំ និងជាអតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង ធីរិទ្ធ ត្រូវបាននាំខ្លួនចូលក្នុងបន្ទប់ជម្រះក្តីជាលើកដំបូងដើម្បីដោះស្រាយបណ្តឹងរបស់សហព្រះរាជអាជ្ញាប្រឆាំងនឹងការដោះលែងរូបគាត់កាលពីថ្ងៃទី១៣ ខែកញ្ញាដោយអង្គជំនុំជម្រះសាលាដំបូង។
ការដោះលែងដែលភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួនជាបណ្តោះអាសន្នដោយសំអាងថាជនជាប់ចោទបានបាត់បង់ការចងចាំនិងមានជំងឺវង្វេងធ្ងន់ធ្ងរដែលមិនអាចចូលរួមការកាត់ទោសលើរូបគាត់បាន។
ឆើ្លយទៅនឹងសំណួររបស់ក្រុមចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូលអៀង ធីរិទ្ធ បានឆ្លើយត្រូវខ្លះនិងមិនត្រូវខ្លះ។
សំណួរ៖ «តើលោកស្រីសុខសប្បាយជាទេបច្ចុប្បន្ននេះ?» ឆ្លើយ៖ «ខ្ញុំអត់អីទេ ខ្ញុំសុខសប្បាយជាទេចា៎»។ សំណួរ៖ ចាប់តាំងពីលោកស្រីត្រឡប់ទៅផ្ទះវិញតើលោកស្រីមានសុខភាពល្អជាងមុនឬយ៉ាងណា?» ឆើ្លយ៖ «ដូចជាល្អជាងមុន ព្រោះអ្នកដែលទទួលខ្ញុំនោះជាម្ចាស់ផ្ទះផង ជាម្ចាស់ទឹកដីផង ឲ្យខ្ញុំនៅឲ្យបានស្រួល ឲ្យឆាប់ជា»។
នៅក្នុងបណ្តឹងទាស់ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលការិយាល័យសហព្រះរាជអជ្ញាបានស្នើលក្ខខណ្ឌចំនួនប្រាំមួយគឺជនជាប់ចោទអៀង ធីរិទ្ធ ត្រូវបង្ហាញខ្លួនចំពោះមុខអាជ្ញាធរក្នុងមួយសប្តាហ៍ម្តង លិខិតឆ្លងដែន និងអត្តសញ្ញាណបនត្រូវដកហូត ហាមប្រាស្រ័យទាក់ទងជាមួយជនជាប់ចោទដទៃទៀត ជាមួយសាក្សី ឬនាក់ជំនាញលើកលែងតែទំនាក់ទំនងជាមួយប្តីរបស់គាត់គឺជនជាប់ចោទអៀង សារី។ មួយវិញទៀតអៀង ធីរិទ្ធ ត្រូវទទួលការព្យាបាលតាមការការកំណត់របស់អង្គជំនុំជម្រះ។
ព្រះរាជអាជ្ញារងកញ្ញា សុង ឆវ័ន បានស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលទទួលយកលក្ខខ័ណ្ឌទាំងនេះ។
«យើងសុំស្នើទៅអង្គជំនុំជម្រះតុលាការកំពូលធ្វើការកែប្រែសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងដោយស្នើឲ្យមានការដាក់លក្ខខ័ណ្ឌនានាដែលស្នើដោយសហព្រះរាជអាជ្ញាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២»។
ក៏ប៉ុន្តែសហមេធាវីការពារជនជាប់ចោទលោកស្រីដាយអាណា អាលីស និងលោកផាត់ ពៅស៊ាង បានស្នើឲ្យតុលាការទាត់ចោលលក្ខខណ្ឌទាំងនោះ។
លោកផាត់ ពៅស៊ាង បានហៅលក្ខខណ្ឌទាំងនោះថា ជាការកៀបសង្កត់សិទ្ធិជនជាប់ចោទ។
«ការដាក់លក្ខខណ្ឌទាំងប្រាំមួយនេះនឹងក្លាយជាការរឹតត្បិតលើសិទ្ធិទទួលបានសេរីភាពឡើងវិញរបស់ចុងបណ្តឹងសារទុក្ខ»។
ទោះជាយ៉ាងណាលោកចៅក្រមគង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូលបានប្រកាសថាការសម្រេចលើករណីបណ្តឹងសារទុក្ខសុំដាក់លក្ខខណ្ឌលើការដោះលែងអៀង ធីរិទ្ធ នឹងត្រូវជូនដំណឹងនៅពេលក្រោយ៕