ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
មេធាវីនិងក្រុមគ្រួសាររបស់អៀង សារីនិយាយនៅថ្ងៃអង្គារនេះថាជនជាប់ចោទអៀង ធីរិទ្ធ ដែលត្រូវដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំមុននឹងត្រូវមកដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅថ្ងៃពុធស្អែកនេះដើម្បីចូលរួមបុណ្យសពប្តីរបស់គាត់។
ប្តីរបស់គាត់គឺអៀង សារីបានស្លាប់ក្នុងអាយុ៨៧ឆ្នាំកាលពីថ្ងៃទី១៤ខែមិនាក្នុងទីក្រុងភ្នំពេញក្រោយពីចេញពីមន្ទីរឃុំឃាំងនិងសម្រាកពេទ្យបានដប់ថ្ងៃ។
លោកផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកពីទីក្រុងភ្នំពេញតាមទូរស័ព្ទថាកូនក្តីរបស់លោកត្រូវចាកចេញពីទីក្រុងភ្នំពេញជាទីដែលគាត់ស្ថិតនៅក្រោមការឃ្លាំមើលរបស់អាជ្ញាធរដើម្បីចូលរួមការបូជាសពអតីតជនជាប់ចោទអៀង សារី។
«នៅថ្ងៃ២០(មិនា)គាត់សម្រាក។ នៅថ្ងៃ២១ចាប់ផ្តើមពិធីបូជាអៀង សារី នៅថ្ងៃទី២១វេលាម៉ោង៦ អីចឹងគាត់ចេញទៅហើយ»។
ទោះជាយ៉ាងណាលោកអៀង វុធ កូនប្រុសរបស់អៀងសារី និងជាអភិបាលរងខេត្តប៉ៃលិនបដិសេធផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត។
លោកបានបញ្ជាក់ដោយខ្លីថា៖
«សុំទោស អត់មានពេលទេ»។
ដោយឡែកសមាជិកក្រុមគ្រួសាររបស់អៀង សារី ដទៃទៀតឲ្យដឹងថាអៀង ធីរិទ្ធ នឹងត្រូវចេញដំណើរពីទីក្រុងភ្នំពេញនៅព្រឹកថ្ងៃពុធហើយនឹងមកដល់ស្រុកម៉ាឡៃនៅល្ងាចថ្ងៃដដែលហើយក្នុងខណៈនេះសុខភាពរបស់អៀង ធីរិទ្ធ ក៏មានសភាពទ្រុឌទ្រោមផងដែរ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីជាតិ និងលោកឡាស អលសិន អ្នកនាំពាក្យសាលាក្តីពិសេសនេះខាងភាគីអន្តរជាតិនិយាយថាអៀង ធីរិទ្ធ មិនត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរក្នុងប្រទេសកម្ពុជានោះទេ។
អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យនៅក្រៅឃុំកាលពីខែកញ្ញាឆ្នាំ២០១២ដោយសារក្រុមគ្រូពេទ្យរកឃើញថាគាត់មានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
ក៏ប៉ុន្តែតុលាការមិនបានរំលត់បណ្តឹងប្រឆាំងនឹងជនជាប់ចោទដែលជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរូបនេះទេ។
នៅថ្ងៃនេះក្រុមប្រជាពលរដ្ឋបានបន្តមកចូលរួមពិធីបុណ្យសពរបស់អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម អៀង សារី។
ក្រុមប្រជាពលរដ្ឋដែលភាគច្រើនជាអតីតយុទ្ធជននិងកម្មាភិបាលខ្មែរក្រហមបានមកជាក្រុមតូចៗហើយមិនបានចំណាយពេលយូរប៉ុន្មានក្នុងពិធីបុណ្យនោះទេ។
សាច់ញាតិរបស់លោកអៀង សារី មួយចំនួនបាននៅកំដពិធីបុណ្យនេះជាប់លាប់។
របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ក៏ប៉ុន្តែក្នុងអំឡុងពេលកាត់ទោសពុំមានមេដឹកនាំកំពូលខ្មែរក្រហមណាម្នាក់ក្នុងចំណោមមេដឹកនាំខ្មែរក្រហមដែលនៅមានជីវិតចុងក្រោយក្នុងសំណុំរឿង០០២មាននួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ បានសារភាពពីទោសកំហុសឬបំភ្លឺអាថ៌កំបាំងអតីតកាលនោះទេ៕