ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កុមារ​ភៀស​ខ្លួន​រស់​ពី​របប​ខ្មែរក្រហម ក្លាយជា​ខ្មែរទី១​ជាប់​ជា​ចៅហ្វាយ​ក្រុង Lowell


អភិបាលក្រុង Lowell ថ្មី លោក ចៅ សុខារី (ឆ្វេង) ត្រូវបាន​អបអរសាទរ​ដោយសមាជិក​ក្រុមប្រឹក្សាលោក John Drinkwater (ទី២ពីឆ្វេង) អនុប្រធាន​ក្រុមប្រឹក្សា​លោក Erik Gitschier និងលោក Wayne Jenness ក្នុងអំឡុងពេលពិធីស្បថចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សាក្រុង Lowell កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
អភិបាលក្រុង Lowell ថ្មី លោក ចៅ សុខារី (ឆ្វេង) ត្រូវបាន​អបអរសាទរ​ដោយសមាជិក​ក្រុមប្រឹក្សាលោក John Drinkwater (ទី២ពីឆ្វេង) អនុប្រធាន​ក្រុមប្រឹក្សា​លោក Erik Gitschier និងលោក Wayne Jenness ក្នុងអំឡុងពេលពិធីស្បថចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សាក្រុង Lowell កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជាសមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ Lowell ​ រដ្ឋ Massachusetts ​ លោក ​ចៅ សុខារី ​អតីត​ជនភៀសខ្លួន​ខ្មែរ​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ និង​កំព្រា​ឪពុក​ ដោយសារ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ ​បាន​ក្លាយ​ជា​ចៅហ្វាយក្រុង​ខ្មែរ​អាមេរិកាំង​ដំបូង​គេ​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ចម្រុះ​ជាតិសាសន៍​បំផុត​នេះ​ក្នុងពិភពលោក។​

លោក ​ចៅ សុខារី ត្រូវបានសមាជិក​ក្រុម​ប្រឹក្សាក្រុងទាំង​១១​នាក់​ ជ្រើសរើស​ជា​ឯកច្ឆន្ទកាលពី​ថ្ងៃ​ចន្ទ​ ធ្វើ​ជា​ចៅហ្វាយក្រុង​ដែល​មានជនជាតិ​ខ្មែរ​ច្រើន​បំផុត​ទីពី​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ បន្ទាប់​ពី​ទីក្រុង​ Long Beach​ រដ្ឋ​ California។​

អតីតជនភៀសខ្លួន​ខ្មែរ​អាយុ​៤៩ឆ្នាំ​នេះ​ ធ្វើ​ការនៅ​រដ្ឋបាល​សន្តិសុខ​សង្គម​សហ​រដ្ឋ​អាមេរិកមុនក្លាយ​ជា​ចៅហ្វាយក្រុង​ដែល​មាន​អាណត្តិ​ពីរឆ្នាំ ​ក្រោយពី​លោក​បាន​ជាប់​ជាសមាជិក​ក្រុម​ប្រឹក្សា​ក្រុង​នៅ​អាណត្តិ​ទីពីរ​ជាប់ៗ​គ្នា​នៅ​មណ្ឌល​សង្កាត់​លេខ​៦​នៃក្រុង​នេះ។​

ចៅក្រមតុលាការក្រុងឡូវែល លោក Stephen Geary (ឆ្វេង) នៅក្នុង​ពិធី​ស្បថ​ចូលកាន់តំណែងរបស់លោក ចៅ សុខារី (ទី៥ រាប់ពីស្តាំ) ជា​អភិបាល​ទីក្រុង​ឡូវែល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុង​ឡូវែល រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ដោយ​មាន​ក្រុម​គ្រួសារ​របស់​លោក ចៅ សុខារី ឈរអម​ជាមួយ​លោក។
ចៅក្រមតុលាការក្រុងឡូវែល លោក Stephen Geary (ឆ្វេង) នៅក្នុង​ពិធី​ស្បថ​ចូលកាន់តំណែងរបស់លោក ចៅ សុខារី (ទី៥ រាប់ពីស្តាំ) ជា​អភិបាល​ទីក្រុង​ឡូវែល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុង​ឡូវែល រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ដោយ​មាន​ក្រុម​គ្រួសារ​របស់​លោក ចៅ សុខារី ឈរអម​ជាមួយ​លោក។

ក្រោយពី​ស្បថ​ចូលកាន់​តំណែង ​លោក​បាន​ប្រាប់​អ្នក​ចូលរួម​នៅ​សាលប្រជុំក្រុង​ Lowell ​ថា ​លោក​ជា​ជនភៀសខ្លួន​ ​ហើយ​ឥឡូវ​ក្លាយ​ជា​ចៅហ្វាយក្រុង​សំខាន់​មួយ​នៅ​រដ្ឋ ​Massachusetts ​ដែល​ជា​ទឹកដី​ផ្តល់​ឱកាស​ ហើយ​លោក​មិន​ប្រាកដ​ថា ឱកាស​បែប​នេះ​ អាច​កើត​មាន​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោកឬ​ទេ។​

លោក ចៅ​ សុខារី​ ​បានប្រាប់​វីអូអេ​ថា៖​ «តាំងពី​មក​[ដល់អាមេរិក]​ ខ្ញុំ​មិនដែល​ស្មាន​ថា​ ខ្ញុំ ឬ​ខ្មែរ​ផ្សេង​ទៀត​ អាច​បាន​ឡើង​ធ្វើ​ចៅហ្វាយ​ក្រុង​នៅ​សហ​រដ្ឋ​អាមេរិក​ទេ។ ​ថ្ងៃនេះ​ ខ្ញុំសប្បាយ​ចិត្ត​មែនទែន។ ​ខ្ញុំ​អរគុណ​ ប្រជាជន ​អរគុណ​ឪពុក​ម្តាយ​ខ្ញុំ ​អរគុណ​ព្រះ​ដែល​ឱ្យ​ជួយ​ឱ្យ​ខែ្មរ​មាន​សំឡេង​ធំមួយ​នៅ​ទីក្រុង Lowell យើង ហើយ​នឹង​ក្នុង​សហ​រដ្ឋ​អាមេរិក​យើង​បាទ»។​

ទីក្រុង ​Lowell ​មាន​ប្រជាជន​រស់នៅ​ជិត​១២​ម៉ឺន​នាក់ ​ហើយ​មាន​ប្រមាណ​២៥%​ មាន​ដើម​កំណើត​អាស៊ី ​ដែល​ក្នុង​នោះ​មាន​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជាង​៣​ម៉ឺន​នាក់។​


ទោះបីជា​ទទួលបាន​សំឡេងគាំទ្រ​ជាឯកច្ឆន្ទ​ ប៉ុន្តែ​វា​កើត​មាន​ឡើង​ក្រោយ​ពី​ លោក ​នួន វាសនា​ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ ប្រកាសដក​ខ្លួន​មិន​ឈរ​ឈ្មោះ​ជា​ចៅហ្វាយក្រុង ​និង​ក្រោយ​ពី​មាន​បាតុកម្ម​ពីរ​លើក​ប្រឆាំង​នឹង​លោក ចៅ សុខារី​ ​ដោយក្រុមអ្នក​តវ៉ាថ្លែងថា​ លោក ​នួន វាសនា ​គួរ​តែ​ធ្វើ​ជា​ចៅហ្វាយក្រុង​ក្នុង​អាណត្តិ​នេះ​ ព្រោះ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​ប្រជាជន​បោះឱ្យ​ច្រើន​ជាងគេ​នៅ​មណ្ឌល​ទូទាំង​ក្រុង​នេះ​ និង​បាន​ជាប់​ជា​ក្រុម​ប្រឹក្សា​ក្រុង​៤​អាណត្តិ​មក​ហើយ។​

លទ្ធផលឆ្នោត​ផ្លូវការ​បង្ហាញ​ថា ​លោក នួន វាសនា​ ទទួល​បាន​ការគាំទ្រ​ពី​ពលរដ្ឋ​ចំនួន​ ៦១៧៩​ សំឡេង​ និង​លោក​ ចៅ សុខារី​ ទទួលបាន​ ៧៦០ សំឡេង​ ក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​នេះ។

លោក អ៊ុង រិទ្ធី ​អ្នក​សម្រប​សម្រួល​ការ​តវ៉ា​ទាំង​ពីរ​លើក​នៅ​មុខ​សាលា​ក្រុង​បាន​ប្រាប់​វីអូអេ​ថា៖​

«នេះ​ ជាការ​ទាមទារ​ឲ្យ​ធ្វើ​ត្រឹមត្រូវ​ មិន​ថា​ ខ្មែរ​ ឬ​នរណា​ទេ។ ​វា​ជា​ការ​ទាមទារ​ថា អ្នក​ណា​ធ្វើ​ជា​អភិបាលក្រុង​ល្អជាង​គេ។​ យើង​មកនេះ​ មិនមែន​ដើម្បី​លោក​ នួន វាសនា ​ឬ ខ្មែរ​ទេ។ ​យើង​និយាយអំពី​អ្នក​បាន​សំឡេង​ឆ្នោត​កំពូល ដែល​គួរផ្តល់​កិត្តិយស​ជាអភិបាលក្រុង តែ​ក្នុង​ករណី​នេះ​ ចំលើ​លោក​ នួន វាសនា»។​

អ្នកស្រី​ Marissa Dupong ​ដែល​ចូលរួម​ការតវ៉ា​គាំទ្រ​លោក ​នួន វាសនា​ បាន​សរសើរ​លោក​ ដែល​បាន​ដកខ្លួន​ពី​បេក្ខភាព​ចៅហ្វាយក្រុង​ ព្រោះ​អ្នកតវ៉ា​ មិន​ងាយ​នឹង​ឈ្នះ​ប្រព័ន្ធ​ជ្រើសរើស​ចៅហ្វាយ​ក្រុង​នេះ​ទេ។​ ទោះជាយ៉ាង​ណា​ អ្នកស្រី​បង្ហាញ​ក្តីសង្ឃឹម​ថា៖

«ប៉ុន្តែ​បរិយាកាស​ បាន​ប្រែប្រួល​ហើយ ​ជាពិសេស​ប្រព័ន្ធ​បោះឆ្នោតថ្មី​ដែល​អនុញ្ញាត​ឱ្យ​មានអ្នកតំណាង​ច្រើន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​ និង​ទូទាំងរដ្ឋ ​Massachusetts។ ​ពេល​មាន​ការផ្លាស់ប្តូរ​អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង ​ ហើយ​ជាយថាហេតុ​គាត់ ​(លោក​ នួន វាសនា) ​នឹង​ក្លាយ​ជា​អភិបាល​ក្រុង»។​

នៅពេល​ការតវ៉ា​ជិតដល់​ទី​បញ្ចប់​ លោក ​នួន វាសនា​ បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​អំពី​ការសម្រេច​ដក​ខ្លួន​ពី​បេក្ខភាព​ចៅហ្វាយ​ក្រុង។​

រូបឯកសារ៖ លោក នួន​ វាសនា​ ជា​សមាជិក​ក្រុមប្រឹក្សា​ប្រចាំ​ទីក្រុង​ Lowell រដ្ឋ​ Massachusetts។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក នួន វាសនា)
រូបឯកសារ៖ លោក នួន​ វាសនា​ ជា​សមាជិក​ក្រុមប្រឹក្សា​ប្រចាំ​ទីក្រុង​ Lowell រដ្ឋ​ Massachusetts។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក នួន វាសនា)

«រូបភាព​មិនល្អ​សម្រាប់​សហគមន៍​ នៅពេលដែលយើងខ្វែង​គំនិតគ្នា​ឈ្លោះគ្នា។ ដូច្នេះ​ហើយ​ខ្ញុំសូម​អង្វរ​ដល់​បងប្អូន​ទាំងអស់គ្នា​ថា ខ្ញុំធ្វើ​នេះ​ មិន​មែន​ជា​អាត្មានិយម​ទេ។ ខ្ញុំ​ធ្វើ​នេះ​ដើម្បី​សង្គម​របស់​យើង ដើម្បី​ទីក្រុង Lowell ​ទៅថ្ងៃមុខ។ សូមអរគុណ!»​

ទោះ​ជាយ៉ាងណា​ តាម​ច្បាប់​នៅ​ក្នុង​ទីក្រុង ​Lowell​ គឺ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ជាអ្នក​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ណា​ម្នាក់​ ជា​អ្នក​ដឹកនាំ​ក្នុង​តំណែង​ជា​ចៅហ្វាយ​ក្រុង​ គឺ​មិនមែន​ជា​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ពល​រដ្ឋ​ទេ។​

ការតវ៉ា​អំពី​ការតែងតាំង​ចៅហ្វាយក្រុង​នេះ​ ធ្វើ​ឡើង​ចំនួន​ពីរលើក។ ​ការតវ៉ា​លើក​ទីមួយ​កាលពី​ថ្ងៃអាទិត្យ​ ទី១២ ខែធ្នូ ​ទាមទារ​ជាពិសេស​ឱ្យ​ក្រុម​ប្រឹក្សា​ជ្រើសរើស​អ្នក​បាន​សំឡេង​ច្រើន​ជាងគេ​ធ្វើ​ចៅហ្វាយ​ក្រុង។ ប៉ុន្តែ​ការតវ៉ាលើក​ទី២ នៅ​ថ្ងៃទី​២ ខែ​មករា គឺ​មួយថ្ងៃ​មុនការ​ជ្រើសរើសចៅហ្វាយក្រុង​ជាផ្លូវការ​ អ្នកក្រុង​ Lowell ​បាន​ទាម​ទារ​ជាពិសេស​ឱ្យ​ពលរដ្ឋ​ជាជាង​ក្រុមប្រឹក្សា​ក្រុង​ជ្រើសរើស​អភិបាល​ក្រុង​ ក្នុង​ពេល​អនាគត។ ការស្ទង់មតិ​ដែល​ធ្វើឡើង​ក្នុងពេលជាមួយគ្នា​នឹង​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​បង្ហាញ​ថា ​ពលរដ្ឋ​ជាង៧៥% ​ដែល​ចង់​បាន​ដូច្នេះ។ ទោះជាយ៉ាង​ណា​ ការកែប្រែ​នេះ ​ត្រូវ​សម្រេច​ដោយ​ក្រុមប្រឹក្សា​ក្រុង។​

លោក​ចៅហ្វាយក្រុង​ជាប់​ថ្មី​បញ្ជាក់​ជំហរថា៖​

«ច្បាប់​នៅទីក្រុង Lowell ​នេះ ​ប្រហែលដូច​ថ្ងៃមុខថ្ងៃក្រោយ ហើយ​ខ្ញុំ​ក៏គាំទ្រច្បាប់ហ្នឹងដែរថា ឱ្យ​ប្រជាជន​បោះឆ្នោត​ឱ្យ​ចៅហ្វាយស្រុក (ចៅហ្វាយ​ក្រុង) ​ប៉ុន្តែ​ច្បាប់​យើង​អនុវត្ត​ថ្ងៃនេះ​ ចំណាស់​ប្រហែល​ជិត១០០ឆ្នាំ​ហើយ​ដែល​ក្រុមប្រឹក្សា​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង»។​

ការបោះឆ្នោត​ឆ្នាំ​២០២១​នេះ​ បាន​នាំ​ឲ្យ​ខ្មែរ​អាមេរិកាំង​ចំនួន​កាន់តែច្រើន​បាន​ជាប់ជា​សមាជិក​ក្រុម​ប្រឹក្សាក្រុង​។ ក្នុងនេះ ​មាន​លោក យ៉ែម ផលរដ្ឋា ​ដែល​ជាប់​ជាសមាជិកក្រុមប្រឹក្សា​ក្រុង​លើក​ទីមួយ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​ បន្ទាប់​ពី​មិន​បាន​ជាប់ឆ្នោត​ក្នុង​ការព្យាយាម​២​អាណត្តិ​កន្លងមក។

​តុលាការ​សហព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ បាន​យល់ព្រម​តាម​សំណើ​សហគមន៍​ឱ្យ​ទាមទារ​ឱ្យ​មាន​បេក្ខជន​ក្រុមប្រឹក្សា​ឈរឈ្មោះ​តាម​សង្កាត់​បន្ថែម​លើ​ប្រព័ន្ធ​ចាស់​ដែល​មាន​តែ​បេក្ខជន​ក្រុម​ប្រឹក្សាឈរឈ្មោះទូទាំង​ក្រុង។

លោក យ៉ែម ផលរដ្ឋា​ បាន​ថ្លែងថា​៖​

«ហើយ​ខ្ញុំ​មិន​នឹងថា ​នឹងឈរទៀត ​ប៉ុន្តែ​ដោយសារ​ទីក្រុង ​Lowell ​បាន​រៀបចំ​ប្រព័ន្ធ​បោះឆ្នោតថ្មី​ដើម្បី​ឲ្យ​មាន​ទីប្រឹក្សាក្រុង​តំណាង​សង្កាត់​នីមួយៗ​ ហើយនឹង​ក្រុម​ប្រឹក្សា​បីនាក់​ទៀត​ដែល​តំណាង​ទីក្រុង​ទាំងមូល​បាទ»។​

ក្នុង​សហ​រដ្ឋ​អាមេរិក​ទីក្រុង ​Lowell ​មាន​អ្នកតំណាង​ខ្មែរ​ជាប់​ច្រើន​ជាងគេ ​គឺមាន​តំណាងរាស្ត្រ​ថ្នាក់រដ្ឋ​ពីររូប ​សមាជិក​ក្រុមប្រឹក្សាក្រុង​បីរូប ​ដែល​ម្នាក់​ក្លាយ​ជាអភិបាល​ក្រុង​ និងសមាជិក​គណៈកម្មការ​សាលារៀន​មួយរូប។

លោក ​ចៅ សុខារី​ មាន​អាយុ​ប្រហែល ​៩ ឆ្នាំ​នៅពេល​ដែល​គ្រួសារ​របស់​គាត់​បាន​មក​តាំង​ទីលំនៅស្ថាន​នៅ​សហ​រដ្ឋ​អាមេរិកជាលើក​ដំបូង​នៅ​ទីក្រុង​ Pittsburgh រដ្ឋ Pennsylvania ​ដោយ​មាន​ជំនួយ​ពី​វិហារ​កាតូលិក​ ហើយ​គ្រួសារ​របស់​លោក​ ក៏មាន​ជំនឿ​លើ​សាសនាគ្រិស្ត។ ​គ្រួសារ​របស់​លោក ​បានមករស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​ដែល​កំពុង​រីកចម្រើន​នៅ​ទីក្រុង ​Lowell នៅ​ពាក់​កណ្តាល​ទសវត្សរ៍​១៩៨០។

លោក​បាន​ខិតខំ​សិក្សា ​ហើយ​ទទួល​បាន​អាហារូបករណ៍​ទៅ​សាលា​ Phillips Academy​ និង​ទទួល​បាន​អាហារូបករណ៍​បន្ត​ទៅ​មហា​វិទ្យាល័យ​ Macalester ​ក្នុង​ទីក្រុង ​St. Paul ​រដ្ឋ ​Minnesota ​សិក្សា​ផ្នែក​សេដ្ឋកិច្ច ​និង​វិទ្យាសាស្ត្រ​នយោបាយ៕

XS
SM
MD
LG