គូប្រជែងរបស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងបន្ដប្រជែងនឹងលោកដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ លោក Biden នឹងប្រជែងជាមួយលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont នៅក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋចំនួន៦នៅថ្ងៃអង្គារនេះ។
អ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភារដ្ឋ California ដែលបានដកខ្លួនចេញពីការប្រកួតយកបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាលពីខែធ្នូកន្លងទៅនេះ បានគាំទ្រលោក Biden កាលពីថ្ងៃអាទិត្យ។ អ្នកស្រីបាននិយាយថា អ្នកស្រីមានអារម្មណ៍ថា លោក Biden គឺជាបេក្ខជនដែលបានត្រៀមខ្លួនល្អបំផុតសម្រាប់ស្រោចស្រង់សហរដ្ឋអាមេរិករាល់ពេលដែលមានបញ្ហារង្គោះរង្គើ។
អ្នកស្រី Harris ជារឿយៗត្រូវបានអ្នកវិភាគនយោបាយសហរដ្ឋអាមេរិកលើកឡើងថាអាចជាបុគ្គលម្នាក់ដែលអាចទទួលបានតំណែងជាអនុប្រធានាធិបតីតាមរយៈការសហការជាមួយលោក Biden។ អ្នកស្រីថ្លែងថា សហរដ្ឋអាមេរិកត្រូវការប្រធានាធិបតីម្នាក់ដែលអាច «ឆ្លុះបញ្ចាំងពីសុភាវធម៌និងភាពថ្លៃថ្នូររបស់ពលរដ្ឋអាមេរិកាំងបានជាប្រធានាធិបតីម្នាក់ដែលនិយាយការពិត និងប្រយុទ្ធដើម្បីសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានគេមើលរំលងឬមិនអើពើ»។
អ្នកស្រី Kamala Harris គឺជាអតីតគូប្រជែងទី៦របស់លោក Biden ដែលបានប្រកាសគាំទ្រលោក បន្ទាប់ពីលោក Biden បានឈ្នះលោក Bernie Sanders នៅក្នុងការបោះឆ្នោតបឋមព្រមៗគ្នាហៅថា Super Tuesday នៅក្នុងរដ្ឋចំនួន១៤ ជាមួយនឹងលទ្ធផល១០ទល់នឹង៤៕