សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចូលទិវង្គតនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្នុងប្រទេសបារាំង ក្នុងព្រះជន្ម ៧៧ ព្រះវស្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនិងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបញ្ជាក់តាមសារហ្វេសប៊ុកថាលោកទទួលបានដំណឹងអំពីការសោយទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នេះពីព្រះបរមរាជវាំង។
សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិបានដឹកនាំគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចតាំងពីឆ្នាំ១៩៩២មកនិងបានឆ្លងកាត់ទំនាស់ផ្ទៃក្នុងបក្សជាច្រើនសារដោយមានការទម្លាក់ពីបក្សនិងរស់នៅនិរទេសព្រះកាយក្រៅប្រទេសចំនួនពីរដងមុនពេលដែលព្រះអង្គត្រូវបានថ្វាយតួនាទីជាប្រធានគណបក្សវិញនៅឆ្នាំ២០១៥។
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ ព្រះអង្គបានរងរបួសធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តព្រះសីហនុ។ បន្ទាប់មក ព្រះអង្គបានយាងទៅព្យាបាលព្រះរោគនៅប្រទេសបារាំង រហូតដល់ពេលដែលព្រះអង្គចូលទិវង្គតនេះ។
ទស្សនាកម្រងរូបភាពជីវិតនយោបាយរបស់ព្រះអង្គ៖
សេចក្តីថ្លែងការណ៍របស់គណបក្សដែលបានផ្ញើមកឲ្យវីអូអេខេមភាសាបានឲ្យដឹងថាព្រះសពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនឹងត្រូវយាងដង្ហែមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើបុណ្យក្នុងពេលដ៏ខ្លីខាងមុខ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីទីមួយពីឆ្នាំ ១៩៩៣ រហូតដល់ពេលដែលព្រះអង្គត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារនៅឆ្នាំ ១៩៩៧ ដែលដឹកនាំដោយលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទីពីរនៅពេលនោះ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងសារថាលោកមានក្តីក្តុកក្តួលដែលបានទទួលដំណឹងពីការសោយទិវង្គតនេះ៕