ទីក្រុង Charlotte រដ្ឋ North Carolina — អតីតមន្ត្រីខ្មែរនិងជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ប៉ុក ថន បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្តវិជ្ជមានជិត១ខែ។ ការស្លាប់របស់លោក ប៉ុក ថន បានធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិ អាឡោះអាល័យ សោកស្តាយនិងចងចាំពីកេរដំណែលរបស់លោក ដែលបានតស៊ូដើម្បីជួយសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក និងកម្ពុជា។
សពលោក ប៉ុក ថន ត្រូវគេតម្កល់ទុកនៅក្នុងឈាបនដ្ឋានមួយក្នុងទីក្រុង Houston រដ្ឋ Texasក្រោយពីជំងឺកូវីដ១៩ បានឆក់យកជីវិតលោក។ លោកគឺជាមេដឹកនាំសហគមន៍ខ្មែរអាមេរិកាំងម្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជួយសហគមន៍ខ្មែរនិងសហគមន៍ជនជាតិផ្សេងៗមួយចំនួន នៅសហរដ្ឋអាមេរិកនិងការកែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា។
យោងតាមឯកសារនៅសហរដ្ឋអាមេរិក លោក ប៉ុក ថន អាយុ ៧៧ ឆ្នាំ (អាយុ ៨១ ឆ្នាំ បេីតាមការអះអាងរបស់គ្រួសារ) ដែលមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ បានទទួលមរណភាពកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ក្រោយពេលលោកធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីចុងខែមករា ហើយបានធ្លាក់ខ្លួនឈឺនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់របស់ភរិយា ក្រុមគ្រួសារនិងមិត្តភក្តិ។
ភរិយាលោកប៉ុក ថន គឺអ្នកស្រី ប៉ុក ណណ្តា និងក្រុមគ្រួសារកូនចៅទាំង ៨ នាក់ បានធ្វើតេស្តឃើញវិជ្ជមានទាំងអស់ លើកលែងតែកូនប្រុសម្នាក់។ បច្ចុប្បន្ន អ្នកទាំងអស់កំពុងធ្វើចត្តាឡីស័ក ដើម្បីព្យាបាលជំងឺនេះ ដោយស្ថានភាពធូរស្រាលបន្តិចម្តងៗ។ លោកស្រីអះអាងថា នៅពេលលោកស្រីពិនិត្យឃើញថាបានជាពីកូវីដ១៩ លោកស្រីនឹងរៀបចំពិធីបុណ្យសពតាមប្រពៃណីនិងធំទូលំទូលាយ បើអាជ្ញាធរអនុញ្ញត។
មិត្តភក្តិនិងក្រុមគ្រួសារបានចាត់ទុកថា មរណភាពលោក ប៉ុក ថន បានបន្សល់ទុកនូវមរតកនិងគំរូជាច្រើនដល់អ្នកជំនាន់ក្រោយ។
«គឺថា ជីវិតគាត់គាត់តស៊ូណាស់ ដើម្បីឲ្យឃើញថា ខ្មែរចេះគិតពីខ្មែរ ខ្មែរមានរចនាបទជាអ្វី ហើយមានសេវាខាងរាំ ខាងរៀនអក្សរខ្មែរ»។
លោក ប៉ុក ថន បានមកដល់សហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៧២ ក្នុងនាមជានិស្សិតអាហារូបករណ៍ ហើយបានរៀនសូត្រទទួលបានសញ្ញាបត្រផ្នែកអប់រំវិទ្យាសាស្ត្រ និង ដែលធ្វើកិច្ចការជួយជនភៀសខ្លួនខ្មែរនិងជាតិសាសន៍ចំនួន ១៦ ផ្សេងៗទៀត តាមរយៈការបង្កើតអង្គការសហគមន៍ខ្មែរ (UCC)កាលពីទសវត្សរ៍ ១៩៧០ នៅក្នុងទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។ អង្គការនេះមានសាខាក្នុងទីក្រុងផ្សេងៗទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលឋមានពលរដ្ឋខ្មែររស់នៅច្រើនបំផុតមួយក្នុងសហរដ្ឋអាមេរិក។
លោកស្រី ប៉ុក ណណ្តា បានរៀបរាប់ពីប្រវត្តិការងារលោក ប៉ុក ថន ប្រាប់វីអូអេថា៖
«បន្ទាប់មក គាត់បានបង្កើតសហគមន៍ខ្មែរហ្នឹង។ គាត់យល់ថា ខ្មែរជនភៀសខ្លួនដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកហ្នឹង ជាពិសេសទីក្រុង Long Beach ហ្នឹង ត្រូវការជំនួយខ្លាំង ដោយសារយើងចេញមកពីប្រទេសយើងដោយបាតដៃទទេ ហើយមករស់នៅស្រុកគេមិនចេះភាសា មិនស្គាល់ច្បាប់ទម្លាប់គេអីចឹង យើងត្រូវការជំនួយពីខ្មែរ ដែលបានមករស់នៅមុន»។
លោកស្រី ណណ្តា បានថ្លែងទាំងទឹកភ្នែកនៅពេលរៀបរាប់ពីការលះបង់របស់ស្វាមីរបស់លោកស្រី ចំពោះកិច្ចការមនុស្សធម៌ទាំងនៅសហរដ្ឋអាមេរិក និងការគិតគូរពីប្រទេសកម្ពុជា ថា៖
«គឺថា ជីវិតគាត់គាត់តស៊ូណាស់ ដើម្បីឲ្យឃើញថា ខ្មែរចេះគិតពីខ្មែរ ខ្មែរមានរចនាបទជាអ្វី ហើយមានសេវាខាងរាំ ខាងរៀនអក្សរខ្មែរ»។
អង្គការសហគមន៍ខ្មែរបានជួយជនភៀសដែលមកថ្មីៗលើផ្នែកសេវាកម្មភាសា ផ្ទះសម្បែងសមរម្យធូរថ្លៃ វប្បធម៌ និងផ្នែកសុខមាលភាពសង្គម។ មិនតែប៉ុណ្ណោះអង្គការនេះបានធ្វើការប្រមូលធនធាន ដោយមានការចូលរួមគ្នាជាមួយមិត្តភក្តិរបស់លោក ប៉ុក ថន កសាងអគារមានរចនាបទខ្មែរនៅទីក្រុង Long Beach។ លោកបានចាកចេញទៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចការនយោបាយនិងជួយដល់កម្ពុជាលើវិស័យកែទម្រង់វិស័យអប់រំជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៨ ក្នុងឋានៈជារដ្ឋមន្ត្រីស្តីទីនិងរដ្ឋលេខាធិការក្រសួងអប់រំ មកពីកូតាគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
លោកស្រី ណណ្តា បានថ្លែងបន្តថា គណ:ប្រតិភូដឹកនាំដោយលោក ប៉ុក ថន ដែលមានជនបរទេសនិងខ្មែរ នៅរដ្ឋមួយចំនួនពីសហរដ្ឋអាមេរិក បានបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង នៅចុងឆ្នាំ ១៩៩១ គឺតែមួយខែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដែលជាព្រឹត្តិការណ៍បញ្ចប់សង្គ្រាមស៊ីវិលរវាងភាគីខ្មែរនានា។ បន្ទាប់មក លោកក៏បានសម្រេចចិត្តត្រឡប់ទៅកាន់ប្រទេសកម្ពុជា នៅឆ្នាំ ១៩៩២។
លោកស្រី ប៉ុក ណណ្តា ចាត់ទុកថា ដំណើរមាតុភូមិនិវត្តន៍គឺពិតជាមានសារៈសំខាន់ដល់ជីវិតរបស់លោក ប៉ុក ថន និងលោកស្រីផ្ទាល់។
«ពេលនោះហើយដែលខ្ញុំហើយនិងគាត់បានសម្រេចចិត្តថា យើងត្រូវត្រឡប់ទៅស្រុកកំណើតយើងវិញ ដើម្បីយើងចូលរួមស្ថាបនាក្នុងការរៀបចំប្រទេសយើងវិញ។ យើងក៏សម្រេចចិត្តត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩២»។
សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកនិងនៅកម្ពុជាបានចងចាំជាច្រើនពីការលះបង់របស់អតីតមេដឹកនាំសហគមន៍រូបនេះ។
ដោយបានស្គាល់លោក ប៉ុក ថន តាំងពីឆ្នាំ ១៩៩៦ លោកស្រី ថារី អ៊ុង ខ្មែរអាមេរិកាំងរស់នៅជាយក្រុង Long Beach បាននឹកចាំពីមរតករបស់លោក ប៉ុក ថន។
លោកស្រីថា លោក ប៉ុក ថន បានបង្កើតអង្គការ UCC និងសេវាកម្មជាច្រើន ជាមួយនឹងការពង្រីកសេវាកម្មនេះទូលំទូលាយនៅក្នុងទីក្រុង ៤ ទិញអាគារដ៏ធំមួយសម្រាប់ខ្មែរ ហើយនិងការរួមចំណែកក្នុងប្រទេសកម្ពុជាបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ដែលអង្គការនោះបានផ្តោតលើលទ្ធិប្រជាធិបតេយ្យអភិបាលកិច្ចល្អ និងអំពើពុករលួយជាដើម ក្រៅពីពង្រីកសាខា UCC ដល់កន្លែងអតីតខ្មែរក្រហមផ្តាច់ខ្លួនភ្នំវល្លិ៍ នៅខេត្តកំពត។
លោកស្រី ថារី អ៊ុង បានបន្ថែមថា៖ «កម្មវិធីនេះទទួលបានទទួលការកោតសរសើរយ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជានិងម្ចាស់ជំនួយ»។
លោកស្រីបានអះអាងស្រដៀងគ្នានឹងមិត្តភក្តិនិងក្រុមគ្រួសារដែរថា កម្មវិធីនោះមានដូចជាជួសជុលម៉ូតូ ចិញ្ចឹមសត្វ ជួសជុលម៉ាស៊ីនកង់ នៅតំបន់អតីតយោធាខ្មែរក្រហម និងការផ្តល់ថវិកាសម្រាប់ជាទុនដល់អ្នករៀនជំនាញផ្សេងៗផងដែរ។
លោក ប៉ុក ថន ជាកូនកំព្រាដែលសមាជិកគ្រួសារជាច្រើនរបស់លោកត្រូវខ្មែរក្រហមសម្លាប់។ ប៉ុន្តែលោកមិនបារម្ភពីគ្រោះថ្នាក់ដល់ខ្លួនលោកទេ នៅពេលដែលលោកវិលត្រឡប់ទៅប្រទេសកម្ពុជា បើទោះបីជាស្ថានភាពសន្តិសុខនៅមិនទាន់ល្អ ដោយសារសង្គ្រាមមិនទាន់ចប់ទាំងស្រុងក៏ដោយ។ នេះបើតាមការរៀបរាប់របស់លោក Bryant Sokphanarith Ben រស់នៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា ដែលជាក្មួយរបស់លោក ប៉ុក ថន និងធ្លាប់បានផ្តល់ដំបូន្មានឲ្យលោក ប៉ុក ថន ពីគ្រោះថ្នាក់នៃការវិលចូលកម្ពុជា។
«... គាត់ជាខ្មែរមែន គាត់ធ្វើនេះសម្រាប់ប្រយោជន៍ខ្មែរមួយចំនួនធំ ជាមួយក្រុមគាត់ ខ្ញុំមិននិយាយថា គាត់ម្នាក់ឯងទេ ហើយនិងជនភៀសខ្លួនទាំងអស់»
លោក Bryant Sokphanarith Ben បានបន្ថែមថា៖ «គាត់និយាយពន្យល់ខ្ញុំវិញ គាត់ថា ជីវិតមនុស្សយើងពីអាយុ ១ ឆ្នាំទៅ ២៥ ឆ្នាំ។ គាត់បានរដ្ឋាភិបាលចេញលុយឲ្យគាត់រៀនសូត្រ បានមកដល់បច្ចុប្បន្ន ដូច្នេះឥឡូវគាត់អាយុ ៥០ ហើយ បើគាត់មិនទៅជួយស្រុកទេ បើគាត់មិនទៅជួយវិញទេ មុខជំនាញរបស់គាត់ខាងសិក្សាធិការ មិនដឹងមានពេលណាទេ ដែលគាត់អាចទៅជួយវិញ សូម្បីតែគាត់ទៅវិញហ្នឹង គាត់ចាប់ផ្តើមពីសូន្យម្តងទៀតហើយ។ តែគាត់ថា បើគាត់មិនធ្វើពេលហ្នឹងទេ មិនដឹងពេលណាទេ»។
លោកបានអះអាងថា លោក ប៉ុក ថន ជានិស្សិតរៀនពូកែនិងប្រឹងប្រែងរហូតបានអាហារូបករណ៍មករៀននៅសហរដ្ឋអាមេរិក មុនកម្ពុជាធ្លាក់ចូលក្នុងរបបវាលពិឃាតខ្មែរក្រហមនៅឆ្នាំ១ ៩៧៥។
«គាត់ខំប្រឹងរៀនមកដល់ស្រុកអាមេរិកមានសញ្ញាបត្រអនុបណ្ឌិត ២ ទៅ ៣ បានធ្វើកិច្ចការមួយចំនួនធំ ដូច្នេះគាត់យល់ថា គាត់មានតែចំណេះវិជ្ជា ដែលធ្វើឲ្យមនុស្សយើងមើលឃើញខ្ពស់ ដូចជាស្លាប គឺថាមើលឃើញខ្ពស់ ហើរបានឆ្ងាយអាហ្នឹងជាលក្ខណ:ចរឹតរបស់គាត់។ ហើយច្រើនណាស់ដែលគាត់បានធ្វើសម្រាប់ប្រយោជន៍សម្រាប់មនុស្ស ហើយរឿងមួយដែលគាត់ធ្វើនេះ ដូចខ្ញុំបញ្ជាក់ម្តងទៀត គាត់ជាខ្មែរមែន គាត់ធ្វើនេះសម្រាប់ប្រយោជន៍ខ្មែរមួយចំនួនធំ ជាមួយក្រុមគាត់ ខ្ញុំមិននិយាយថា គាត់ម្នាក់ឯងទេ ហើយនិងជនភៀសខ្លួនទាំងអស់»។
លោក ប៉ុក ថន ទទួលបានសញ្ញាបត្រអនុបណ្ឌិតខាងផ្នែកអប់រំ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាភាគខាងត្បូង (USC) ក្នុងឆ្នាំ ១៩៧៥ និងអនុបណ្ឌិតខាងសុខមាលភាពសង្គម ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក្រុង Los Angeles (UCLA) ក្នុងឆ្នាំ ១៩៨០។
មិត្តភក្តិនិងជាសមាជិកក្រុមស្ថាបនិកអង្គការ UCC ហើយក្រោយមកបានក្លាយជាប្រធានអង្គការ UCC គឺលោក ស ស៊ីថន បានអះអាងថា លោកនិងលោក ប៉ុក ថន បានចាប់ផ្តើមធ្វើការងារជាមួយគ្នាតាំងពីឆ្នាំ ១៩៧៦ ដោយរួមគ្នាបង្កើតអង្គការសហគមន៍ខ្មែរ កាលពីឆ្នាំ ១៩៧៧។ លោកថា លោកមានការគោរពស្រឡាញ់លោក ប៉ុក ថន ពីសមត្ថភាពនិង ភាពហ្មត់ចត់នឹងការងារនិងការលះបង់របស់លោក ក្នុងការបម្រើសហគមន៍ទាំងនៅសហរដ្ឋអាមេរិកនិងនៅប្រទេសកម្ពុជា។
លោកស ស៊ីថន សោកស្តាយដែលបាត់បង់អតីតសហការីនិងជាមិត្តភក្តិ។
«អាហ្នឹងហើយ ដែលគាត់លះបង់ទៅស្រុកខ្មែរហ្នឹង ខ្ញុំឃើញបាទ។ គាត់ទៅជួយកាន់ខាងក្រសួងអប់រំអីហ្នឹង ជាផលប្រយោជន៍មួយធំណាស់ យើងស្តាយរឿងហ្នឹងបាទ»។
លោក ស ស៊ីថន ចាត់ទុកថា នេះជាការបាត់បង់ធនធានមនុស្សដែលមានសមត្ថភាពសម្រាប់ខ្មែរនិងជាមន្ត្រីល្អ ហ៊ានតស៊ូលះបង់គ្រប់បែបយ៉ាង និងជាសាស្ត្រាចារ្យមានចំណេះដឹងជ្រៅជ្រះម្នាក់។
បើតាមក្រុមគ្រួសារនិងញាតិមិត្ត បានឲ្យដឹងថា សពលោក ប៉ុក ថន បានធ្វើពិធីបុណ្យនៅក្នុងប្រទេសកម្ពុជា តាមលក្ខណ:ជាការជួបជុំទ្រង់ទ្រាយតូចទាំងថ្ងៃស្លាប់ និងបុណ្យ ៧ ថ្ងៃ ដោយសារវិធានការរដ្ឋាភិបាលខ្លាចមានការឆ្លងរាតត្បាត។
ប៉ុន្តែសម្រាប់ពិធីបុណ្យ ១០០ ថ្ងៃ ក្រុមគ្រួសារនឹងជូនដំណឹងពីគម្រោងធ្វើពិធីបុណ្យធំ នៅសហរដ្ឋអាមរិក ប្រសិនបើការឆ្លងរាតត្បាតជំងឺកូវីដ១៩ មានភាពធូរស្រាល ហើយវិធានការរបស់រដ្ឋាភិបាលនិងរដ្ឋមិនមានការរឹតបន្តឹង៕