អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយរូបបានអះអាងថា បរាជ័យរបស់ពួកកុម្មុយនិស្តខ្មែរក្រហមគឺដោយសារទំនាស់និងការកាប់សម្លាប់ផ្ទៃក្នុង។
លោក ប៉ិច ជឹម អតីតចៅហ្វាយស្រុកត្រាំកក់ ខេត្តតាកែវ ដែលនៅទីនោះមានការសម្លាប់រង្គាលយ៉ាងខ្លាំងច្រើននោះ បានផ្តល់សក្ខីកម្មក្នុងការកាត់ទោសក្នុងសំណុំរឿង០០២ វគ្គទី២នៅថ្ងៃពុធនេះថា ក្រុមខ្មែរក្រហមបរាជ័យគឺដោយសារតែការបែកបាក់ផ្ទៃក្នុង។
«និយាយមួយម៉ាត់ជូនអង្គការសហប្រជាជាតិដែលមានឯកឧត្តម អស់លោកនៅទីនេះថា វាយតែគ្នាឯងបានជាចាញ់នោះ។ បក្សកុម្មុយនិស្តនេះវាយតែគ្នាឯង»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមត្រូវផ្តួលរំលំដោយកងទ័ពតស៊ូប្រឆាំងរបស់កម្ពុជាដោយមានការគាំទ្រពីកងទ័ពវៀតណាមនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩។
របបកុម្មុយនិស្តខោអាវខ្មៅនេះបានបង្កឲ្យមានការស្លាប់ ការសម្លាប់ប្រជាពលរដ្ឋយ៉ាងតិច១,៧លាននាក់ក្នុងការគ្រប់គ្រងអំណាចជាងបីឆ្នាំ។
មេដឹកនាំខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួនពីរនាក់ដែលកំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២គឺនួន ជា អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋ។ ជនជាប់ចោទទាំងពីរត្រូវផ្តន្ទាទោសម្តងហើយឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងការកាត់ទោសលើកទី១។
លោក ប៉ិច ជឹម រៀបរាប់បន្ថែមថា ការប្រជែងអំណាចគ្នារវាងតាម៉ុក ប្រធានតំបន់នីរតី ដែលក្នុងនោះមានខេត្តតាកែវ និងឈ្មោះស៊ី ដែលជាអនុប្រធានភូមិភាគ និងការបោសសម្អាតខ្សែបណ្ដាញដទៃទៀត បានធ្វើឲ្យមានការកាប់សម្លាប់ជាប្រព័ន្ធ ដែលជាលទ្ធផលនៃការបង្កើតឲ្យមានតុលាការកាត់ទោសបទឧក្រិដ្ឋរហូតដល់រាល់ថ្ងៃនេះ។
«ស៊ីជាអ្នកចេះដឹងដែរ។ រីឯតាម៉ុកជាអ្នកចេះបន្ទាប់ទេ ប៉ុន្តែមុតជាងតាស៊ី។តាម៉ុកជាប្រធានភូមិភាគ។ ស៊ីជាអនុប្រធាន។ តាចុងមកពីកោះកុងជាអនុប្រធានដែរ។ ក្រោយមកតាចុងក៏បាត់ទៅ។ បន្ទាប់មកបាត់ស៊ីទៀត នៅតែតាម៉ុក។ ជម្រាបប៉ុណ្ណឹង។ ហើយបញ្ហាឈ្លោះគ្នា មិនអត់ឱនឲ្យគ្នា មិនអធ្យាស្រ័យគ្នាផ្ទៃក្នុងអញ្ចឹងគឺបញ្ហាដែលអស់លោកកំពុងដោះស្រាយនោះគឺមានមកពីនោះ។ ដោះស្រាយយ៉ាងណាចប់?»
នៅក្នុងការកាត់ទោសនៅថ្ងៃនេះ អតីតចៅហ្វាយស្រុកត្រាំកក់ក៏បានបញ្ជាក់ថា នួន ជាបានបង្ហាត់បង្រៀនគោលនយោបាយដល់កម្មាភិបាលខ្មែរក្រហម ជាពិសេសទាក់ទងនឹងការវាយតម្លៃលើវណ្ណៈ ដូចជាវណ្ណៈខ្មាំង វណ្ណៈជិះជាន់ វណ្ណៈរងអំពើជិះជាន់ជាដើម។
ក្រៅពីនោះលោកប៉ិច ជឹមបានបដិសេធថា មិនមានការបង្ខំឲ្យរៀបការទេ ប៉ុន្តែលោកទទួលស្គាល់ថា មានការរៀបការទាំងហ្វូង និងមានការបោសសម្អាតខ្សែរយៈខ្មាំងជាដើម៕