លោក Luiz Inacio Lula da Silva អតីតប្រធានាធិបតីប្រទេសប្រេស៊ីល ដែលត្រូវកាត់ទោសជាប់ពន្ធនាគារ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងប្រគល់ខ្លួនឲ្យអាជ្ញាធរ។ លោកប្រកាសដូច្នេះមួយថ្ងៃក្រោយពីមានការប្រឈមមុខជាមួយប៉ូលិសដែលមានភារកិច្ចចាប់ខ្លួនលោក។
នៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោកចាប់តាំងមានដីកាចាប់ខ្លួនចេញកាលពីថ្ងៃព្រហស្បតិ៍ លោក da Silva បានប្រាប់ក្រុមអ្នកគាំទ្រថា លោកគ្មានទោសពៃរ៍ទេ ហើយថា លោកជាគោលដៅវាយប្រហារដែលមានបំណងរារាំងមិនឱ្យលោកឈរឈ្មោះធ្វើជាប្រធានាធិបតីម្តងទៀតនៅក្នុងខែតុលា។ លោកមិនបាននិយាយថា ពេលណា ឬកន្លែងណាដែលគាត់នឹងប្រគល់ខ្លួននោះទេ ប៉ុន្តែក្រុមមេដឹកនាំគណបក្សពលកររបស់លោកបានលើកឡើងថា លោកប្រគល់ខ្លួននៅថ្ងៃសៅរ៍។
លោក da Silva ត្រូវជាប់ពន្ធនាគារចំនួន១២ឆ្នាំ ចាប់ពីថ្ងៃសុក្រតាមការផ្តន្ទាទោសពីបទស៊ីសំណូក ប៉ុន្តែលោកបានទៅអគារសហជីពដែកថែបនៅជាយក្រុង Sao Paulo ដែលកាលពីច្រើនឆ្នាំមុនលោកបានចាប់ផ្តើមអាជីពជាមេដឹកនាំពលករ។ នៅពេលដែលអតីតប្រធានាធិបតីឆ្វេងនិយមរូបនេះចូលក្នុងអគារ លោកត្រូវបានអ្នកគាំទ្ររាប់ពាន់នាក់និងសមាជិកនៃគណបក្សពលកររបស់លោកដែលពាក់អាវក្រហមនិងគ្រវីទង់ក្រហមរោមជុំវិញ។ ហ្វូងបាតុករបានរារាំងមិនឱ្យប៉ូលិសចាប់ខ្លួនលោកទេ៕