អតីតប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានសុខចិត្តឱ្យប៉ូលិសចាប់ខ្លួនកាលពីថ្ងៃសៅរ៍គឺមួយថ្ងៃក្រោយពីលោកបានចាប់ផ្តើមបង្កឱ្យមានការប្រឈមមុខគ្នារវាងអ្នកគាំទ្ររូបលោកនិងប៉ូលិស។ តុលាការបានបញ្ជាឱ្យចាប់ខ្លួនលោកដើម្បីយកមកដាក់ពន្ធនាគារ។
លោក Da Silva បានចាកចេញពីអគារដែករបស់ក្រុមសហជីពកម្មករដែលលោកបានរត់ចូលជ្រកកោនហើយមានកងអង្គរក្សជាច្រើននាក់បាននៅការពារ។ មុនពេលប្រគល់ខ្លួនក្រុមអ្នកគាំទ្ររបស់លោកបានព្យាយាមរារាំងលោកមិនឱ្យចាកចេញពីទីនោះទេ។
លោកបានចូលក្នុងរថយន្តប៉ូលិសហើយត្រូវបានដឹកចេញទៅស្ថានីយ៍ប៉ូលិសក្រុង Sao Paolo។ បន្ទាប់ពីនេះលោកនឹងត្រូវគេដឹកតាមយន្តហោះទៅទីក្រុង Curitiba ទីដែលមានការស៊ើបអង្កេតសំណុំរឿងប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសប្រេស៊ីល។
នៅក្នុងសុន្ទរកថាលើកដំបូងចាប់តាំងពីតុលាការបានចេញដីកាចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ លោក Da Silva បានប្រាប់ដល់ក្រុមអ្នកគាំទ្រកាលពីថ្ងៃសុក្រថាលោកមិនមានកំហុសអ្វីទេហើយត្រូវគេបង្កើតរឿងឡើងដើម្បី រារាំងរូបលោកមិនឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីជាថ្មីក្នុងខែតុលា។
លោក Da Silva ត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេល១២ឆ្នាំចាប់ពីថ្ងៃសុក្រពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ៕