ទីភ្នាក់ងារព័ត៌មាន អេភី បានរាយការណ៍ពីទីក្រុងបាងកកមកថា លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) អតីតអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ានបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារជំងឺគាំងបេះដូង។
លោក ស៊ូរិន ពិតសុវណ្ណ មានអាយុ ៦៨ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យប្រទេសថៃ បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក។ លោកត្រូវគេស្គាល់ថាជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសផងដែរក្នុងទសវត្សរ៍១៩៩០ ហើយកេរ្តិ៍ឈ្មោះលោកត្រូវល្បីល្បាញនៅពេលលោកបានក្លាយជាអគ្គលេខាធិការ អាស៊ានចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១២។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃបាននិយាយថា លោក ស៊ូរិន បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សមាគមអាស៊ាន ក៏ដូចជាការលើកកម្ពស់សមាគមអាស៊ានលើឆាកអន្តរជាតិ ហើយនឹងការទទួលស្គាល់ពាសពេញពិភពលោកចំពោះចំណេះដឹង បុគ្គលិកលក្ខណៈ ហើយនឹងបទពិសោធន៍របស់លោក។
កាលពីពីរសប្តាហ៍មុន លោក ស៊ូរិន បានផ្តល់សន្ទរកថាមួយក្នុងសន្និសីទអាស៊ាន ដើម្បីរំលឹកខួប៥០ឆ្នាំនៃសមាគមនេះ៕