ភ្នំពេញ – រដ្ឋាភិបាលប្រទេសកម្ពុជាបន្តការពារអធិបតេយ្យភាពជាតិខ្លួន ដោយបដិសេធមិនទទួលយកជំនួយបរទេសណាដែលបានធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពក្នុងការគ្រប់គ្រងប្រទេស។ ការអះអាងរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ បានធ្វើឡើង នៅគ្រាក្រុមមេដឹកនាំ និងមន្ត្រីរបស់សហរដ្ឋអាមេរិកបន្តបង្ហាញក្តីបារម្ភថា កម្ពុជាអាចជាប់អន្ទាក់យោធារបស់ចិន ដោយសារកម្ពុជាកំពុងត្រូវគេសង្ស័យថាបានផ្តល់ទីតាំងឲ្យមានការសាងសង់កំពង់ផែទឹកជ្រៅមួយសម្រាប់បម្រើសកម្មភាពយោធាចិន។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះ បានប្រាប់ក្រុមមន្ត្រីការបរទេសរបស់សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ឬ (ASEAN) ថាប្រទេសកម្ពុជានឹងមិនលន់តួជាមួយបរទេសដើម្បីយកអធិបតេយ្យភាពជាតិខ្លួនទៅដោះដូរយកជំនួយជាដាច់ខាត ព្រោះកម្ពុជាបានស្គាល់រសជាតិនៃការលំបាកពីអតតីកាលរួចមកហើយ។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាចេញផ្សាយជាសាធារណៈនៅថ្ងៃចន្ទនេះ។
ការលើកឡើងរបស់លោក ប្រាក់ សុខុន យ៉ាងដូច្នេះ កើតមានឡើង ក្នុងពេលលោកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានមួយ ដែលបានធ្វើឡើងនៅខេត្តឈៀងម៉ៃប្រទេសថៃ កាលពីថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានថ្លែងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានការប្រយុទ្ធប្រឆាំងភេរវកម្ម និងហិង្សានិយម រដ្ឋរ៉ាក់ខាញក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា បញ្ហានៅឧបទ្វីបកូរ៉ និងសមុទ្រចិនខាងត្បូង ហើយនិងកិច្ចសហប្រតិបត្តិការរបស់អាស៊ានជាមួយនឹងសហភាពអឺរ៉ុប។
ទាក់ទិនបញ្ហាអធិបតេយ្យភាពជាតិកម្ពុជានោះ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាធ្វើនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានសរសេរក្នុងន័យដើមថា៖
«ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់យ៉ាងមុតមំាថា ប្រទេសកម្ពុជានឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ភាពលំបាកពីអតីតកាលរួចមកហើយ»។
យ៉ាងណាក៏ដោយ លោក ប្រាក់ សុខុន បានបង្ហាញការសោកស្តាយទៅលើការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ ចំពោះការដាក់ចេញនូវវិធានការណ៍ការពារចំពោះការនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
អត្ថាធិប្បាយរបស់លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។
លោកJoseph H. Felter បានប្រាប់ VOA ថាលោកបារម្ភខ្លាចថាកម្ពុជាអាចធ្លាក់ចូលក្នុងអន្ទាក់មូលដ្ឋានទ័ពរបស់ចិន និងបានជំរុញឲ្យកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា។
កាលពីឆ្នាំ២០១៨ សារព័ត៌មានបរទេសមួយឈ្មោះថា Asia Times បានចេញផ្សាយអត្ថបទមួយមានចំណងជើងថា «កម្ពុជានៅចំកណ្តាលសង្គ្រាមត្រជាក់ថ្មី»។ អត្ថបទនោះ បានលើកឡើងពីការវិភាគជាច្រើនដែលអះអាងថា កំពង់ផែថ្មីមួយដែលកំពុងស្ថិតក្នុងការសាងសង់ក្នុងខេត្តកោះកុងរបស់ប្រទេសកម្ពុជា ដែលជាកំពង់ផែទឹកជ្រៅនោះ គឺធំគ្រប់គ្រាន់សម្រាប់សកម្មភាពរបស់កងទ័ពជើងទឹកប្រទេសចិន។
កំពង់ផែដែលកំពុងត្រូវបានសាងសង់ជាមួយនឹងអាកាសយានដ្ឋាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងផ្ទៃដីទំហំជាង៤៥.០០០ ហិកតា ក្នុងខេត្តកោះកុងនោះ ត្រូវគេវិភាគឃើញទៀតថា អាចទទួលនាវាចម្បាំង និងនាវាប្រដេញក្នុងការប្រយុទ្ធដ៏មានសក្ដានុពល និងកប៉ាល់ធំៗផ្សេងទៀតរបស់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន។
ក្រោយការចេញសេចក្តីរាយការណ៍នោះ លោកប្រាក់ សុខុន និងក្រុមមេដឹកនាំវៀតណាមរួមមាននាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc ) និងលោក ផាម ប៊ិញមិញ (Phạm Bình Minh ) រដ្ឋមន្ត្រីការបរទេសវៀតណាមបានព្រមព្រៀងគ្នាថា នឹងមិនអនុញ្ញាតឲ្យមានកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំង ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតឡើយ។
ប្រទេសចិនកាន់កាប់ជិតពាក់កណ្តាលនៃបំណុលបរទេសចំនួន ៦ពាន់លានដុល្លាររបស់កម្ពុជា ហើយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់មួយរបស់កម្ពុជាផងដែរ។ ការវិនិយោគរបស់ចិនកំពុងតែប្រែផ្លាស់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា និងវិស័យល្បែងស៊ីសង ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ។
ក្រៅពីភាពជាម្ចាស់បំណុលរបស់កម្ពុជា និងជាអ្នកវិនិយោគដ៏ធំមួយរបស់កម្ពុជានោះ ក្រុមអ្នកសង្កេតការណ៍នយោបាយ ក៏បានមើលឃើញពីការផ្តល់ជំនួយខាងហិរញ្ញវត្ថុ និងយោធាមកដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោករយៈពេលបួនថ្ងៃក្នុងប្រទេសចិននោះ លោកបានជួបក្រុមមេដឹកនាំចិន និងអ្នកជំនួញចិនជាច្រើននាក់ទៀត។ ក្នុងទស្សកិច្ចដដែលនោះ លោក ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតកម្ពុជា។
ក្នុងជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០១៩កន្លងទៅថ្មីៗនោះ លោកហ៊ុន សែន ត្រូវអង្គភាពព័ត៌មាន Fresh News រាយការណ៍ដោយផ្អែកលើអធិប្បាយរបស់លោកថា «ការជួយរបស់ចិន ដើម្បី ការធ្វើឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាព ទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ដែលមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់រូបភាពទាំងអស់»៕