ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ សេដ្ឋកិច្ច​អាហ្វ្រិក​នឹង​ថយ​ចុះ​នា​ឆ្នាំ​ខាង​មុខ


ផែនទី​បង្ហាញ​ពី​ទ្វីប​អាហ្រ្វិក។ ធនាគារ​ពិភពលោក​និយាយ​ថា កំណើន​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​កម្រិត​ទាប​មួយ​ ដែល​មិន​ធ្លាប់​ត្រូវ​បាន​ឃើញ​ពី​មុន​ ចាប់​តាំង​ពី​ឆ្នាំ២០០៩​មក។
ផែនទី​បង្ហាញ​ពី​ទ្វីប​អាហ្រ្វិក។ ធនាគារ​ពិភពលោក​និយាយ​ថា កំណើន​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​កម្រិត​ទាប​មួយ​ ដែល​មិន​ធ្លាប់​ត្រូវ​បាន​ឃើញ​ពី​មុន​ ចាប់​តាំង​ពី​ឆ្នាំ២០០៩​មក។

ធនាគារ​ពិភពលោក​និយាយ​ថា កំណើន​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​កម្រិត​ទាប​មួយ​ ដែល​មិន​ធ្លាប់​ត្រូវ​បាន​ឃើញ​ពី​មុន​ ចាប់​តាំង​ពី​ឆ្នាំ២០០៩​មក។​ ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នេះ​បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​ទំនិញ​នៅ​លើ​ពិភពលោក។​

ពាក្យ «ទ្វីប​អាហ្វ្រិក​កំពុង​ងើប​ឡើង» ហាក់​ដូច​ជា​ប្រឈម​នឹង​ឧបសគ្គ​មួយ ដោយ​ធនាគារ​ពិភពលោក​ធ្វើ​ការ​ព្យាករណ៍​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីប​នេះ​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៣,៧ ភាគរយ​ នា​ឆ្នាំ​នេះ។

អនុប្រធាន​ធនាគារ​ពិភពលោក​សម្រាប់​ទ្វីប​អាហ្រ្វិក ​លោក Makhtar Diop បាន​និយាយ​ថា កត្តា​បង្ក​ចម្បង​គឺ​មាន​ច្បាស់​ណាស់​ ហើយ​នោះ​គឺ​ការ​ធ្លាក់​ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ពិភពលោក​ ដែលបាន​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​សេដ្ឋកិច្ច​ទ្វីប​អាហ្វ្រិក​ ដែល​ភាគច្រើន​នៃ​សេដ្ឋកិច្ច​នេះ​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម។ លោក​បាន​និយាយ​ថា៖​

«ស្ថានភាព​ខាង​ក្រៅ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​មាន​ការ​ផ្លាស់​ប្តូរ។ យើង​មាន​ការ​ធ្លាក់​ចុះ​មួយ​ភាគ​ធំ​នៃ​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក និង​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​យើង​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ទំនិញ​យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ។ នេះ​បាន​បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​អាហ្វ្រិក»។

លោក​ក៏​បាន​ធ្វើ​ការ​កត់សម្គាល់​ពី​កត្តា​ដទៃ​ទៀត​ផង​ដែរ ដូចជា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​ ការ​រឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​អន្តរជាតិ​ និង​បញ្ហា​ញាំញី​នៅ​តាម​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​អគ្គិសនី​មិន​គ្រប់គ្រាន់។

ប៉ុន្តែ​លោក​ Martyn Davies នាយក​គ្រប់គ្រង​ទីផ្សារ​ដែល​កំពុង​ងើប​ឡើង និង​ទីផ្សារ​ទ្វីប​អាហ្វ្រិក​នៅ​ក្រុមហ៊ុន​ប្រឹក្សា​ Deloitte Frontier Advisory និយាយ​ថា អត្រា​ធ្លាក់ចុះ​នោះ​បាន​កើត​ឡើង​លើ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​សម្បូរ​ទៅ​ដោយ​ធនធាន​ដូចជា​ ប្រទេស​នីហ្សេរីយ៉ា អង់ហ្គោឡា និង​អាហ្វ្រិក​ខាង​ត្បូង។ បណ្តា​ប្រទេស​នៅ​ភាគ​ខាង​កើត​អាហ្រ្វិក​ដែល​មិន​មាន​ធនធាន​ប្រេង ឧស្ម័ន ឬ​រ៉ែ​ច្រើន​ កំពុង​តែ​មាន​សេដ្ឋកិច្ច​ប្រសើរ​ទេ។

ធនាគារ​ពិភពលោក​បាន​ធ្វើ​ការ​ទទួល​ស្គាល់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ដោយ​ចង្អុល​បង្ហាញ​ពី​បណ្តា​ប្រទេស​នានា​ ដែល​មិន​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ធនធាន ដូច​ជា​ ប្រទេស​អេត្យូពី​ (Ethiopia) ប្រទេស​កូតឌីវ័រ​ (Ivory Coast) ប្រទេស​ម៉ូសំប៊ិក​ ( Mozambique) ប្រទេស​រវ៉ាន់ដា (Rwanda) និង​ប្រទេស​តង់សានី (Tanzania) ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧ភាគរយ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ Davies បាន​ធ្វើ​ការ​កត់​សម្គាល់​ថា រាល់​ប្រទេស​នានា​គួរ​តែ​អនុវត្ត​គោលនយោបាយ​ ដែល​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថេរភាព​នៅ​ក្នុង​រយៈពេល​វែង។ លោក​បាន​និយាយ​ថា មធ្យោបាយ​មួយ​នៅ​ក្នុង​ការ​ធ្វើ​ដូច​នេះ​ គឺ​ត្រូវ​ធ្វើ​ឯកជនូបនីយកម្ម​ (ការ​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទៅ​ឲ្យ​ឯកជន) ទៅ​លើ​សហគ្រាស​រដ្ឋ​ដែល​កំពុង​តែ​មាន​បញ្ហា​។ នេះ​ជា​រឿង​មួយ​ដែល​ពិបាក​ទទួល​យក​ណាស់​ប្រសិនបើ​និយាយ​ពាក់ព័ន្ធ​នឹង​នយោបាយ។​

លោក​និយាយ​ថា៖ «នេះ​ត្រូវ​ការ​ការ​ក្រើន​រំលឹក​មួយ​ ដែល​ថា​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​របស់​យើង ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​តំបន់​ដទៃ​ទៀត​ ជាពិសេស​តំបន់​អាមេរិក​ឡាទីន បាន​ងប់ងល់​ទៅ​នឹង​កំណើន​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​តម្លៃ​ទំនិញ​កើន​ហួស។​ ឥឡូវ​នេះ​យើង​ត្រូវ​ងាក​ចេញ​ពី​ស្ថានភាព​ដូច​នេះ គឺ​មិន​គួរ​ងប់ងល់​ពេក​ទេ»។​

អ្នក​សេដ្ឋកិច្ច​បានធ្វើ​ការ​ព្យាករណ៍​ថា តម្លៃ​ប្រេង​នឹង​បន្ត​នៅ​ទាប​ សម្រាប់​ពេល​មួយ​រយៈ​ខាង​មុខ។មាន​ន័យ​ថា ការ​ធ្លាក់​ចុះ​នេះ​អាច​អំណោយ​ផល​បែប​បិទ​បាំង​មួយ​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​អាហ្រ្វិក​ត្រូវ​ស្វែងរក​គន្លឹះ​ដើម្បី​ងាក​ចេញ​ពី​ការ​ដែល​តែង​និយាយ​ពី​ដើម​មក​ថា ​ត្រឹម​តែ​ជា​អ្នក​ផ្គត់ផ្គង់​ធនធាន​ធម្មជាតិ​នៅ​លើ​ពិភពលោក​ ហើយ​ងើប​រើ​ឡើង​ដោយ​ខ្លួន​ឯង​ផ្ទាល់៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG