ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Ford វៀតណាម​ប្រកាស​វិនិយោគ​ថវិកា ៨២ លាន​ដុល្លារ​ដើម្បី​ឱ្យ​វៀតណាម​ងាក​មក​ប្រើ​រថយន្ត​ច្រើន​ជាង​មុន


រូប​ឯកសារ៖ កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន Ford ក្នុង​ខេត្ត Hai Duong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៩។

ក្រុមហ៊ុន Ford ក្នុង​ប្រទេស​វៀតណាម​បាន​ប្រកាស​ថា ខ្លួន​កំពុង​ធ្វើ​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ចំនួន​៨២ លាន​ដុល្លារ​ដើម្បី​បង្កើន​ផលិតកម្ម​របស់​ខ្លួន។ ករណី​នេះ​អាច​ជួយ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម ដែល​និយម​ប្រើប្រាស់​ម៉ូតូ ងាក​ទៅ​ប្រើប្រាស់​រថយន្ត​កាន់តែ​ច្រើន​ជាង​មុន។

ក្រុមហ៊ុន Ford ក្នុង​ប្រទេស​វៀតណាម​បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ប្រើប្រាស់​ទឹក​ប្រាក់​វិនិយោគ​នោះ​ដើម្បី​ទិញ​ម៉ាស៊ីន​មួយ​ចំនួន​ដូចជា រូបយន្ត​ដែល​មាន​ភ្ជាប់​អ៊ីនធឺណិត​ជា​ដើម ក៏​ដូចជា​ដើម្បី​បន្ថែម​កន្លែង​លាប​ពណ៌​រថយន្ត​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​នៅ​ក្រៅ​ក្រុង​ហាណូយ និង​ពង្រីក​កម្លាំង​ពលកម្ម​ឱ្យ​បាន​ជិត​ពីរ​ដង រហូត​ដល់​មាន​ចំនួន​ប្រមាណ ១ ពាន់​នាក់។

ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​ប្រើប្រាស់​ម៉ូតូ​ច្រើន​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​រថយន្ត​កាន់​តែ​មាន​ភាព​ពេញ​និយម​ឡើង ដោយសារតែ​ពលរដ្ឋ​វៀតណាម​កាន់​តែ​ច្រើន​មាន​ថវិកា​ទិញ​រថយន្ត​ទាំង​នោះ​មក​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ឬ​សម្រាប់​រត់​តាក់ស៊ី​ឱ្យ​ក្រុមហ៊ុន Grab។ ក្រុមហ៊ុន Grab ជា​ក្រុមហ៊ុន​តាក់ស៊ី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ស្រដៀង​នឹង​ក្រុមហ៊ុន​តាក់ស៊ី Uber ដែរ។

ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ៩០ លាន​នាក់​មួយ​នេះ បើ​គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​មុន ការ​លក់​រថយន្ត​មាន​ចំនួន​រហូត​ដល់ ៣ សែន ២ ម៉ឺន ២ ពាន់ ៣២២ គ្រឿង ដែល​ជា​ការ​កើន​ឡើង​ចំនួន ១២ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមាគម​រោងចក្រ​ផលិត​រថយន្ត​វៀតណាម។

លោក Pham Van Dung ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Ford វៀតណាម​បាន​និយាយ​ថា៖ «ការ​វិនិយោគ​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ក្នុង​ប្រទេស​វៀតណាម​នឹង​ជួយ​យើង​ឱ្យ​រីកចម្រើន​កាន់​តែ​ខ្លាំង​ជាង​មុន»។ លោក​បាន​បន្ថែម​ថា៖ «យើង​មាន​មោទនភាព​ក្នុង​នាម​ជា​ក្រុមហ៊ុន​បរទេស​ទី​មួយ​ដែល​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម​តាំង​ពី​ឆ្នាំ ១៩៩៥ មក»។

ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិកាំង​មួយ​នេះ​បាន​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​លុបចោល​បម្រាម​ពាណិជ្ជកម្ម​លើ​ប្រទេស​នេះ។

ក្រុមហ៊ុន Ford វៀតណាម​បាន​និយាយ​ថា ខ្លួន​នឹង​ដាក់​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ និង​បង្កើន​សមត្ថភាព​ជិត ៣ ដង ដែល​អាច​ផលិត​រថយន្ត​ចំនួន ៤ ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត Hai Duong នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម។

ការ​កើន​ឡើង​នៃ​ចំនួន​រថយន្ត​នៅ​លើ​ដង​ផ្លូវ​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​មាន​ការ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ការ​បំពុល​ខ្យល់​អាកាស និង​ការ​កកស្ទះ​ចរាចរណ៍។ មាន​មនុស្ស​ជិត ១០ លាន​នាក់​រួច​ទៅ​ហើយ​រស់នៅ​ក្នុង​ទីក្រុង​ហូជីមិញ ដែល​នៅ​ទីនោះ​ការ​កកស្ទះ​ចរាចរណ៍​ច្បាស់​ជា​មិន​អាច​គេច​ផុត​នោះ​ទេ នៅ​ពេល​ពលរដ្ឋ​វៀតណាម​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ក្នុង​ពេល​ចូលឆ្នាំ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ចង់​ឱ្យ​ប្រទេស​វៀតណាម​ពង្រីក​អាជីវកម្ម​ផលិត​រថយន្ត​ក្នុង​ស្រុក​របស់​ខ្លួន។ ក្រុមហ៊ុន​រថយន្ត​ភាគច្រើន​នាំចូល​រថយន្ត​ទាំង​មូល​ពី​ប្រទេស​ថៃ ឬ​ឥណ្ឌូណេស៊ី ឬ​គ្រឿង​បន្លាស់​រថយន្ត​ដើម្បី​ធ្វើ​ការ​ដំឡើង​រថយន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម។ ការ​នាំ​ចូល​បាន​កើន​ឡើង​ ចាប់តាំង​ពី​ពេល​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង ១០ ប្រទេស​ឯកភាព​លុបចោល​ពន្ធ​នាំ​ចូល​លើ​រថយន្ត​នៅ​ក្នុង​ឆ្នាំ ២០១៨។

ក្រុមហ៊ុន Vingroup ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ផលិត​រថយន្ត​វៀតណាម ដែល​មាន​ឈ្មោះ​ថា Vinfast ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ដូចជា BMW និង Bosch។ លោក Pham Nhat Vuong ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Vingroup ថ្មីៗ​នេះ​បាន​និយាយ​ថា លោក​នឹង​ធ្វើ​ការ​វិនិយោគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​របស់​លោក​ចំនួន ២ ពាន់​លាន​ដុល្លារ​ដើម្បី​ធានា​ថា រថយន្ត Vinfast ទទួល​បាន​ជោគជ័យ។

ក្រុមហ៊ុន​នេះ​ត្រូវ​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​ដណ្ដើម​យក​ទីផ្សារ​រថយន្ត​ក្នុង​ស្រុក ដែល​គ្រប​ដណ្តប់​ដោយ​ក្រុមហ៊ុន​រថយន្ត​បរទេស។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Saigon Securities Inc SSI ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ឈ្មួញ​កណ្ដាល។

ក្រុមហ៊ុន Saigon Securities Inc SSI បាន​បញ្ជាក់​នៅ​ក្នុង​ការ​វិភាគ​លើ​ទីផ្សារ​រថយន្ត​ថា៖ «បើ​និយាយ​ពី​ក្រុមហ៊ុន​រថយន្ត​ដែល​ស្ថិត​ក្រោម​សមាគម​រោងចក្រ​ផលិត​រថយន្ត​វៀតណាម ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Honda កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​យក​តំណែង​លេខ​មួយ»។

ក្រុមហ៊ុន Honda ក៏​ធ្វើ​ការ​ផលិត​រថយន្ត​ផង​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​ភាព​ល្បីល្បាញ​ដោយសារ​ម៉ូតូ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម។ ពលរដ្ឋ​វៀតណាម​ហៅ​ម៉ូតូ​របស់​ពួកគេ​ថា​ជា​ម៉ូតូ «Hondas» មិន​ថា​ម៉ូតូ​នោះ​ម៉ាក​អ្វី​នោះ​ទេ។

ចំណែក​ឯ​ក្រុមហ៊ុន Ford វៀតណាម​វិញ ក្រុមហ៊ុន​នេះ​ផ្ដោត​ខ្លាំង​លើ​រថយន្ត​ធម្មតា រថយន្ត​ដឹក​ទំនិញ រថយន្ត​ប្រភេទ sports utility និង​រថយន្ត​ដឹក​មនុស្ស ៧ កៅអី នៅ​ពេល​ដែល​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​សមរម្យ​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​ចំនួន​កាន់​តែ​ច្រើន​ទៅៗ។

ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​និយាយ​ថា ការ​វិនិយោគ​ថ្មី​របស់​ខ្លួន​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​កន្លែង​តម្រឹម និង​សម្រេច រៀបចំ​ឡើង​វិញ​នូវ​កន្លែង​ស្តុក​ទំនិញ​របស់​ខ្លួន និង​បង្កើន​នូវ​ប្រសិទ្ធភាព និង​ប្រតិបត្តិការ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG