ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ពលកម្ម​ដោយ​បង្ខំ​នៅ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ម៉ាឡេស៊ី​បណ្ដាល​ឲ្យ​សហរដ្ឋ​អាមេរិក​បង្កើន​ការ​ដាក់​បម្រាម​នាំចូល


រូបឯកសារ៖ កម្មករម្នាក់កំពុងលីប្រេងដូង ក្នុងអំឡុងពេលប្រមូលផលនៅស្រុក Luwu ខេត្ត South Sulawesi ម៉ាឡេស៊ី កាលពីថ្ងៃទី​ ១១ ខែសីហា ឆ្នាំ ២០០៩។

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​និង​មេដឹកនាំ​អាជីវកម្ម​នានា​បាន​និយាយ​ថា ពួកគេ​កំពុង​ចាត់​វិធានការ ដើម្បី​លុបបំបាត់​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ស្របពេល​ដែល​មាន​ការ​ដាក់​បម្រាម​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​នាំចូល​ទាក់ទិន​នឹង​ការ​រំលោភ​បំពាន​លើ​ពលករ​ចំណាក​ស្រុក ​ដែល​ធ្វើការ​ផ្នែក​ផលិតកម្ម​ស្រោមដៃ​ កៅស៊ូ​ និង​ចំការ​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី។

ទោះ​ជា​យ៉ាងណា​ក៏ដោយ អ្នក​តស៊ូមតិ​ផ្នែក​សិទ្ធិ​ការងារ​និង​អ្នក​វិភាគ​នានា​ បាន​លើកឡើង​ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​និង​មេដឹកនាំ​អាជីវកម្ម​ទាំងនោះ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ច្រើន​នៅ​ឡើយទេ។

ម៉ាឡេស៊ី​ជា​ប្រទេស​ផ្គត់ផ្គង់​នាំមុខ​នៅ​លើ​ពិភពលោក​ផ្នែក​ស្រោមដៃ​កៅស៊ូ​វេជ្ជសាស្ត្រ និង​ជា​ប្រទេស​ផលិត​ប្រេង​ដូង​ច្រើន​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​ឥណ្ឌូណេស៊ី។ វិស័យ​ទាំង​ពីរ​នេះ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ទាក់ទាញ​កម្លាំង​ពលកម្ម​ជាច្រើន​មកពី​បរទេស ដោយ​ហេតុ​ថា​ជនជាតិ​ម៉ាឡេស៊ី​ភាគ​ច្រើន​មិន​ធ្វើការ​ក្នុង​ផ្នែក​នោះ​ ដោយសារតែ​ប្រាក់​កម្រៃ​ទាប ម៉ោង​ធ្វើការ​ច្រើន និង​ការ​ប្រើប្រាស់​កម្លាំង​កាយ​ខ្លាំង។

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​កន្លង​ទៅ​នេះ ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក បាន​ដាក់​បម្រាម​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​ និង​ប្រេងដូង​នាំ​មុខ​ចំនួន ៨ របស់​ម៉ាឡេស៊ី ដែល​ក្នុង​ចំណោម​នោះ ក្រុមហ៊ុន ៤ បាន​រង​បម្រាម​នេះ​ ចាប់​តាំងពី​ខែ​តុលា​ឆ្នាំ​មុន​មក។

បម្រាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារតែ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​រំលោភ​បំពាន​លើ​កម្លាំង​ពលកម្ម ដែល​មាន​តាំងពី​ការ​ធ្វើការ​លើស​ម៉ោង ការ​កាត់​ប្រាក់​ខែ​កម្មករ រហូត​ដល់​ទាសភាព​បំណុល និង​អំពើ​ហិង្សា​លើ​រាងកាយ​ជាដើម។ បទបញ្ជា​បម្រាម​នេះ​ចំនួន ៦ នៅតែ​មាន​សុពលភាព​នៅឡើយ។

ក្រុមហ៊ុន​ម៉ាឡេស៊ី​ទាំងនោះ​បាន​សន្យា​ថា​ នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​ទាំងនេះ ឬ​ក៏​ប្រកាស​អំពី​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កន្លែង​ស្នាក់នៅ​របស់​កម្មករ​ ដែល​មាន​លក្ខណៈ​តូច​ចង្អៀត​និង​ខ្វះ​អនាម័យ សង​ប្រាក់​ដល់​កម្មករ​វិញ​ចំពោះ​ប្រាក់​ដែល​កម្មករ​បាន​បង់​ទៅ​ឲ្យ​អ្នក​ដែល​នាំ​ពួកគេ​មក​ធ្វើការ និង​ការ​កែ​ទម្រង់​ផ្សេងៗ​ទៀត។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ចាត់​វិធានការ​មួយ​ចំនួន​ទៅ​លើ​រឿង​ទាំង​នេះ​ផងដែរ ដោយ​បាន​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​លើ​ច្បាប់​ការងារ​កាលពី​ខែ​តុលា​ឆ្នាំ​មុន ដែល​នឹង​ដាក់​បញ្ជូល​នូវ​ការ​ផាក​ពិន័យ​និង​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ចំពោះ​ការ​រំលោភ​បំពាន​នៃ​ពលកម្ម​ដោយ​បង្ខំ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ជាតិ​លើក​ដំបូង​បង្អស់​របស់​ខ្លួន​ស្តីពី​ពលកម្ម​ដោយ​បង្ខំ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ក្នុង​គោល​បំណង​លុបបំបាត់​ពលកម្ម​ដោយ​បង្ខំ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ។

រូបឯកសារ៖ កម្មករកំពុងធ្វើការនៅក្នុងរោងចក្រផលិតស្រោមដៃនៅរោងចក្រ Top Glove ក្នុងតំបន់ Shah Alam ជាយក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០។
រូបឯកសារ៖ កម្មករកំពុងធ្វើការនៅក្នុងរោងចក្រផលិតស្រោមដៃនៅរោងចក្រ Top Glove ក្នុងតំបន់ Shah Alam ជាយក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០។

កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា​កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​នៃ​ប្រទេស​ម៉ាឡេស៊ី​លោក Saravanan Murugan បាន​និយាយ​ថា លោក​នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំងអស់​ដែល​កំពុង​ប្រឈម​នឹង​បទបញ្ជា​ដាក់​បម្រាម​របស់​សហដ្ឋ​អាមេរិក​នេះ ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​ក្រុមហ៊ុន​ទាំងនោះ​អាច​រៀនសូត្រ​បាន​ពី​ក្រុមហ៊ុន​ដែល​បាន​រួច​ខ្លួន​ពី​ការ​ដាក់​បម្រាម​នេះ។

លោក Lee Hwok Aun ដែល​ជា​អ្នក​ដឹកនាំ​កម្មវិធី​សិក្សា​អំពី​ម៉ាឡេស៊ី​នៃ​វិទ្យាស្ថាន​សិក្សា​កិច្ចការ​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សិង្ហបុរី និង​ជា​អ្នក​តាមដាន​បញ្ហា​ការងារ​របស់​ជន​ចំណាក​ស្រុក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា ពួកគេ​បាន​ស្វែងយល់​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​ពេល​កន្លង​មក ដែល​ថា​ពួកគេ​បាន​បដិសេធ​ឬ​ទាត់ចោល​នូវ​ការ​ដាក់​បម្រាម​នេះ​ដោយសារតែ​ពួកគេ​បាន​ចាត់ទុក​ការ​ដាក់​បម្រាម​នេះ​ថា​ជា​ការ​ធ្វើ​អន្តរាគមន៍​របស់​បរទេស​ដើម្បី​ព្យាយាម​បំផ្លាញ​ប្រទេស​ម៉ាឡេស៊ី​នោះ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​បាន​ជោគជ័យ​នោះទេ»។

ប៉ុន្តែ​លោក Lee Hwok Aun និង​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​ចាត់​វិធានការ​បានតែ​ពាក់​កណ្តាល​តែប៉ុណ្ណោះ។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​អនឡាញ Malaysiakini របស់​ម៉ាឡេស៊ី ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ការងារ​នៅ​ក្នុង​រដ្ឋសភា សមាជិក​សភា​ខាង​គណបក្ស​ប្រឆាំង​លោក Charles Santiago បាន​រិះគន់​ទៅ​លើ​ច្បាប់​នោះ​ថា​មាន​លក្ខណៈ​ធូរលុង​ខ្លាំង​ពេក​ទាក់ទិន​នឹង​បញ្ហា​ពលកម្ម​ដោយ​បង្ខំ។ នៅ​ក្នុង​សំណើ​វិសោធនកម្ម​នោះ ការ​ដាក់​ពិន័យ​អតិបរមា​គឺ​មាន​ការ​ផាក​ពិន័យ​ប្រហែល ២៤.០០០ ដុល្លារ​អាមេរិក​និង​ការ​ដាក់​ពន្ធនាគារ ២ ឆ្នាំ។

លោក Lee Hwok Aun បាន​និយាយ​ថា៖

«សម្រាប់​ខ្ញុំ ករណី​នេះ​មាន​លក្ខណៈ​ស្រប​ជាមួយ​នឹង​រដ្ឋាភិបាល​មួយ​ដែល​មិន​អាច​បដិសេធ​បាន​តទៅទៀត​ចំពោះ​ការ​ផ្លាស់ប្តូរ​ច្បាប់​និង​គោល​នយោបាយ​ដូច​នេះ។ ...ប៉ុន្តែ​របៀប​ដែល​រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​បញ្ហា​ពលកម្ម​ដោយ​បង្ខំ​នេះ​នៅតែ​ជា​ការ​លាក់បាំង​និង​មិន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ»។

នៅ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ពលកម្ម​ដោយ​បង្ខំ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន អង្គការ​ពលកម្ម​អន្តរជាតិ (ILO) របស់​អង្គការ​សហប្រជាជាតិ ដែល​ជា​អ្នក​ជួយ​ជ្រោមជ្រែង​នៅ​ក្នុង​ការ​បង្កើត​ផែនការ​សកម្មភាព​ជាតិ​នេះ​ឡើង បាន​ហៅ​ផែនការ​នេះ​ថា​ជា «ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​មួយ​នៅក្នុង​ការ​លុប​បំបាត់​ពលកម្ម​ដោយ​បង្ខំ» នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ឯកសារ​នៃ​ផែនការ​សកម្មភាព​ជាតិ​នេះ​បាន​ដាក់ចេញ​នូវ​ទស្សនៈ​និង​ទិសដៅ​មួយ​ចំនួន​ដើម្បី​បង្កើន​ការ​យល់ដឹង​ទៅ​លើ​បញ្ហា​ពលកម្ម​ដោយ​បង្ខំ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ច្បាប់ និង​ការ​បញ្ចូល​បន្ថែម​ឬ​ការ​កែ​លម្អ​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ប៉ុន្តែ​ឯកសារ​ទាំងអស់​នេះ​គឺ​មិន​តម្រូវ​តាម​ផ្លូវ​ច្បាប់​ឲ្យ​អនុវត្ត​តាម​នោះទេ ហើយ​សកម្មជន​សិទ្ធិ​ការងារ​នានា​បាន​លើកឡើង​ថា ផែនការ​សកម្មភាព​ជាតិ​នេះ​បាន​ដោះស្រាយ​បាន​តិចតួច​ប៉ុណ្ណោះ​នូវ​បញ្ហា​ចម្បងៗ​ទាក់ទិន​នឹង​ច្បាប់​និង​គោល​នយោបាយ​ការងារ​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចេញ​បណ្ណ​ការងារ​ដែល​ចងភ្ជាប់​ពលករ​ចំណាក​ស្រុក​ទៅ​នឹង​ក្រុមហ៊ុន​ជាក់លាក់​ណា​មួយ​ផងដែរ។

រូបឯកសារ៖ កម្មកម្នាក់កំពុងបេះដូងប្រេងនៅចំការដូងប្រេងមួយកន្លែងក្នុងទីក្រុង Klang ម៉ាឡេស៊ី កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។
រូបឯកសារ៖ កម្មកម្នាក់កំពុងបេះដូងប្រេងនៅចំការដូងប្រេងមួយកន្លែងក្នុងទីក្រុង Klang ម៉ាឡេស៊ី កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។

លោក Andy Hall ដែល​ជា​អ្នក​តស៊ូមតិ​ឯករាជ្យ​ផ្នែក​សិទ្ធិ​ការងារ បាន​និយាយ​ថា៖ «ការពិត​គឺ​ថា​កម្មករ​មិន​អាច​ដូរ​ក្រុមហ៊ុន​ធ្វើការ​បាន មាន​អំពើ​ពុករលួយ​ជាប្រព័ន្ធ ហើយ​កម្មករ​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន​ក្លែងក្លាយ​ដែល​គ្មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវច្បាប់។ បញ្ហា​អស់​ទាំង​នេះ​ដែល​បាន​រួម​ចំណែក​ឲ្យ​មាន​ពលកម្ម​ដោយ​បង្ខំ​គឺ​មិន​បាន​លើកឡើង​នៅ​ក្នុង​ផែនការ​សកម្មភាព​ជាតិ​នោះ​ទេ»។

លោក Andy Hall គឺជា​អ្នក​ដែល​បាន​ជួយ​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​របស់​សហរដ្ឋ​អាមេរិក អំពី​ការ​ចោទ​ប្រកាន់​ជាច្រើន​ដែល​ថា​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​ចំនួន​ដែល​ប្រឈម​នឹង​បម្រាម​របស់​សហរដ្ឋ​អាមេរិក​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ។

លោក​បាន​បន្ថែម​ថា៖ «នេះ​គឺជា​ឯកសារ​ដ៏​ល្អ​មួយ ប៉ុន្តែ...យើង​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​នៃ​ការ​ផ្លាស់ប្តូរ​ទាំងនេះ​ត្រូវ​បាន​គេ​អនុវត្ត​ជាក់ស្តែង​នោះទេ»។

ផែនការ​សកម្មភាព​ជាតិ​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល «ពិចារណា» ចេញ​បណ្ណ​ការងារ​ដែល​មាន​លក្ខណៈ​បត់បែន​ជាង​មុន​ដល់​ពលករ ប៉ុន្តែ​ផែនការ​សកម្មភាព​នេះ​មិន​បាន​ដាក់​កំហិត​លើ​រឿង​នេះ​នោះ​ឡើយ។

លោក Andy Hall បាន​និយាយ​ថា ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ​នឹង​អាច​កើតឡើង​តែ​នៅ​ក្នុង​ពេល​ណា​ដែល​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ចាប់ផ្តើម​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​បញ្ហា​នេះ​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ សកម្មជន សហជីព​ការងារ និង​អង្គការ​សង្គម​ស៊ីវិល​អាច​លើកឡើង​អំពី​បញ្ហា​នេះ ប៉ុន្តែ...នៅ​ចុង​បញ្ចប់ អ្វី​ដែល​សំខាន់​នោះ​គឺ​លុយ យីហោ វិនិយោគិន និង​អ្នក​ទិញ​តែ​ប៉ុណ្ណោះ»។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន លោក Saravanan រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី បាន​ទទួលស្គាល់​នៅ​ចំពោះ​មុខ​រដ្ឋសភា​ថា បញ្ហា​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​នៅ​ក្នុង​ប្រទេស ក្នុង​នាម​ម៉ាឡេស៊ី​ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ទំនិញ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​មួយ។

លោក Harrison Cheng អ្នក​វិភាគ​អំពី​ម៉ាឡេស៊ី​នៃ​ក្រុមហ៊ុន Control Risks ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់​អន្តរជាតិ បាន​ឯកភាព​ចំពោះ​រឿង​នេះ។

លោក​បាន​លើកឡើង​ថា ការ​ផ្ដោត​ជា​ប្រចាំ​របស់​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​ចុងក្រោយ​នេះ បាន​បង្ក​នូវ​ហានិភ័យ «ច្រើន​គួរសម» ដល់​ប្រទេស​ម៉ាឡេស៊ី​ជុំវិញ​ការ​ទាក់ទាញ​វិនិយោគិន​បរទេស។

លោក Harrison Cheng បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ម៉ាឡេស៊ី​ដែល​កំពុង​ប្រឈម​នឹង​បទបញ្ជា​ដាក់​បម្រាម​របស់​សហរដ្ឋ​អាមេរិក គឺ​ពឹងផ្អែក​លើ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​នាំចេញ​រហូត​ដល់​១​ភាគ​៥​នៃ​ការ​នាំចេញ​សរុប​របស់​ខ្លួន។

លោក​បាន​បន្ថែម​ថា ចក្រភព​អង់គ្លេស​និង​ប្រទេស​កាណាដា​ក៏​បាន​ដាក់​បម្រាម​លើ​ការ​នាំចូល​ទំនិញ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ នៅពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​រឿង​ពលកម្ម​ដោយ​បង្ខំ ដែល​នេះ​គឺជា​ការ​បន្ថែម​ភាព​ឈឺចាប់​បន្ថែម​ទៀត​លើ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ទាំងនោះ។

លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា មិន​ថា​ការ​ដាក់​សម្ពាធ​នោះ​នាំ​ឲ្យ​មាន​ការ​កែទម្រង់​ស៊ីជម្រៅ​ឬ​ក៏​យ៉ាង​ណា​នោះទេ គឺ​វា​អាស្រ័យ​លើ​មិន​ត្រឹមតែ​ការ​យក​ចិត្ត​ទុកដាក់​ពី​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​ការ​អនុវត្ត​ជា​ប្រចាំ​នឹង​ប្រសើរ​ជាង​មុន​របស់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ។

ការ​ចុះចូល​នៃ​អ្នក​នយោបាយ [ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត] បាន​ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ចំនួន​ពីរ​ដង​រួច​មក​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ លោក Harrison Cheng បាន​និយាយ​ថា ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​មួយ​លើក​ទៀត​អាច​ប៉ះពាល់​ទៅលើ​ចរន្ត​វិវឌ្ឍ​ទៅ​មុខ​ណា​មួយ​ដែល​មាន​នៅ​ពេល​សព្វថ្ងៃ​នេះ​សម្រាប់​ការ​កែ​ទម្រង់​វិស័យ​ការងារ៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG