ព្យុះសង្ឃរា Florence បានបន្តបក់បោកនៅឆ្នេរសមុទ្ររដ្ឋ North Carolina កាលពីថ្ងៃសុក្រពេលថ្ងៃត្រង់ដោយមានទឹកជំនន់និងខ្យល់ដែលគំរាមកំហែងដល់ជីវិតមនុស្ស ក្រោយពីបក់បោកនៅលើដីគោកនៅព្រឹកថ្ងៃអាទិត្យនៅជិតក្រុង Wrightsville Beach នៅផ្នែកអាគ្នេយ៍នៃរដ្ឋ North Carolina។
លោក Roy Cooper អភិបាលរដ្ឋ North Carolina បាននិយាយថា «ព្យុះសង្ឃរានៅពេលព្រឹកនេះ មានស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុត ហើយ វាកំពុងកាន់តែអាក្រក់ឡើងៗ។ ព្យុះនោះកំពុងបន្តបក់បោកយ៉ាងខ្លាំងនៅទូទាំងរដ្ឋរបស់យើងក្នុងរយៈពេល២-៣ថ្ងៃនេះហើយវានឹងបក់បោកយ៉ាងខ្លាំងនៅលើដីដែរ»។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងព្យុះសង្ឃរាបានប្រាប់ឲ្យដឹងថា ព្យុះសង្ឃរា Florence ឥឡូវនេះកំពុងធ្វើបោកបក់យឺតៗនៅលើដីក្នុងតំបន់ភាគអាគ្នេយ៍នៃរដ្ឋ North Carolina ដោយមានល្បឿនខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងមានសន្ទុះខ្យល់ខ្លាំងជាងនេះ។ ព្យុះនោះត្រូវគេរំពឹងនឹងបន្តបក់បោកឆ្ពោះទៅតំបន់ភាគខាងកើតរដ្ឋ North Carolina នៅយប់ថ្ងៃសុក្រនិងថ្ងៃសៅរ៍។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងព្យុះសង្ឃរាបានប្រាប់ឲ្យដឹងទៀតថា៖ «គេរំពឹងថា ព្យុះនោះនឹងចុះខ្សោយនៅចុងសប្តាហ៍នេះនិងដើមសប្តាហ៍ក្រោយ»។
ព្យុះសង្ឃរា Florence បានធ្លាក់មកនៅព្យុះកម្រិតទី១ មុនពេលវាមកដល់ដីគោក ក៏ប៉ុន្តែ ពួកអ្នកព្យាករណ៍អាកាសធាតុនិយាយថា ព្យុះនេះនៅតែមានលទ្ធភាពគំរាមកំហែងជីវិតមនុស្ស។
ពួកមន្រ្តីនិយាយថា មនុស្សកន្លះលាននាក់មិនមានភ្លើងអគ្គីសនីប្រើប្រាស់នៅក្នុងរដ្ឋ North Carolina កាលពីព្រឹកថ្ងៃសុក្រ ហើយក្រុមហ៊ុនថាមពល Duke Energy បានព្រមានថា អតិថិជនរហូតដល់៣លាននាក់ អាចមិនមានថាមពលប្រើប្រាស់នៅក្នុងរយៈពេល៣-៤ថ្ងៃខាងមុខទៀតនេះ៕