ទឹកជំនន់នៅកម្ពុជាជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ីដែលរហូតដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងតិចចំនួន១៧៦នាក់នៅកម្ពុជា។ នេះបើតាមសម្តីរបស់លោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងបរិដ្ឋាន ដែលបានថ្លែងក្នុងសន្និសីទព័ត៌មានមួយបន្ទាប់ពីសន្និបាតរយៈពេលបីថ្ងៃក្នុងទីក្រុងភ្នំពេញស្ដីពីការប្រែប្រួលអាកាសធាតុកាលពីល្ងាចថ្ងៃពុធ។
លោកម៉ុក ម៉ារ៉េត បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យរបបទឹកសមុទ្រ និងទឹកភ្លៀង មានការផ្លាស់ប្តូរ។
«ទឹកជំនន់នេះពិតជាចេញមកពីការប្រែប្រួលអាកាសធាតុមួយភាគធំពីព្រោះយើងឃើញកំណើនព្យុះ កំណើនកំដៅទឹកសមុទ្រ ឬមួយទឹកសមុទ្រត្រជាក់។ ដូច្នេះវាធ្វើឲ្យមានកំណើនព្យុះច្រើនហើយ កាចជាងមុន។ យើងឃើញថា នេះគឺជាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ»។
កម្ពុជាទទួលរងជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គជាបន្ដបន្ទាប់គ្នាចាប់តាំងពីខែសីហា ហើយបន្ដរហូតមកដល់ខែតុលានេះ។ របាយការណ៍ចុងក្រោយកាលពីថ្ងៃអង្គារ ទី៤ ខែតុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានបង្ហាញថា ចំនួនប្រជាពលរដ្ឋកម្ពុជាស្លាប់កើនដល់១៧៦នាក់នៅក្នុងខេត្តចំនួន១២ ក្នុងចំណោមខេត្តចំនួន១៧ ដែលគ្របដណ្ដប់ដោយទឹកជំនន់។ ខេត្តកំពង់ចាមមានជនរងគ្រោះស្លាប់ច្រើនជាងគេ គឺ៤២នាក់។ បន្ទាប់មកគឺខេត្តព្រៃវែងចំនួន៣៩ នាក់ និងខេត្តកំពង់ធំចំនួន២៧ នាក់។ ប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ជាង២១៥.០០០ គ្រួសារ ក្នុងនោះ ២០.៩១៤ គ្រួសារត្រូវជម្លៀសចេញពីផ្ទះសម្បែង។ ដោយឡែកសន្ទូងចំនួនជាង២៩០.០០០ ហិកតាបានលិចលង់ក្នុងនោះរបាយការណ៍របស់គណកម្មាធិការជាតិគ្រប់គ្រោះមហន្ដរាយបញ្ជាក់ថា សន្ទូងចំនួនជាង ៨៦.០០០ ហិកតាបានខូចខាតទាំងស្រុង។ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមសរុបចំនួន ១.០៩៦ បានលិចលង់។ ភ្លៀងនៅបន្ដធ្លាក់នៅកម្ពុជា ហើយមន្ដ្រីផ្លូវការបញ្ជាក់ថា ទឹកនៅតាមដងទន្លេមេគង្គនិងទន្លេបាសាក់បានឡើងបន្ដិចបន្តួចថែមទៀត។
លោក ប្រាយអិន ឡន់ (Brian Lund) នាយកអង្គការអកស្វាមអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានទាញហេតុផលថា តួលេខនៃការបំផ្លាញដំណាំស្រូវជាង៨ម៉ឺនហិចតានេះស្មើនឹងការបាត់បង់ប្រមាណជា៦០លានដុល្លារនៃដំណាំស្រូវកម្ពុជា។
«ផលប៉ះពាល់គឺនៅទីនេះរួចជាស្រេចទៅហើយ។ នៅក្នុងប្រទេសមួយដូចជាប្រទេសកម្ពុជាបើទោះជាលក្ខខណ្ឌនៃបញ្ហាបម្រែបម្រួលអាកាសធាតុស្ថិតក្នុងភាពច្របូកច្របល់នៅឡើយ ប៉ុន្ដែយើងមានអ្វីៗត្រូវធ្វើច្រើនទៀតសម្រាប់ពង្រីកការយល់ដឹងពីបញ្ហានេះ»។
ជាទូទៅមូលហេតុនៃការប្រែប្រួលអាកាសធាតុក្នុងពិភពលោកត្រូវគេបកស្រាយថា បណ្ដាលមកពី មូលហេតុនៃឧស្ម័នផ្ទះកញ្ចក់។ ក៏ប៉ុន្ដែនៅកម្ពុជា ការកាប់បំផ្លាញព្រៃឈើខុសច្បាប់យ៉ាងរីករាលដាលត្រូវបានមើលឃើញថា ជាផ្នែកមួយដែលនាំឲ្យមានការផ្លាស់ប្ដូរអាកាសធាតុផងដែរ។
លោក ម៉ុក ម៉ារ៉េត មានប្រសាសន៍ដោយមិនបានសំអាងលើហេតុផលនេះទេ ក៏ប៉ុន្ដែលោកឆ្លើយថាព្រៃឈើគឺជាប្រភពជួយការពារដល់ការប្រែប្រួលអាកាសធាតុ។
«ព្រៃឈើជារួមគឺស្រាវជ្រាវទៅឃើញថា មានសារៈសំខាន់ណាស់ក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់។ហេតុដូច្នេះព្រៃឈើមានប្រយោជន៍ក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។
លោក រ៉ាហ្វាអែល ម៉ូរ៉ូណូ ភារធារីអមគណៈកម្មាការអឺរ៉ុបមានប្រសាសន៍ថា ត្រូវតែមានការចាត់វិធានការណ៍រួមគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយវិធាការណ៍នោះត្រូវតែចាប់ផ្ដើមក្នុងពេលឥឡូវនេះ។
លោក ម៉ុក ម៉ារ៉េត អំពាវនាវឲ្យប្រទេសឧស្សាហកម្មជឿនលឿនប្រឹងប្រែងកាត់បន្ថយការបំពុលបរិយាកាសដើម្បីកាត់បន្ថយការកើនឡើងនៃកំដៅពិភពលោក និងបង្កើនជំនួយមូលធន និងបច្ចេកទេសដល់កម្ពុជាបន្ថែមទៀត៕