មនុស្សយ៉ាងហោចណាស់ក៏៥នាក់ដែរ បានត្រូវសម្លាប់នៅពេលដែលកងកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងពិតៗទៅលើពួកបាតុករនៅក្នុងរដ្ឋធានីបាកដាដ។ នេះតាមការបញ្ជាក់របស់ប៉ូលិស និងមន្រ្តីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។
កងកម្លាំងសន្តិសុខបានបាញ់ទៅលើពួកបាតុករដែលបានស្ថិតនៅចម្ងាយ៥រយម៉ែត្រពីការិយាល័យរបស់នាយករដ្ឋមន្រ្តីកាលពីថ្ងៃចន្ទ។ កងកម្លាំងសន្តិសុខ កាលពីពេលមុន បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីកំញ៉ើញពួកបាតុករដែលព្យាយាមទម្លាយរបាំងនៅជិតការិយាល័យនោះ។
មនុស្សយ៉ាងហោចណាស់ក៏២៥០នាក់ដែរ បានត្រូវសម្លាប់ចាប់តាំងពីបាតុកម្មប្រឆាំងរដ្ឋាភិបាលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលាមក។
ពួកមន្រ្តីអ៊ីរ៉ាក់ និយាយកាលពីថ្ងៃចន្ទថា កាលពីយប់ថ្ងៃចន្ទ កងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ពួកបាតុករយ៉ាងតិចណាស់ក៏៤នាក់ដែរនៅក្នុងក្រុងកាបាឡានៃប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីក្រុមបាតុករនោះ បានព្យាយាមឡើងជញ្ជាំងស្ថានកុងស៊ុនរបស់អ៊ីរ៉ង់។
ពួកបាតុករ បានប្រមូលផ្តុំគ្នានៅទីកន្លែងនោះ ចាប់តាំងពីយប់ថ្ងៃអាទិត្យហើយបានស្រែកថា «អ៊ីរ៉ង់ ត្រូវតែចេញពីទីក្រុងកាបាឡា»។
មុនធ្វើការបាញ់ប្រហារ ពួកមន្រ្តី បាននិយាយថា ពួកបាតុករក៏បានចោលរបស់របរចូលក្នុងស្ថានកុងស៊ុលនោះហើយបានព្យាយាមដុតភ្លើងនៅឯស្ថានកុងស៊ុលនោះ។
បាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាកាលពីពេលថ្មីៗនេះនៅទីលានTahrirនៅរដ្ឋធានីបាកដាដនិងនៅទូទាំងតំបន់ភាគខាងត្បូងអ៊ីរ៉ាក់ ដោយបានបិទផ្សារ រោងចក្រ សាលារៀននិងសាកលវិទ្យាល័យនៅក្នុងបាតុកម្មនោះ៕