រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃសុក្រនេះ បានលើកឡើងថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក និងការពិនិត្យមើលការចុះផ្សាយអត្ថបទរបស់សារព័ត៌មាន។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោក ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ បានថ្លែងថា លោកបានបញ្ជាឲ្យអភិបាលខេត្តទាំងអស់បង្កើតទំព័រហ្វេសប៊ុក ដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ លោកចាត់ទុកថា នេះជាយន្តការសំខាន់មួយ ដោយមិនចាំបាច់ទាល់តែជួបមុខគ្នា ទើបទទួលពាក្យបណ្តឹងបាននោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានណែនាំទៅឲ្យអគ្គនាយកអភិបាលខេត្តជាដើម បង្កើតអាក់ខោន(គណនី)ហ្វេសប៊ុករបស់ខ្លួន ដើម្បីនឹងត្រងយកមតិយោបល់ទាំងឡាយរបស់ប្រជាពលរដ្ឋ ដែលគាត់ស្នើ ដែលគាត់សុំ»។
លោក ស ខេង បន្តថា ខ្លួនលោកផ្ទាល់មានក្រុមការងារដែលកំពុងពិនិត្យមើលការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ហើយលោកបញ្ជូនទៅក្រុមអធិការកិច្ចរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយ។ លោកបន្ថែមថា ប្រជាពលរដ្ឋដែលផ្ញើមកហ្វេសប៊ុករបស់លោក គឺ ៩០ ភាគរយហើយ ជាព័ត៌មានពិត ហើយពុំមាន «ការលេបខាយនយោបាយ»នោះទេ។
លោករដ្ឋមន្រ្តីបន្ថែមថាអត្ថបទសារព័ត៌មាន ក៏ជាប្រភពនៃការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋផងដែរ។
លោកមានប្រសាសន៍ថា៖ «ចុះតាមកាសែត ក៏យើងចាត់ទុកជាពាក្យបណ្តឹងដែរ។ វាមិនមែនអនាមិកឯណា។ ព័ត៌មានកាសែត បានន័យថា គេមានប្រភពរបស់គេ។ តាមហ្វេសប៊ុកនានា។ យើងដកស្រង់មក មួយថ្ងៃហ្នឹង មានប៉ុន្មានរឿង ពាក់ព័ន្ធនឹងក្រសួងយើង។ យើងយកអាហ្នឹងមក ដើម្បីចាត់ឲ្យអធិការកិច្ចធ្វើការ ឬមួយក៏ឲ្យទៅសមត្ថកិច្ចណាពាក់ព័ន្ធទៀត ដោះស្រាយ។ ធ្វើមិនអស់ទេ ការងារហ្នឹងច្រើនណាស់»។
លោក អ៊ិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលគ្រប់គ្រងសារព័ត៌មាន VOD មានប្រសាសន៍ថា ការលើកឡើងរបស់រដ្ឋមន្រ្តីមហាផ្ទៃ បង្ហាញពីការឲ្យតម្លៃទៅលើសារព័ត៌មាន ដែលបានផ្ទៀងផ្ទាត់ព័ត៌មានរួចហើយ មុនពេលចុះផ្សាយ។
លោកបន្តថាកន្លងទៅ មន្រ្តីរដ្ឋាភិបាលមួយចំនួននៅតែគិតអវិជ្ជមានចំពោះសារព័ត៌មានឯករាជ្យ ដែលត្រូវបានចោទថា «ប្រឆាំងរដ្ឋាភិបាល»។
លោកមានប្រសាសន៍ថា៖ «អានេះអាចថាជាការក្រើនរំឭកទៅដល់មន្រ្តីរដ្ឋាភិបាលផ្សេងទៀត ដែលកន្លងមក ដែលគាត់មិនសូវឲ្យតម្លៃ ឬក៏មិនយកចិត្តទុកដាក់ទៅលើសារព័ត៌មានឯករាជ្យ ឬក៏សារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រោះថាមន្រ្តីខ្លះ គាត់យល់ថាសារព័ត៌មាន ដែលរាយការណ៍ព័ត៌មានអវិជ្ជមានអំពីរដ្ឋាភិបាល គឺគាត់ចាត់ទុកថា អ្នកប្រឆាំងអីអញ្ចឹងទៅ»។
លោកបន្ថែមថា ក្រោយការបិទសារព័ត៌មាន ដូចជាកាសែត The Cambodia Daily និងអវត្តមានរបស់វិទ្យុអាស៊ីសេរីក្នុងប្រទេសកម្ពុជា ធ្វើឲ្យបាត់បង់ព័ត៌មានល្អៗជាច្រើនដែលមានប្រយោជន៍សម្រាប់សង្គម។
លោកបន្ថែមថា៖ «ទាំងអស់គ្នាបានដឹងហើយថានៅពេលដែលយើងបាត់សារព័ត៌មានវិជ្ជាជីវៈ ដូចជាCambodia Daily អីអញ្ចឹង អាហ្នឹងដូចជាបាត់ប្រភពព័ត៌មានដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋហើយ។(ការថ្លែង) នេះបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គាត់ផ្តល់តម្លៃទៅដល់សារព័ត៌មាន អញ្ចឹងអាចថារដ្ឋាភិបាលពិចារណា ផ្តល់ជាការគាំទ្រទៅលើការបំពេញការងាររបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ»។
អ្នកដែលធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន បានរិះគន់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាថា រឹតត្បិតសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន និងប្រើប្រាស់យន្តការផ្លូវច្បាប់ចាត់វិធានការលើអ្នកសារព័ត៌មាន ដែលគ្រាន់តែរាយការណ៍ព័ត៌មានតាមវិជ្ជាជីវៈរបស់ពួកគេ។
តួយ៉ាងដូចជាករណីតុលាការខេត្តកំពង់ឆ្នាំងបានបើកសវនាការជំនុំជម្រះលើអ្នកសារព័ត៌មានម្នាក់ គឺ លោក សុខ ឧត្តម ដែលត្រូវបានប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូប។ លោក សុខ ឧត្តម ដែលជាម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន និងជាអ្នកសារព័ត៌មានម្នាក់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់» និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មួយថ្ងៃបន្ទាប់ពីលោកបានផ្សាយព័ត៌មានតាមហ្វេសប៊ុក ទាក់ទងនឹងទំនាស់ដីធ្លីក្នុងខេត្តកំពង់ឆ្នាំង។
កាលពីខែសីហា ឆ្នាំ២០២០ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអំពាវនាវកុំឲ្យចាត់ទុកអ្នកសារព័ត៌មានជា «អ្នកប្រឆាំង» ដោយសារការសរសេរអត្ថបទអវិជ្ជមានអំពីរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «មន្រ្ដីគឺជៀសដាច់ខាត(ថា)ឲ្យតែគេសរសេរអាក្រក់សុទ្ធតែពួកប្រឆាំង ឈប់អាហ្នឹងមួយ ត្រូវចោលត្រូវចោលកន្លែងហ្នឹង។ ត្រូវមើលថា គេសរសេរហ្នឹងពិតទេ ហើយបើពិត ពិតដល់ត្រឹមណា យើងដោះស្រាយយ៉ាងម៉េច។ នេះជាការសំខាន់ មិនមែន(និយាយ)ស្វ័យប្រវត្តិភ្លាម អាណាសរសេរអាក្រក់សុទ្ធតែអ្នកប្រឆាំង ជួនកាល(អ្នក)ប្រឆាំងខ្លះ គេនិយាយត្រូវតើ»។
កាលពីថ្ងៃច័ន្ទ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងបណ្តុំសមាគមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ៥៦ ផ្សេងទៀត បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យ និងផ្តល់សេរីភាពពេញលេញដល់ពួកគេ។ ពួកគេបានស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន ដែលពួកគេថា «គ្មានមូលដ្ឋាននិងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។
ជាការឆ្លើយតប នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងព័ត៌មានលើកឡើងថាការចាប់ខ្លួនអ្នកសារព័ត៌មាន គឺ«អនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់» មិនមែនរំលោភបំពាន និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ។
ពាក់ព័ន្ធនឹងយន្តការនៃការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោក អំ សំអាតនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាប្រជាពលរដ្ឋមិនដឹងថាកន្លែងណា ដែលពួកគាត់អាចដាក់ពាក្យបណ្តឹង ហើយអាចដោះស្រាយបញ្ហាដែលពួកគាត់ជួបប្រទះ។ លោកបន្តថា ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏យឺតយ៉ាវផងដែរ រហូតដល់ពួកគាត់បាត់បង់ជំនឿចិត្ត។
លោកថ្លែងប្រាប់ VOA ថា៖ «ដោយសារតែបញ្ហាហ្នឹងហើយ កន្លងទៅយើងឃើញថា ប្រជាពលរដ្ឋមួយចំនួន គាត់តែងតែរត់រកអង្គការសង្គមស៊ីវិល ដើម្បីឲ្យជួយគាត់បង្ហាញផ្លូវ ឬក៏ជួយគាត់នៅក្នុងបញ្ហាដែលកើតឡើងចំពោះពួកគាត់។ ខ្ញុំគាំទ្របើសិនជាការឲ្យបង្កើតជាប្រព័ន្ធបណ្តាញហ្វេសប៊ុក ដើម្បីទទួលពាក្យបណ្តឹងរបស់ពួកគាត់។ ក៏ប៉ុន្តែអាការបង្កើតហ្នឹង វាជារឿងងាយស្រួល ក៏ប៉ុន្តែអារឿងដែលសំខាន់ហ្នឹង គឺការអនុវត្តថា តើទទួលនូវបណ្តឹងរបស់គាត់ហើយ អាជ្ញាធរមូលដ្ឋានអាចបម្រើសេវាសាធារណៈទាន់ចិត្ត សម្រាប់ប្រជាពលរដ្ឋដែលគាត់បានដាក់ពាក្យបណ្តឹងដែរឬទេ»។
លោក អំ សំអាត បន្តថាកន្លងទៅប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឬអ្នកមានអំណាច អាជ្ញាធរថ្នាក់ក្រោម មិនអាចដោះស្រាយជូនពួកគាត់បានទេ រហូតដល់ពួកគាត់ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ជាដើម៕