នាង Olive Ebido-Gregorio មន្ត្រីគ្រប់គ្រងធនធានតាមឆ្នេរក្នុងក្រុង Masinloc បាននិយាយថា ក្រុង Masinloc ជាក្រុងមួយដែលមានមនុស្សរស់នៅចំនួន៤៩.០០០នាក់នៅលើកោះ Luzon តាមបណ្តោយឆ្នេរសមុទ្រចិនខាងត្បូង។ ក្រុងនេះកំពុងពង្រឹងការការពារត្រី និងផ្កាថ្មនៅលើផ្ទៃឆកសមុទ្រមានទំហំ ៧.៥៦០ ហិកតា។
នាងបាននិយាយថា ស្ថានភាពនៃផ្កាថ្មនៅក្នុងឆកសមុទ្រនេះប៉ះពាល់ដល់ត្រីដែលហែលកាត់សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគ.ម. ហើយ៤០ ភាគរយនៃអំបូរត្រីនានានៅក្នុងសមុទ្រនេះមានប្រភពមកពីក្រុង Masinloc។ ប្រទេសព្រុយណេ ចិន ម៉ាឡេស៊ី តៃវ៉ាន់ ហ្វីលីពីន និងវៀតណាមបានទាមទារផ្នែកខ្លួះ ឬផ្នែកទាំងមូលនៃសមុទ្រ ដើម្បីបុព្វហេតុនេសាទ។
ផ្កាថ្មប៉ប្រះទឹកជាជម្រកសំខាន់របស់ត្រី
នាង Ebido-Gregorio និយាយថា «យើងមានការរួមចំណែកដ៏ធំទៅលើផ្កាថ្មប៉ប្រះទឹក មិនមែនតែនៅក្នុងប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរួមចំណែកយ៉ាងច្រើននៅក្នុងតំបន់ត្រីកោណដែលមានផ្កាថ្ម ដូចជា ប្រទេសឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ ផ្កាថ្មប៉ប្រះទឹកនេះក៏ប្រហែលជាអាចរួមចំណែកដល់ជីវចម្រុះនៃប្រទេសដទៃទៀតនៅជិតខាងនេះផងដែរ»។
បើយោងតាមរបាយការណ៍របស់ទស្សនាវដ្តី National Geographic នៅពាក់កណ្តាលឆ្នាំ២០១៦ សមុទ្រនេះបានផ្តល់ទិន្នផលត្រីចំនួន១៦,៦ លានតោនជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលកំពុងតែធ្លាក់ចុះដោយសារតែការនេសាទលើសកម្រិត។
ការថយចុះទិន្នផលនេសាទ
ក្រុមឆ្មាំសមុទ្រក្នុងស្រុកបានប៉ាន់ស្មានថា នៅក្រុង Masinloc ទិន្នផលនេសាទបានធ្លាក់ចុះ៥០ ភាគរយចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ។
នាង Ebido-Gregorio បាននិយាយថា ការនេសាទច្រើនហួសកំណត់ កំណើនប្រជាជនដ៏លើសលប់ និងបម្រែបម្រួលអាកាសធាតុ បានប៉ះពាល់ដល់បរិស្ថានរស់នៅរបស់សត្វសមុទ្រ។ នាងបានបន្តថា ពលរដ្ឋប្រមាណ ៣.០០០នាក់ ដែលបានចុះបញ្ជីធ្វើពាណិជ្ជកម្មនេសាទ បានប្រើប្រាស់សារធាតុសូដ្យូមសាយ៉ាណែត និងម៉ាស៊ីនបញ្ជូលឧស្ម័ន ដែលទាំងអស់នេះជារបស់ខុសច្បាប់ ដើម្បីនេសាទនៅតាមបណ្តោយឆ្នេរក្រុង Masinloc។
មេបញ្ជាការក្រុមឆ្មាំសមុទ្រនិយាយថា ទូកបរទេសនៅក្បែរក្រុងនេះក៏ប្រើប្រាស់មធ្យោបាយខុសច្បាប់ដើម្បីនេសាទផងដែរ។
ជម្លោះអំពីការទាមទារសមុទ្រចិនខាងត្បូងនៅតែបន្ត
ប្រទេសចិនក៏បានហាមឃាត់នាវាហ្វីលីពីនមិនឲ្យចូលទៅកាន់តំបន់ថ្មប៉ះប្រះទឹក Scarborough Shoal ដែលមានចម្ងាយ១៩៨គ.ម.ពីក្រុង Masinloc ផងដែរ។ ប្រទេសចិន និងហ្វីលីពីនជាប់ក្នុងជម្លោះលើអធិបតេយ្យភាពតំបន់ថ្មប៉ប្រះទឹកនេះ និងដែនសមុទ្រមួយភាគនៅតាមឆ្នេរខាងលិចនៃប្រទេសហ្វីលីពីន។
អ្នកនេសាទក្នុងក្រុង Masinloc និយាយថា ការមិនអាចចេញចូលតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បានបង្ខំពួកគេឲ្យទៅនេសាទនៅក្បែរបណ្តោយឆ្នេរហ្វីលីពីន ទីដែលទិន្នផលត្រីមានចំនួនតិច ដោយសារតែការនេសាទច្រើនហួសកម្រិត។ តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ត្រូវបានគេឲ្យតម្លៃខ្ពស់ ដោយសារតែមានចំនួនត្រីជាច្រើននៅទីនោះ។
លោក Raul Canumuy អ្នកនេសាទវ័យ៤៤ឆ្នាំម្នាក់ បាននិយាយនៅពេលដែលលោកជួយប្រមូលផលនេសាទនៅឆ្នេរក្រុង Masinloc ថា៖ «លោកខឹងខ្លាំងណាស់ ដោយសារតែត្រីឥឡូវនៅឆ្ងាយៗណាស់»។ លោកបាននិយាយដោយចង្អុលទៅផ្ទៃទឹកនៅក្បែរឆ្នេរថា៖ «ពីមុនត្រីមាននៅជុំវិញនេះទេ ប៉ុន្តែឥឡូវនេះពួកវានៅចម្ងាយ ៦៤គ.ម.ពីនេះឯណោះ»។
ក្រុង Masinloc ប្រែក្លាយទៅជាក្រុងទេសចរណ៍
មន្ត្រីទេសចរណ៍ម្នាក់របស់ក្រុងនិយាយថា វិស័យទេសចរណ៍បានជំនួសឲ្យការនេសាទត្រីនៅក្នុងក្រុង Masinloc បានខ្លះៗ។ មនុស្សប្រមាណ ៥០០នាក់ក្នុងមួយខែ បានទៅទស្សនាតំបន់អភិរក្សចំនួនពីររបស់ឆកសមុទ្រនេះ គឺកោះព្រៃកោងកាងដែលមានផ្ទៃដី៧,៥ហិចតា និងជម្រកសត្វសមុទ្រ San Salvador Marine Sanctuary។
អ្នកទេសចរជិះទូកតូចៗកម្សាន្តសម្រាប់រយៈពេលជាងកន្លះថ្ងៃ។ ពួកគេមកពីគ្រប់ទីកន្លែងនៃប្រទេសហ្វីលីពីន និងកន្លែងផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក។
កិច្ចខិតខំប្រឹងប្រែងដើម្បីការពារសមុទ្រ
ចំណាត់ការរបស់ក្រុងដើម្បីធានាសម្រស់ និងបរិស្ថានសមុទ្របានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៨៩ ដោយមានការប្រកាសដាក់ជាតំបន់ការពារដំបូងនៅតំបន់ឆកសមុទ្រតាមបណ្តោយឆ្នេរកោះ Luzon ដែលមានក្រុង Masinloc ស្ថិតនៅទីនោះដែរ។ ឥឡូវនេះតំបន់ចំនួន៤ត្រូវបានដាក់ជាតំបន់ការពារ ដើម្បីជួយសង្គ្រោះផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង ដែលជាជម្រកត្រី។
ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ក្រុងនេះបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដែលផ្តល់មូលនិធិដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់ការថមថយគុណភាពបរិស្ថាននៅសមុទ្រចិនខាងត្បូង។ ជាង៣ឆ្នាំកន្លងមក ក្រុងនេះបានធ្វើការជាមួយនឹងក្រុងនៅជាប់ឆ្នេរសមុទ្រចំនួន ១១ ផ្សេងទៀត និងអង្គការមិនស្វែងរកប្រាក់ចំណេញផ្នែកបរិស្ថាននៅប្រទេសហ្វីលីពីនដើម្បីគ្រប់គ្រង ឬហាមឃាត់ការនេសាទ។
ទោះជាយ៉ាងណានៅក្នុងខែមិថុនា ក្រុងនេះបានរកឃើញការខូចខាតផ្កាថ្មនៅកន្លែងចំនួនបីនៅតំបន់ការពារ ដែលអាចគំរាមកំហែងដល់ការទិន្នផលត្រី និងអំបូរសត្វ ដែលអ្នកទេសចរចង់ឃើញពេលទៅជ្រមុជទឹកលេងនៅក្នុងតំបន់នោះ។
កិច្ចការពារបន្ថែមត្រូវបានគ្រោងឡើងសម្រាប់ឆ្នាំក្រោយ។
ការនេសាទត្រូវបានគេផ្អាកមួយរយៈសិនដើម្បីបង្កើនចំនួនត្រីឡើងវិញ
ប្រទេសចិនព្យាយាមគ្រប់គ្រងទិន្នផលត្រី តាមរយៈការផ្អាកការនេសាទប្រចាំឆ្នាំចាប់តាំងពីឆ្នាំ១៩៩៥មក។ ចាប់ពីខែឧសភា ដល់ខែសីហាក្នុងឆ្នាំនេះ ប្រទេសចិននឹងប្រកាសពីការផ្អាកការនេសាទនៅលើផ្ទៃសមុទ្រទូទាំងតំបន់ភាគខាងជើងនៃខ្សែស្របទី១២។
តំបន់នេះក៏ជាតំបន់ដែលទាមទារដោយវៀតណាម តៃវ៉ាន់ និងហ្វីលីពីនផងដែរ។ ការហាមនឹងចូលជាធរមានចាប់ពីខែឧសភា ដល់ខែសីហា។
លោក Fabrizio Bozzato អ្នកស្រាវជ្រាវផ្នែកកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់និយាយថា ប៉ុន្តែប្រទេសដទៃទៀតយល់ថា ការផ្អាកការនេសាទនេះជាការបញ្ជាក់ពីអំណាចរបស់ចិន។ អ្នកនេសាទនៅក្រុង Masinloc និយាយថា ពួកគេមិនមានគម្រោងគោរពតាមនោះទេ។
រដ្ឋាភិបាលក្រុងប៉េកាំងបានសាងសង់កោះសិប្បនិម្មិតជាច្រើននៅសមុទ្រចិនខាងត្បូងសម្រាប់ជាការប្រើប្រាស់របស់យោធា រួមទាំងប្រព័ន្ធរ៉ាដាដែលអាចចាប់បាននូវសកម្មភាពរបស់ប្រទេសផ្សេងៗនៅលើដែនសមុទ្រនេះ និងបញ្ឈប់ប្រទេសទាំងឡាយណាដែលខ្លួនយល់ថា បានធ្វើការរំលោភបំពាន។
លោក Bozzato បាននិយាយថា «ការផ្អាកការនេសាទមួយរយៈនេះត្រូវបានណែនាំឡើងក្នុងគោលបំណងការពារកុំឲ្យមានការថយចុះចំនួនត្រីបន្ថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង។ បញ្ហាគឺថា ការហាមឃាត់ការនេសាទនេះជាសកម្មភាពឯកតោភាគី។ ភាគីនេសាទផ្សេងទៀតនៅតំបន់សមុទ្រចិនខាងត្បូងមិនបានយល់ព្រមជាមួយនោះទេ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ