រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យប្រជាពលរដ្ឋប្រញាប់ទិញត្រីមកធ្វើប្រហុក ផ្អក ឬត្រីឆ្អើរក្នុងរយៈពេលប្រាំថ្ងៃទៅមុខទៀតនេះ ដើម្បីត្រៀមបម្រុងទុកសម្រាប់បរិភោគប្រចាំឆ្នាំ នៅពេលដែលកម្រិតទឹកហូរចេញពីបឹងទន្លេសាបបានស្រកចុះខ្លាំងនៅដើមខែធ្នូ ឆ្នាំ ២០១៩ នេះ។
រដ្ឋបាលជលផលបានថ្លែងបញ្ជាក់ក្នុងសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី ៥ ខែធ្នូនេះថា ការស្រកចុះយ៉ាងលឿននៃកម្រិតទឹកហូរចេញពីបឹងទន្លេសាបនោះ «មិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក»ទេ។ ការណ៍នេះនឹងធ្វើឲ្យប្រជាពលរដ្ឋតាមដងទន្លេសាបអាចនេសាទត្រីបានច្រើន ក្នុងរយៈពេល៥ថ្ងៃ ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល «ប្រសិនបើមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ»។
សេចក្តីជូនដំណឹងបានសរសេរថា៖ «យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញទិញត្រីក្នុងខែមិគសិរ [ឬខែធ្នូ]នេះ ឲ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ»។
លោក សូយ កែវ លេខាសហគមន៍នេសាទបឹងទន្លេសាប កោះព្រែករាំងសីល នៃខេត្តពោធិ៍សាត់ បានប្រាប់ VOA ថា ការនេសាទត្រីប្រហុកនៅខេត្តពោធិ៍សាត់ ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះហាក់មានសន្ទុះច្រើន ប៉ុន្តែនៅតែមានផលតិចជាងឆ្នាំមុន។
«កន្លងមកវាអត់សូវបានដែរ ប៉ុន្តែរយៈពេលពីរថ្ងៃបីថ្ងៃនេះ រៀងគ្រាន់ត្រូវ ត្រូវត្រីប្រហុកតាំងពីធ្លាក់ខ្យល់មក»។
អ្នកនេសាទ ដែលរស់នៅស្ថិតនៅជាប់បឹងទន្លេសាបនេះ បន្ថែមថា៖ «ឆ្នាំហ្នឹងវាមិនសូវសម្បូរដូចមុនទេ! ទីមួយកត្តាទឹកឡើង វាអត់ថេរ ដូចតាមខែមុនៗហ្នឹងណា៎។ ធ្លាប់មុនហ្នឹង ដល់ខែវាត្រូវឡើង វាឡើង។ ដល់ឆ្នាំនេះ វាអត់ឡើង។ ត្រីវាអត់បានចូលព្រៃពងកូន។ វាអត់សូវសម្បូរនៅហ្នឹង»។
VOA មិនអាចទាក់ទងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
រដូវធ្វើត្រីប្រហុកឆ្នាំ ២០១៩ និង ២០២០ ចាប់ផ្តើមពីខែធ្នូរហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ អំឡុងពេលដែលទឹកទន្លេសាបចាប់ផ្តើមហូរស្រកចេញទៅកាន់ទន្លេមេគង្គវិញ។ ប្រជានេសាទតាមដងបឹងទន្លេសាប និងអ្នកជំនាញកសិកម្ម មានការព្រួយបារម្ភចំពោះការធ្លាក់ចុះផលនេសាទត្រីប្រហុកនៅក្នុងដើមរដូវនេសាទនេះ ដោយសារតែកម្ពស់ទឹកមានកម្រិតទាប និងមានការស្រកលឿននោះ។
អ្នកជំនាញផ្នែកកសិកម្ម និងជាអតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជាលោក យ៉ង់ សាំងកុមា កត់សម្គាល់ថា ត្រីប្រហុកដែលជាមុខម្ហូបចម្បងសម្រាប់ប្រជាពលរដ្ឋខ្មែរអាចនឹងមានតម្លៃខ្ពស់ក្នុងឆ្នាំនេះ។
«អ៊ីចឹង ជាទូទៅវាជារឿងមួយសំខាន់ណាស់សម្រាប់ខ្មែរយើងណា៎ រឿងធ្វើត្រីប្រហុកហ្នឹង។ តែយើងបារម្ភណា៎! បារម្ភខ្លាច វាមិនសូវសម្បូរត្រី ហើយបើវាសម្បូរ តិចតួចអីក៏វាអាចថ្លៃ តម្លៃអាចខ្ពស់ ប៉ុន្តែយើងចាំមើលវាតិចទៀតសិនណា៎»។
យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំខែតុលា និងទិសដៅអនុវត្តន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសម្រាប់ការនេសាទទឹកសាប ដាយត្រី ឬក៏ទីតាំងប្រមូលផលត្រី អនុវត្តបាន ២.៥៤០ តោនស្មើនឹង ២១ ភាគរយនៃផែនការ ១២.០០០ តោន ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ គឺមានការថយចុះ ៣៣០ តោន៕