ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​រដ្ឋាភិបាលថា​ កម្ពុជា​មិន​ទាន់​អាច​ទទួល​យក​ជនភៀស​ខ្លួន​បន្ថែម​ទៀត​ទេ


រូបភាព​នៃ​គេហដ្ឋានដែល​មាន​របង​បិទ​ជិត និង​មាន​អ្នក​យាម ​ដែល​ជន​ភៀសខ្លួន​មក​ពី​កោះ​ណូរូ​បាន​រស់​នៅ។ (ផន បុប្ផា/VOA Khmer)

ខណៈ​ពេល​ដែល​មន្រ្តី​កម្ពុជា​និយាយ​ថា​ ​ក្នុង​ពេល​បច្ចុប្បន្ន​កម្ពុជា​នឹង​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​នោះ​ ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ទទួល​យក​ជនភៀស​ខ្លួន​នេះ​មិន​មាន​ភាព​រង្គោះ​រង្គើរ​ទេ។

រយៈ​ពេល​ជាង​ពីរ​ខែ​មក​ហើយ​ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ក្រុម​ដំបូង​នៃ​ជន​ភៀស​ខ្លួន​ពី​កោះ​ Nauru​ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ចម្រូង​ចម្រាស​ស្តី​ពី​ការ​ផ្ទេរ​ជនភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​សហគមន៍​អ៊ាស៊ាន។

ខណៈ​ពេល​ដែល​មន្រ្តី​កម្ពុជា​និយាយ​ថា​ ​ក្នុង​ពេល​បច្ចុប្បន្ន​កម្ពុជា​នឹង​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​នោះ​ ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ទទួល​យក​ជនភៀស​ខ្លួន​នេះ​មិន​មាន​ភាព​រង្គោះ​រង្គើរ​ទេ។​

កិច្ច​ព្រម​ព្រៀង​នេះ​មាន​ភាព​ចម្រូង​ចម្រាស​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​មក​ម្ល៉េះ។សហគមន៍​សិទ្ធិ​មនុស្ស​ជាច្រើន​បាន​និយាយ​ថា ​ប្រទេស​អូស្រ្តាលី​បាន​រំលោភ​លើ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​អន្ដរ​ជាតិ​ស្តី​ពី​ជនភៀស​ខ្លួន​ ដោយ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​យក​ជនភៀស​ខ្លួន ​ជាពិសេស​បើ​ផ្អែក​ទៅ​លើ​ភាព​ក្រី​ក្រ​របស់​ប្រទេស​កម្ពុជា​ និង​កំណត់ត្រា​សិទ្ធិ​មនុស្ស​មិន​ល្អ​របស់​ប្រទេស​នេះ។​

ជន​ភៀស​ខ្លួន​បួន​នាក់​ដែល​មក​ពី​កោះ​ប៉ាស៊ីហ្វិក​ខាងត្បូង​នៃ​កោះ​ Nauru​ ត្រូវ​បាន​ប្រគល់​ទៅ​អង្គការ​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍​ (IOM) នៅ​ខែមិថុនា​ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​តាំងទី​លំនៅ។ ​

លោក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា​ ជន​ភៀស​ខ្លួន​ទាំង​នេះ​កំពុង​រៀន​ភាសា​ខ្មែរ និង​«សុខ​សប្បាយ​ណាស់»​ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​គេ​ដាក់ឱ្យ​ទៅរស់​នៅ​ដោយ​ខ្លួន​ឯង​ ឬ​ធ្វើ​«សមាហរណ​កម្ម»​ចូលក្នុងសង្គម​នៅ​ឡើយ​ទេ។​ កម្ពុជា​នឹង​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែមទៀត​ទេ​ រហូត​ទាល់​តែ​ជនភៀស​ខ្លួន​ទាំង​បួន​រូប​នេះ​អាច​រស់​នៅ​បាន​ដោយ​ខ្លួន​ឯង។​

ទោះ​យ៉ាង​ណា ​លោក​ ខៀវ សុភ័គ ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​នៅ​ក្នុង​កាសែត ​ The Cambodia Daily​ ក្នុង​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​មិន​មាន​ផែនការ​ទទួល​យក​ជនភៀស​ខ្លួន​បន្ថែម​ទៀត​ទេ។​

លោក​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា៖​«ទទួល​បាន​កាន់​តែ​តិច​កាន់​តែ​ល្អ»។​ លោកស្រី​ Julie Bishop​ រដ្ឋ​ម​ន្រ្តី​ការ​បរទេស​អូស្រ្តាលី​ បាន​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​គឺ​នៅ​តែ​កំពុង​បន្ត។ ​លោក​ស្រី​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ទីក្រុង​ស៊ីដនី​ថា៖ ​«យើង​រំពឹង​ថា​ មនុស្ស​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បាន​តាំង​លំនៅ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា»។​

លោកស្រី​បាន​និយាយ​ថា​ ប្រទេស​អូស្រ្តាលី​កំពុង​បញ្ជូន​សារ​ទៅកាន់​ក្រុម​អ្នក​ជួញ​ដូរ​មនុស្ស​ ហើយ​នឹង​ប្រជាពលរដ្ឋ​ដែលត្រូវ​ក្រុម​ជួញ​ដូរ​មនុស្ស​«បោកប្រាស់»​ថា ​ពួក​គេ​នឹង​បាន​តាំង​លំនៅ​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី​នោះ។​

ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ីរ៉ង់​បីនាក់ និង​ Rohingya ​ម្នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​មិថុនា ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ខែ​កញ្ញា។ សារព័ត៌មាន​ The Guardian ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​ បាន​រាយ​ការណ៍​ថា ​ប្រទេស​អូស្រ្តាលី​បាន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​ជា​ទឹក​ប្រាក់​ចំនួន​៥៥លាន​ដុល្លារ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ប៉ុន្តែ​លោក ខៀវ សុភ័គ​ បាន​និយាយ​ថា​ មិន​មាន​ការប្រើប្រាស់​ក្នុង​ការ​ផ្ទេរ​ជនភៀសខ្លួន​នោះ​ទេ។​

គាត់​បាន​និយាយ​ថា៖​ «យើង​ធ្វើ​ការងារ​នេះ​ក្នុង​នាម​មនុស្ស​ធម៌»។ ​

លោក​បាន​និយាយ​ថា ​ប្រទេស​អូស្រ្តាលី​បាន​ផ្តល់​ជំនួយ​ជា​ធម្មតា​របស់​ខ្លួន។

«លុយ​ពាក់ព័ន្ធ​នឹង​ជន​ភៀសខ្លួន​អត់​មាន​មួយ​រៀល​ទេ»។​

លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា ​រដ្ឋាភិបាល​មិន​បាន​ពិចារណា​អំពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​នោះ​ទេ​ នា​ពេល​បច្ចុប្បន្ន​នេះ។ ​លោក​បាន​ថ្លែង​ថា៖ ​«និយាយ​រួម ​ឥឡូវ​នេះ​ យើង​មិន​បាន​គិត​ផែន​ការនាំ​ចូល​ថ្មី​នោះ​ទេ»។​

លោកបន្តថា​ ការ​ទទួល​យក​ជនភៀស​ខ្លួន​បន្ថែម​ទៀត​នឹង​កើត​ឡើង​ បន្ទាប់​ពី​ជន​ភៀស​ខ្លួន​បួន​នាក់​ ដែល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ​អាច​ធ្វើ​សមាហរណកម្មចូល​ក្នុង​សង្គម​បាន។

«ពួក​គេ​កំពុង​តែ​រៀន​វប្បធម៌។ បន្ទាប់​ពី​នោះ ​យើង​នឹង​រក​កន្លែង​ឲ្យពួក​គេ​នៅ»៕

XS
SM
MD
LG