អតីតស្ត្រីទី១ដែលកំពុងឈរឈ្មោះប្រកួតប្រជែងចូលកាន់តំណែងប្រធានាធិបតី បានឡើងលើវេទិកាយុទ្ធនាការរួមជាមួយនឹងស្ត្រីទី១ នាពេលបច្ចុប្បន្នជាលើកទី១ កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលការស្ទង់មតិបានបង្ហាញថា ការប្រកួតប្រជែងចូលកាន់តំណែងនៅក្នុងសេតវិមានកាន់តែមានសភាពខ្លាំងក្លាឡើង។
លោកស្រី Michelle Obama ប្រមូលក្រុមអ្នកបោះឆ្នោតនៅក្នុងទីក្រុង Winston-Salem រដ្ឋ North Carolina អមជាមួយនឹងសុន្ទរកថាដ៏រញ្ចួលចិត្តនិងបណ្តុះស្មារតីដែលបានក្លាយជានិមិត្តសញ្ញារបស់លោកស្រី ចាប់តាំងពីលោកស្រីចាប់ផ្តើមធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីជួយដល់លោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ។
លោកស្រីបានថ្លែងថា៖ «លោកស្រី Clinton មានបទពិសោធន៍ និងយល់ដឹងអំពីភាពជាប្រធានាធិបតីជាងបេក្ខជនណាៗទាំងអស់នៅក្នុងជីវិតរបស់យើង។ លោកស្រីយល់ដឹងអំពីភាពជាប្រធានាធិបតីជាងលោក បារ៉ាក់ អូបាម៉ា និងជាងលោក Bill Clinton ទៅទៀត។ ដូច្នេះហើយលោកស្រី ពិតជាត្រៀមខ្លួនរួចរាល់ក្នុងការក្លាយខ្លួនទៅជាអ្នកដឹកនាំប្រទេសនេះនៅថ្ងៃទី១តែម្តង។ ហើយមួយវិញទៀត លោកស្រីគឺជាស្ត្រីមួយរូបផងដែរ»៕