ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clinton ចំណាយ​ថវិកា​ទ្វេ​ដង​​លើស​លោក Trump


លោកស្រី Hillary Clinton ថ្លែង​នៅ​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​មណ្ឌល​ Fort Hayes Metropolitan Education Center ក្នុង​ក្រុង Columbus រដ្ឋ​ Ohio កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton ថ្លែង​នៅ​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​មណ្ឌល​ Fort Hayes Metropolitan Education Center ក្នុង​ក្រុង Columbus រដ្ឋ​ Ohio កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton កំពុង​តែ​ចំណាយ​ថវិកា​ទ្វេដង​លើស​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណៈរដ្ឋ នៅ​ក្នុង​យុទ្ធនាការ​ប្រកួតប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក Trump បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោក​ពេញ​ចិត្ត​នឹង​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក​លើស​ពី​នេះ​ទៅ​ទៀត​នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​ពីរ​សប្តាហ៍​ចុង​ក្រោយ​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត​នៅថ្ងៃទី៨ ខែវិច្ឆិកា​ខាងមុខ​នេះ។

របាយការណ៍​ធ្វើ​ឡើង​ដោយ​បេក្ខជន​ទាំង​ពីរ​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញថា ​លោកស្រី Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកដែល​ទំនង​នឹង​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​សហរដ្ឋ​អាមេរិកនោះ បាន​រៃអង្គាស​ថវិកា​ជិត​៩៥០លាន​ដុល្លារ​ ហើយ​នៅ​មានថវិកា​ចំនួន​ប្រមាណ ១៧៨ លាន​ដុល្លារ​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​កញ្ជក់​ទូរទស្សន៍ និង​ដើម្បី​ស្វែង​រក​សំឡេង​ឆ្នោត​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត។ យុទ្ធនាការ​របស់​លោក​ Trump រៃ​អង្គាស​បាន​ថវិកា​ប្រហែល ៤៤៩លាន​ដុល្លារ​ ហើយ​លោក​នៅ​សល់​តែ​៩៧លាន​ដុល្លារ​ទៀត​តែ​ប៉ុណ្ណោះ។
លោក Trump ដែលជា​មហាសេដ្ឋី​អចលនទ្រព្យ​មួយ​រូប​ កាលពី​ថ្ងៃពុធ​បាន​សម្ភោធ​ សណ្ឋាគារ​ទំនើប​របស់​លោក​ដែល​ស្ថិត​នៅ​តែ​ប៉ុន្មាន​ប្លុក​ប៉ុណ្ណោះ​ពី​សេតវិមាន​ជា​ផ្លូវ​ការ​ ហើយ​លោក​ប្រាប់​ទូរទស្សន៍ CNN ថា លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក​ចំនួន ១០០លាន​ដុល្លារ​ទៅ​លើ​យុទ្ធនាការ​របស់​លោក។

លោក Trump ​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​ចាំបាច់​នោះ»៕

XS
SM
MD
LG