មន្ទីរពេទ្យឯកជនមកពីប្រទេសជប៉ុនដំបូងគេ ត្រូវបានបើកសម្ពោធន៍ជាផ្លូវការកាលពីថ្ងៃអង្គារទី២០ខែកញ្ញាក្នុងទីក្រុងភ្នំពេញ ខណៈពេលប្រជាពលរដ្ឋខ្មែរដែលមានជីវភាពធូរធាររួមទាំងក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផង បាននិងកំពុងរកសេវាថែទាំសុខភាពនៅក្រៅប្រទេស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរីរៀងរាល់ប្រាំមួយខែម្ដងជាទៀងទាត់នោះ បានប្រកាសនៅក្នុងឱកាសសម្ពោធន៍មន្ទីរពេទ្យថ្មីនេះថា មន្ទីរពេទ្យជប៉ុននេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងមូលសម្រាប់ការព្យាបាលសុខភាពនោះទេ វាថែមទាំងបានបញ្ជាក់ប្រាប់អ្នកវិនិយោគថា កម្ពុជាជាទីកន្លែងមានស្ថិរភាពនយោបាយ ដែលជាគ្រឹះសំខាន់នៃទំនុកចិត្តសម្រាប់ការវិនិយោគនានាទៀតផង។
«ការណ៍ដែលយើងមានមន្ទីរពេទ្យខ្នាតខ្ពស់បែបនេះ វាមិនគ្រាន់តែជាបញ្ហាដាច់ដោយលែករបស់ប្រជាពលរដ្ឋកម្ពុជានោះទេ តែវាបង្កើតបានជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគ និងសម្រាប់អ្នកទេសចរណ៍ ដែលមានប្រាក់ហើយមកពីចម្ងាយ។ គេត្រូវដឹងថាមុនពេលដែលគេមកវិនិយោគ ឬមកទេសចរណ៍នៅកម្ពុជា តើមានមន្ទីរពេទ្យនិងមានសេវាគ្រប់គ្រាន់ដើម្បីសង្គ្រោះគេឬទេ?»។
មន្ទីរពេទ្យជប៉ុនថ្មីដែលមានឈ្មោះថា សាន់រាយ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនេះ មានគ្រែចំនួន៥០សម្រាប់ទទួលព្យាបាលនិងថែទាំអ្នកជំងឺ។
លោក ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតពេទ្យរាប់សិបនាក់ និងដៃគូរអភិវឌ្ឍន៍ជប៉ុននាឱកាសសម្ពោធន៍មន្ទីរពេទ្យជប៉ុនដែលមានតម្លៃទឹកប្រាក់ចំនួន៣៥លានដុល្លារនេះថា លោកប្រាថ្នាចង់ក្លាយជាអ្នកជំងឺដំបូងគេនៃមន្ទីរពេទ្យនេះ ទោះបីជាក្រោយមក លោកថ្លែងបញ្ជាក់ថា លោកនឹងត្រឡប់មកគេហដ្ឋានលោកវិញដើម្បីបំពេញការងារដ៏មមាញឹករបស់លោកនោះ។
«ខ្ញុំគិតថា ចង់ក្លាយជាអ្នកជំងឺលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះតែម្ដង។ដោយសារតែឥឡូវនេះ ការពិតខ្ញុំកំពុងតែគ្រុនទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ២២០០០០នាក់ដែលបានធ្វើដំណើរទៅទទួលការព្យាបាលជំងឺនៅក្រៅប្រទេសជារៀងរាល់ឆ្នាំ។
អ្នកស្រី លឹម ឆេង អាយុ៤៧ ជាមេផ្ទះមួយរូបនៅរាជធានីភ្នំពេញប្រាប់VOA ថាអ្នកស្រីមានបទពិសោធន៍មិនល្អតាមរយៈការព្យាបាលរបស់ពេទ្យនៅកម្ពុជា។
នៅឆ្នាំ២០១១ អ្នកស្រីបានសម្រេចចិត្តយកម្ដាយរបស់អ្នកស្រីទៅព្យាបាលនៅទីក្រុងហូជីមិញប្រទេសវៀតណាម បន្ទាប់ពីស្ថានភាពរបស់ម្ដាយអ្នកស្រីមានសភាពធ្ងន់ធ្ងរ នៅគ្រាដែលការចំណាយពេលព្យាបាលនៅគ្លីនិកឯកជនមួយចំនួននៅរាជធានីភ្នំពេញ មានតម្លៃថ្លៃនិងមិនអាចទុកចិត្តបាន។
«មកពីជំងឺគាត់ធ្ងន់ទៅៗ។ ទៅពេទ្យខ្មែរបានពីរបីហើយ។ បើសិនជាឈឺជំងឺតិចតួចអីខ្ញុំចេះតែទៅបាន។តែពេលឈឺធ្ងន់ធ្ងរហើយ ទាល់តែយើងយកទៅវៀតណាម បានយើងទុកចិត្ត ច្បាស់លាស់។ យើងមិនថាបង្អាប់ខ្មែរអីទេ ប៉ុន្តែវាអញ្ចឹង»។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយនឹងចាប់ផ្ដើមផ្ដល់សេវាកម្មពិគ្រោះជំងឺនៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ដោយប្ដេជ្ញាផ្ដល់សេវាកម្មនិងការព្យាបាលដើម្បីអភិវឌ្ឍន៍សេវាថែទាំវេជ្ជសាស្ត្រដ៏ប្រសើរមួយដល់ប្រជាជនកម្ពុជា។ នេះបើតាមការអះអាងរបស់ប្រធានមន្ទីរពេទ្យនេះ គឺលោកវេជ្ជបណ្ឌិត Yoshifumi Hayashi។
បើតាមខិតប័ណ្ណព័ត៌មានរបស់មន្ទីរពេទ្យនេះ នៅក្នុងប្រទេសកម្ពុជា សម្រាប់ពលរដ្ឋ ១០០០០ នាក់ មានពេទ្យចំនួនតែ ១,៧ នាក់ និងគ្រែសម្រាកព្យាបាលចំនួនតែ៧ប៉ុណ្ណោះ ដើម្បីបម្រើនិងទទួលព្យាបាលជំងឺពួកគេ បើប្រៀបធៀបទៅនឹងប្រទេសជប៉ុន ដែលមានចំនួនពេទ្យ២៣នាក់ និងគ្រែចំនួន១៣៧ សម្រាប់ចំនួនពលរដ្ឋក្នុង១០០០០នាក់ដូចគ្នា។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លើកឡើងថា ប្រជាពលរដ្ឋក្រីក្រមិនអាចទៅរកសេវាថែទាំសុខភាពតាមបែបស្តង់ដារខ្ពស់ដូចដែលលោកនាយករដ្ឋមន្ត្រីនិងអ្នកដែលមានជីវភាពធូរធារដទៃទៀតនោះទេ។
លោកថា ពួកគេនឹងនៅតែជួបប្រទះការលំបាកក្នុងការព្យាបាលជំងឺ បើសិនជាមិនមានសេវាពេទ្យដែលមិនបង់ថ្លៃនិងមានគុណភាពនោះ។
«ប្រជាពលរដ្ឋខ្មែរអ្នកមាន អាចទៅរកបាន។ប្រជាពលរដ្ឋខ្មែរអ្នកក្រីក្រ អត់អាចទៅបានទេ។ហើយអ្នកមានទាល់តែគេមានខ្លាំងទៅទៀត។ បើសិនគ្នាអ្នកក្រីក្រទេ គឺគ្នាមន្ទីរពេទ្យរដ្ឋប៉ុណ្ណាគឺប៉ុណ្ណឹង។ គឺគ្នាបញ្ចប់ការព្យាបាលប៉ុណ្ណឹងហើយ។ អញ្ចឹងបានថា អតុល្យភាពការទទួលបានសេវាសុខាភិបាល វាអត់មានសមភាព។ វាអត់មានតុល្យភាពនឹងគ្នា»។
លោកបន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃដូចៗគ្នា។
«មានលុយក៏ដោយ ត្រូវទទួលបានសេវាសុខភាពដូចៗគ្នា ព្រោះតម្លៃជីវិតមានតម្លៃស្មើគ្នា ហើយរស់នៅក្នុងសង្គមដែលមានរបបនយោបាយតែមួយ អញ្ចឹងគាត់ត្រូវទទួលបានស្មើគ្នា»។
ទោះបីជា មានមន្ទីរពេទ្យឯកជនដែលដំណើរការដោយអ្នកវិនិយោគពីក្រៅប្រទេសបែបនេះក្ដី ប្រជាពលរដ្ឋមួយចំនួនដែល VOA បានធ្វើការសម្ភាសន៍នោះ ថ្លែងថា ពួកគេនៅមិនទាន់មានការទុកចិត្តដដែលទៅលើសេវាកម្មមន្ទីរពេទ្យទាំងនោះដដែល។
លើសពីនេះ ពួកគេនិយាយថា តម្លៃព្យាបាល អាចខ្ពស់ជាង តម្លៃព្យាបាលនៅក្រៅប្រទេស ដូចជាប្រទេសថៃ និងវៀតណាម៕