លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃព្រហស្បតិ៍នេះទទួលស្គាល់ពីភាពអសកម្មមួយចំនួនក្នុងវិស័យសុខាភិបាលកម្ពុជា រួមទាំង ឥរិយាបថមិនល្អ និងការប្រើប្រាស់សម្តីគំរោះគំរើយរបស់ ក្រុមគ្រូពេទ្យមួយចំនួន ចំពោះអ្នកជំងឺផងដែរ។
ថ្លែងក្នុងពិធីបិទអង្គសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមគ្រូពេទ្យទំាងនោះធ្វើការផ្លាស់ប្តូរឥរិយាបថ និងពិនិត្យក្រមសីលធម៌របស់ខ្លួន ដែលជាប្រធានបទមួយដ៏ចម្បង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យសុខាភិបាលកម្ពុជាក៏ដូចជាគ្រូពេទ្យដទៃ។
«យើងទទួលស្គាល់នូវការខ្វះចន្លោះ និងសម្តីភាពឆ្មើងឆ្មៃ មួយចំនួនដោយ គ្រូពេទ្យជាបុគ្គល មិនមែនជាវិស័យសុខាភិបាលទេ។ អញ្ចឹងយើងត្រូវទទួលយ៉ាងដូច្នេះ។ យើងត្រូវកែប្រែឥរិយាបថទាំងអស់នោះ។ ព្រោះធ្លាប់តែសម្តីអាក្រក់ យើងបន្ថយអា សម្តីអាក្រក់ទាំងអស់នោះគឺវាបានបាត់ទៅហើយ។ ពិបាកបំផុតគឺថាយើងអត់មានថ្នាំមាន ស្អីៗនោះទេ ទើបវាពិបាក។ ហើយចុះបើមានថ្នាំមានអី គ្រាន់តែកុំនិយាយអាក្រក់ទៅបានទេ? គ្រាន់តែប៉ុណ្ណឹងទេតើ? វាអត់មានអីពិបាកទេ»។
ទោះបីយ៉ាងណាលោកថា គ្រូពេទ្យដែលមានសីលធម៌មិនល្អទាំងនោះ មានចំនួនតូចតែប៉ុណ្ណោះ។ នាថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាឲ្យ ស្ថាប័នសុខាភិបាលនិងមន្ទីរពេទ្យទទួលព្យាបាលអ្នកជំងឺដោយមិនមានការរើសអើង បើទោះជាអ្នកក្រីក្រគ្មានប្រាក់កាសក៏ដោយ។
ការលើកឡើងរបស់លោក ហ៊ុន សែន កើតមានឡើងក្រោយពីមានការរិះគន់ធ្ងន់ៗ និងកិច្ចពិភាក្សាជាសាធារណៈ ទាក់ទិននឹងការជឿជាក់ របស់ពលកម្ពុជាក្នុងវិស័យសុខាភិបាលនិងសីលធម៌របស់ គ្រូពេទ្យកម្ពុជា ជាពិសេសការព្យាបាលអ្នកជំងឺដោយយកកម្រៃខ្ពស់ផងដែរ។
ជាវេជ្ជបណ្ឌិតមួយរូប និងអ្នកជំនួញដ៏មានទ្រព្យធនម្នាក់មកពីសហរដ្ឋអាមេរិក លោក គួច ម៉េងលី បានសាទរចំពោះការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងការដំណើរទៅមុខក្នុងការកែទម្រង់វិស័យដ៏មានសារៈសំខាន់នេះ។
លោក គួច ម៉េងលី ដែលធ្លាប់រិះគន់ វិស័យសុខាភិបាលផងនោះបានប្រាប់ VOA នាថ្ងៃព្រហស្បតិ៍នេះថា៖ «យើងថាជាចំណុចចាប់ផ្តើម ពញ្ញ៉ាក់អាម្មណ៍ការកែតម្រូវ ប៉ុន្តែបើយើងទើបតែចាប់ឥឡូវ ហើយឲ្យ គេទៅអស្ចារ្យភ្លាមវាមិនអាចទៅកើតនោះទេ។ ក៏ប៉ុន្តែយ៉ាងហោចណាស់ យើងនៅមានស្មារតីនូវការរៀបចំ នូវការដាស់តឿន នូវការចរាចរណ៍ ដើម្បីឲ្យខាងបុគ្គលិក របស់ក្រសួង សុខាភិបាលហ្នឹងមានការពញ្ញ៉ាក់អាម្មណ៍ បន្ទន់ឥរិយាបទ ទន់ភ្លន់ មានសីលធម៌ ដែលថាមួយចំនួនដែលគេបានលើកឡើងមកនឹងឲ្យមានការកែ។ យ៉ាងហោចណាស់ក៏ចេញពីសម្តីរបស់សម្តេចដែរ ដែលថាគាត់យល់ ទទួលឃើញថាមានការកង្វះខាត»។
វេជ្ជបណ្ឌិតរូបនេះ ឲ្យយោបល់ផងដែរថាគ្រូពេទ្យដែលមិនមានសីលធម៌ល្អគួរតែរៀនសូត្រពីថ្នាក់ដឹកនាំឬក៏ក្រុមគ្រូពេទ្យដែលមានសីលធម៌ល្អ ដើម្បីពង្រឹងវិស័យសុខាភិបាលឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្តីបន្ទោសចំពោះកង្វះនៃគ្រូពេទ្យជំនាញនៅកម្ពុជា ដែលបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនចំណាយថវិកាទៅធ្វើការព្យាបាលនៅក្រៅប្រទេស។ លោកបានបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចូលក្រុមគ្រូពេទ្យឯកទេសដែលក្រោមអាយុ៣៥ឆ្នាំ ទៅក្នុងក្របខណ្ឌ មន្ត្រីរាជការផងដែរ។
«យើងត្រូវការណាស់ដោយសារតែគ្រូពេទ្យឯកទេសហ្នឹង។ ដោយសារតែខ្វះ គ្រូពេទ្យឯកទេស ហ្នឹងហើយ បានជាយើងតែងតែបញ្ជូនអ្នកជំងឺ ទៅព្យាបាលនៅខាងក្រៅ ប៉ុន្តែ យើងមានគ្រូពេទ្យឯកទេសបែរជា គ្រូពេទ្យឯកទេសដែលរៀនខ្ពស់ មិនអាចចូលក្របខណ្ឌរដ្ឋបាន»។
យ៉ាងណាមិញ លោក គួច ម៉េងលី យល់ថាកំណែទម្រង់លើវិស័យសុខាភិបាលកម្ពុជាដ៏ស៊ីជម្រៅមួយ និងប្រសិទ្ធភាពការងារនៃវិស័យនេះនឹងអាចជួយទាក់ទាញប្រជាពលរដ្ឋកម្ពុជា ឲ្យវិលមកប្រើប្រាស់សេវាសុខាភិបាលក្នុងស្រុកវិញ។
«ដូចខ្ញុំថាអញ្ចឹង យើងទើបតែចាប់ផ្តើមភ្ញាក់អារម្មណ៍កែប្រែ ហើយនឹង រៀបចំបរិបទថ្មី ដូច្នេះហើយ ខ្ញុំអត់គិត វានឹងអាចកែប្រែផ្នត់គំនិតប្រជាពលរដ្ឋ យើងឲ្យត្រឡប់មកព្យាបាលក្នុងពេលឆាប់ៗនេះទេ ក៏ប៉ុន្តែបើសិនមានការទទូចនិងបន្ត នូវការកែទម្រង់ក្នុងវិស័យសុខាភិបាល ខ្ញុំជឿជាក់ថាអ្វីៗនឹងមានការជឿនលឿន មានការកែប្រែ អភិវឌ្ឍថ្មី ពេលហ្នឹងគឺយើងមិនបាច់បង្ខំឲ្យគេមកវិញទេ គេនឹងមកឯង»។
គេដឹងថាអ្នកមានទ្រព្យធននិងប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានចំណាយថវិកាទៅព្យាបាលនៅប្រទេសជិតខាងដូចប្រទេសថៃ វៀតណាម និងសិង្ហបុរីជាដើម។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនខ្លួនឯងធ្លាប់ប្រកាសក្នុងទំព័រហ្វេសប៊ុករបស់លោក នាចុងខែមករាកន្លងទៅ ថាលោកសម្រាករយៈពេលបីថ្ងៃ ដើម្បីទៅកាន់ប្រទេសសិង្ហបុរី ត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួន។ លោកក៏បានបញ្ជាក់ក្នុង ពេលនោះផងដែរថាលោកពុំមានជំងឺធ្ងន់ធ្ងរនោះទេតែ ជាការណែនាំរបស់ក្រុមគ្រូពេទ្យកម្ពុជា ដោយសារតែខ្វះឧបករណ៍វេជ្ជសាស្ត្រមួយចំនួននោះ៕