ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេសកកម្ម​យោធា​អាមេរិក​ព្យាបាល​ជំងឺ​កុមារ​ ភ្នែក មាត់​ធ្មេញ


មន្ត្រី​កងទ័ពអាកាសសហរដ្ឋអាមេរិកម្នាក់ពិនិត្យសម្ពាធឈាមស្រ្តីមួយរូប នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

បេសកកម្ម​នេះ​មិនត្រឹម​តែ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ខាង​សុខភាព​ដល់​ប្រជា​ពលរដ្ឋ​​ប៉ុណ្ណោះ​ទេ ​តែ​វា​បាន​ជួយ​ពង្រឹង​មិត្តភាព​រវាង​ទាហាន​សហរដ្ឋ​អាមេរិក ​និង​ទាហាន​កម្ពុជា​ផង​ដែរ។

Pacific Angel​ គឺជា​បេសក​កម្ម​ផ្តល់​ជំនួយ​មនុស្សធម៌​រួមគ្នា​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​នានា​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដោយ​មាន​ការ​ចូល​រួម​ និង​ការ​ដឹកនាំ​យ៉ាង​សកម្ម​ពី​កម្លាំង​កងទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក។ ​

ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៨​មក ​បេសក​កម្ម​ Pacific Angel ​បាន​ផ្លាស់ប្តូរ​បទ​ពិសោធន៍ និង​គាំទ្រ​កម្ម​វិធី​វិស្វកម្ម ​ព្យាបាល​ជំងឺ​កុមារ​ ជំងឺ​ភ្នែក ​ជំងឺ​មាត់​ ធ្មេញ​ និង​កម្មវិធី​ព្យាបាល​ជំងឺ​ទូទៅ​ ព្រម​ទាំង​ការ​ផ្លាស់ប្តូរ​មេរៀន​ឯកទេស​ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ​និង​ជំនួយ​សង្គ្រោះ​ចំពោះ​គ្រោះ​មហន្តរាយ​ដល់​ក្រុម​យោធា​កម្ពុជា​ផង​ដែរ។

អ្នកស្រី​ អ៊ួង យ៉ាន់​ អាយុ​៦៤ឆ្នាំ​ មកពី​ភូមិ​ដាច់​ស្រយាល​មួយ​នៃ​ស្រុក​កំពង់​ត្រាច​ក្នុង​ខេត្ត​កំពត។ បន្ទាប់ពី​អង្គុយ​ចាប់​លេខ​រង់ចាំ​តាំងពី​ព្រលឹម​រហូត​ដល់​ពេល​រសៀល ​ដើម្បី​ឲ្យ​ពេទ្យ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ព្យាបាល​ធ្មេញ​ដែល​ពុក​ឈឺ​អស់​ជាច្រើន​ខែ​កន្លង​មក​នោះ​ អ្នកស្រី​ប្រាប់​ VOA​ ថា​ អ្នក​ស្រី​មិនមាន​លទ្ធភាព​ទៅ​ព្យាបាល​នៅ​ពេទ្យ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ។

«ខ្ញុំ​ឈឺ​ធ្មេញ​បាន​គេ​ដក​ឲ្យ ​អរគុណ​ណាស់!​ ទៅ​ពេទ្យ​ធ្មេញ​នៅ​ក្នុង​ស្រុក​អត់​មាន​លុយ។ អត់​មាន​បាន​ជា​មក​ហ្នឹង។​ មនុស្ស​ច្រើន​ណាស់​ ដកធ្មេញ​ ឈឺ​ភ្នែក​ មក​ទាំង​អស់»។​

សេវា​សុខភាព​សាធារណៈ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅតែ​មាន​លក្ខណៈ​ទន់​ខ្សោយ​ ​ហើយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​នៅតាម​តំបន់​ដាច់​ស្រយាល​មិន​បាន​ទទួល​សេវាកម្ម​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ ឲ្យ​បាន​គ្រប់​គ្រាន់នោះ​ទេ។​

មន្ត្រី​កងទ័ពអាកាសសហរដ្ឋអាមេរិកព្យាបាលជើងដំបៅរបស់កុមារាមួយរូបនៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រី​កងទ័ពអាកាសសហរដ្ឋអាមេរិកព្យាបាលជើងដំបៅរបស់កុមារាមួយរូបនៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

លោក ​អ៊ុំ ស៊ីណាត អភិបាល​ស្រុក​កំពង់ត្រាច ​បាន​ឲ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​របស់លោក​ប្រឈម​មុខ​នឹង​ជីវភាព​លំបាក ​ក្នុង​ការ​បង់ថ្លៃ​សេវា​ពេទ្យ​ពេល​ឈឺ ​ហើយ​ជាពិសេស​ពេទ្យ​នៅ​ក្នុង​ស្រុក​មិនមាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​ថែ​ទាំ​អ្នក​ជំងឺ ​ដូច​បច្ចេក​វិទ្យា​នៅ​បរទេស​នៅ​ឡើយ​ទេ។​ លោក​បន្ថែម​ថា ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ផ្នែក​សុខភាព​មាន​សារៈសំខាន់​ក្នុង​ការ​លើក​ស្ទួយ​សុខុមាលភាព​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​នេះ​ ដែល​ប្រជាជន​ជាង​៧០​ភាគរយ​ប្រកប​របរ​កសិកម្ម។​

«ការ​ព្យាបាល​របស់​ពេទ្យ​សហរដ្ឋ​អាមេរិក​ជួយ​បាន​ច្រើន​ ដោយសារ​បង​ប្អូន​នៅ​មាន​កង្វះ​ខាត​ ជា​អ្នក​ក្រីក្រ ​ហើយ​អ្នក​ខ្លះ​មិន​មែន​ថា ​ក្រីក្រ​អី​ដែរ​ តែ​គាត់​មាន​ជំងឺ​មិន​ទាន់​ជា​ដាច់​ គាត់​ក៏​ទៅ​ឲ្យ​គេ​មើល​ថែ​រក្សា​ទៅ»។​

កងវិស្វកម្មទ័ពអាកាសសហរដ្ឋអាមេរិកជាមួយទាហានកម្ពុជាប្រមាណជាង៨០នាក់ចូលរួមជុសជុលអាគារសិក្សានៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។
កងវិស្វកម្មទ័ពអាកាសសហរដ្ឋអាមេរិកជាមួយទាហានកម្ពុជាប្រមាណជាង៨០នាក់ចូលរួមជុសជុលអាគារសិក្សានៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

លោកវរៈ​សេនីយ៍​ឯក​ មាស វុត្ថា​ នាយក​ការិយាល័យ​ហ្វឹកហ្វឺន​នៃ​កងទ័ព​ជើង​អាកាស​កម្ពុជា​ និង​ជា​សហ​ប្រធាន​នៅ​បេសក​កម្ម​នេះ​ និយាយ​ថា​ នេះ​ជា​ការ​សហការ​រវាង​ទ័ព​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ និង​ផ្ដល់​ជំនួយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ក្រីក្រ។​

«ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​កំពត​ ​គឺ​បាន​ផ្ដល់​ការ​ព្យាបាល​ពិនិត្យ​សុខភាព​ ផ្ដល់​នូវ​ពេទ្យ​ដែល​មាន​កងទ័ព​នៅ​តំបន់​អាស៊ាន​ យើង​ផងដែរ​ ហើយ​មាន​ពី​ប្រទេស​អូស្រ្តាលី ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ក៏មាន។​ ទី​ពីរ​គឺ​ផ្ដល់ ​ផល​ប្រយោជន៍​ខាង​ផ្នែក​បច្ចេកវិទ្យា ​ជាពិសេស​ផ្នែក​ខាង​សាងសង់។​ យើង​បាន​ ផ្លាស់ប្តូរ​ ហើយ​ក៏​បង្កើន​ចំណេះ​ដឹង​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​យើង​ផង​ដែរ»។​

កម្មវិធី​មនុស្សធម៌​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ព្យាបាល​ជំងឺ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ដែល​ពុំ​មាន​លទ្ធភាព​បង់​សេវា​ថ្លៃ​ពេទ្យ​ឯកជន​ដ៏​ថ្លៃ។ អ្នកស្រី ​ឈុន មុំ​ មកពី​ភូមិ​ស្វាយ​ផ្អែម ​នៅ​ឃុំ​បឹង​សាលា​ខាង​ត្បូង ​ស្រុក​កំពង់​ត្រាច​ ​បាន​រង់ចាំ​អស់​រយៈពេល​ពីរ​ថ្ងៃ ចាំ​ទើប​បាន​ព្យាបាល​ជើង​ចៅ​របស់​គាត់​ដែល​មាន​ដំបៅ​ខ្ទុះ​រលាក​យ៉ាង​ធ្ងន់ធ្ងរ។​

អ្នកស្រី​និយាយថា៖​

«លេប​ថ្នាំ​អី​ក៏​អត់​ជា​ដែរ។​ ពេល​ឃើញ​លោក​គ្រូ​មក​ហ្នេះ ​ចង់​ឲ្យ​មក​អញ្ចឹង​ទៀត​ ចង់​ឲ្យ​មក​មើល​ប្រជាជន​ ឲ្យ​ពិនិត្យ​ចៅ​សិន។ ពេល​មាន​បញ្ហា​អញ្ចឹង​ ចេះ​តែ​មក​ តែ​លេប​អត់​ជា។​ អរគុណ​លោក​គ្រូ​ច្រើន​ណាស់​ ពេល​មក​អញ្ចឹង»។​

មាន​ទាហាន​អាមេរិក ​និង​ទាហាន​កម្ពុជា​ប្រមាណ​៨០​នាក់ ​រួមមួយ​មាន​ទាហាន​មក​ពី​ប្រទេស​អូស្ត្រាលី ​ វៀតណាម ​និង​ថៃ និង​មាន​មន្ត្រីអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ រួមគ្នា​បំពេញ​បេសកកម្ម​នេះ។​

​លោក Vinh Trinh មេ​បញ្ជាការ​បេសកកម្ម​នៃ​កម្មវិធី Pacific Angel ​បាន​ថ្លែង​ថា ​បេសកកម្ម​នេះ​មិនត្រឹម​តែ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ខាង​សុខភាព​ដល់​ប្រជា​ពលរដ្ឋប៉ុណ្ណោះ​ទេ ​តែ​វា​បាន​ជួយ​ពង្រឹង​មិត្តភាព​រវាង​ទាហាន​សហរដ្ឋ​អាមេរិក ​និង​ទាហាន​កម្ពុជា​ផង​ដែរ។

(ចុចមើលកម្រងរូបភាពនៃសកម្មភាព​របស់​បេសកកម្ម Pacific Angel នៅ​ខេត្ត​កំពត)

​ចាប់តាំងពីថ្ងៃទី៦រហូតដល់ថ្ងែទី១៨ ខែមិថុនានេះ ក្រុមយោធាសហរដ្ឋអាមេរិកនិងយោធាវិស្វកម្មកម្ពុជាប្រមាណជាង៨០នាក់ បានធ្វើការជុសជុលសាលាចំនួន ៤ និងមណ្ឌលសុខភាពចំនួន២ នៅក្នុងស្រុកទឹកឈូរ និងស្រុកកំពង់ត្រាច ហើយវានផ្តល់សេវាសុខភាពអន្តរជាតិដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត។

បេសកកម្ម​នេះ​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ​និង​ជំនួយ​សង្គ្រោះ​បន្ទាន់​ក្នុង​គ្រោះ​មហន្តរាយ។​ ទន្ទឹម​នឹង​នោះ​ បេសកកម្ម​នេះ​ផ្តល់​សេវា​ចាំបាច់​ដល់​ប្រជាជន​នៅក្នុង​តំបន់​ទាំងមូល។​ បេសកកម្ម​ Pacific Angel ​លើក​ទី៤​នេះ​បាន​ជួយ​ព្យាបាល​អ្នក​ជំងឺ​សរុប​ជាង​២០០០​នាក់​នៅ​ក្នុង​ខេត្ត​កំពត៕

XS
SM
MD
LG