ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​បើក​រថយន្ត​កាពីតូល​ចេញ​មក​តវ៉ា​ជាថ្មី


រូបឯកសារ៖ ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​​ក្រុង​​ឲ្យ​​ក្រុមហ៊ុន​កាពីតូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ លើក​បដា​ បង្ហាញពី​​​ការ​​ទាមទារឲ្យ​រក​យុត្តិធម៌​ដល់​​លោក​ ណន វណ្ណា​ អតីត​អ្នក​បើកបរ​ឡានក្រុង​​ឲ្យ​​ក្រុមហ៊ុន​កាពីតូល​ និង​លោក​ រស់​ ស៊ី​ផៃ​ សមាជិក​សហភាពការងារ​កម្ពុជា​ ដែល​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ័ណ្ឌ ​៧មករា​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី​៦ ខែកុម្ភៈ​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/​VOA Khmer)
រូបឯកសារ៖ ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​​ក្រុង​​ឲ្យ​​ក្រុមហ៊ុន​កាពីតូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ លើក​បដា​ បង្ហាញពី​​​ការ​​ទាមទារឲ្យ​រក​យុត្តិធម៌​ដល់​​លោក​ ណន វណ្ណា​ អតីត​អ្នក​បើកបរ​ឡានក្រុង​​ឲ្យ​​ក្រុមហ៊ុន​កាពីតូល​ និង​លោក​ រស់​ ស៊ី​ផៃ​ សមាជិក​សហភាពការងារ​កម្ពុជា​ ដែល​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ័ណ្ឌ ​៧មករា​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី​៦ ខែកុម្ភៈ​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/​VOA Khmer)

ការ​បន្ត​រក​យុតិ្តធម៌​ជូន​ក្រុម​អតីតអ្នក​បើកបរ​រថយន្ត​ក្រុង​នេះ​ កើត​មាន​ឡើង​ នៅ​ស្រប​ពេល​ដែល​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ជាង​២០នាក់​ បាន​បើក​ការ​តវ៉ា​សារ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ នៅ​ក្បែរ​ក្រុម​ហ៊ុន​កាពីតូល​ស្ថិត​ក្នុង​ខណ្ឌ​៧មករា​ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ពួក​គេ​ ឲ្យ​ចូល​បម្រើ​ការងារ​វិញ​។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែងថា​ លោក​នឹង​បន្ត​រក​យុត្តិធម៌​ជូន​ក្រុម​អតីត​អ្នក​បើករបរ​រថយន្ត​ក្រុង​ ឲ្យ​ក្រុម​ហ៊ុន​កាពីតូល​ ខណៈ​ដែល​មេធាវី​ការពារ​ក្តី​ឲ្យ​ក្រុមហ៊ុន​នេះ​ និយាយ​ថា​ ក្រុមហ៊ុន​បាន​ឈ្នះ​ក្តី​លើ​សំណុំ​រឿង​បញ្ឈប់​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុ​ង​នេះ​រួចទៅ​ហើយ​ បើ​ផ្អែក​ទៅ​លើ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។​

ការ​បន្ត​រក​យុតិ្តធម៌​ជូន​ក្រុម​អតីតអ្នក​បើកបរ​រថយន្ត​ក្រុង​នេះ​ កើត​មាន​ឡើង​ នៅ​ស្រប​ពេល​ដែល​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ជាង​២០នាក់​ បាន​បើក​ការ​តវ៉ា​សារ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ នៅ​ក្បែរ​ក្រុម​ហ៊ុន​កាពីតូល​ស្ថិត​ក្នុង​ខណ្ឌ​៧មករា​ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ពួក​គេ​ ឲ្យ​ចូល​បម្រើ​ការងារ​វិញ​។

ការ​តវ៉ា​របស់​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​នេះ​ ត្រូវ​គេ​សង្កេត​ឃើញ​ថា​ មិនមាន​ការ​ប៉ះទង្គិច​គ្នា​ណា​មួយ​បាន​កើត​ឡើង​នោះ​ទេ។​ ប៉ុន្តែ​ ​កង​សន្តិសុខ​ខណ្ឌ​៧មករា​ បាន​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ ស្រែក​អំពាវនាវ​ និង​មិន​ឲ្យ​លើក​បដា​និយាយ​ពីការ​ទាម​ទារ​យុត្តិ​ធម៌​ពីក្រុមហ៊ុន។

លោក អាត់​ ធន់​ បាន​ប្រាប់​ VOA​ នៅ​ល្ងាច​ថ្ងៃសៅរ៍​នេះ​ ថា​ ការ​រំលោភបំពាន​លើ​សិទ្ធិ​ការងារ​របស់​អតីត​អ្នក​បើក​បរ​ឲ្យ​ក្រុម​ហ៊ុន​កាពីតូល​ជា​យូរ​មក​ហើយ​នោះ នឹង​មិន​អាច​ទុក​ឲ្យ​អ្នក​ធ្វើការ​ការពារ​សិទ្ធិ​និយោជិត​នៅស្ងៀម​នោះ​ទេ។ លោក​បញ្ជាក់​ថា​ លោក​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​ឲ្យ​អតីត​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ។

«ខ្ញុំ​គិត​ថា​ អាជ្ញាធរ​ក៏ដូចជា​ ខាង​អង្គការ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ គេ​នឹង​មិន​នៅ​ស្ងៀម​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ ធ្វើ​អ្វី​របៀប​អញ្ចឹង​ទេ​ ហើយ​ចំពោះ​សហភាព​ការងារ​កម្ពុជា​ នៅ​បន្ត​ជួយ​ពួក​ខាង​កម្មករ​ហ្នឹង​ ឲ្យ​ដំណើរ​ការ​ទាម​ទារ​ដោយ​សន្តិវិធី​ ដើម្បី​ឲ្យ​ទាល់​តែបាន​ជោគ​ជ័យ​បាន​យើង​ឈប់​»។​

វិវាទ​ការងារ​រវាង​ក្រុម​ហ៊ុនកាពីតូល​ និង​អតីត​អ្នក​បើក​បរ៤៥​នាក់​ បាន​អូសបន្ថាយ​ពេល​មក​ជាង៨​ខែ​មក​ហើយ។​ ក្រុម​ហ៊ុន​បាន​បញ្ឈប់​អ្នក​បើកបរ​ទាំងនោះ​ ដោយ​បាន​ចោទ​ពួក​គេថា បាន​រំលោភ​កិច្ច​សន្យា​ការងារ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ ដូច​ជាការ​លួចដាក់​ភ្ញៀវ​នៅ​តាម​ផ្លូវ​ជាដើម។​

លោក​ ខៀវ វ៉ាន ​មេធាវី​ការពារក្តី​ឲ្យ​ក្រុម​ហ៊ុន​កាពីតូល​ បាន​ប្រាប់ VOA ​ថា​ ក្រុមហ៊ុន​មិន​អាច​ទទួល​យក​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំង​នោះ​ មក​បម្រើ​ការ​ងារ​វិញ​បាន​ទេ​ ដោយ​សារ​ពួក​គេ​បាន​រំលោភ​កិច្ច​សន្យា​ការងារ។​ លោកថា​ ក្រុមហ៊ុន​ក៏មាន​ប្រៀប​លើ​អតីត​អ្នក​បើកបរ​រថយន្តក្រុង​ទាំង​នោះ​ដែរ។​ លោក​និយាយ​ថា៖​

«តាមពិត​នីតិ​ខាង​ក្រុមហ៊ុន​ គេឈ្នះ​ក្តី​ គេ​មិនមែន​ចាញ់​ក្តី​ទេ​ រឿង​អាជ្ញា​កណ្តាល​ រឿង​អ្វីក៏ដោយ​ ក៏​អត់​មាន​ថា​ ដូច​គាត់​ថា​ដែរ។​ គេមាន​នីតិ​វិធី​ប្តឹង​រហូត។​ អីចឹង​នីតិ​វិធី​ទាំងអស់​ នៅ​តុលាការ​ទាំង​អស់។​ ទាំង​រឿង​បញ្ឈប់​ក៏ដោយ​ រឿង​អ្វី​ក៏ដោយ​ គឺ​នៅ​តុលាការ។​ អីចឹង​ បើ​គាត់​ទៅ​តតាំង​នៅ​តុលាការ​ទៅ​ វា​ឈ្នះ​ហើយ»។​

យ៉ាងណា​ក៏ដោយ​ ក្រុម​អ្នក​តវ៉ា​និយាយ​ថា​ ពួកគេ​នឹង​បន្ត​យុទ្ធនាការ​តវ៉ា​រក​យុត្តិធម៌​បន្ត​ទៅទៀត។​ ពួកគេ​ថា​ ពួកគេ​នឹង​ទៅ​ឈរតវ៉ា​នៅ​ក្បែរ​ក្រុមហ៊ុន​កាពីតូល​នៅថ្ងៃ​អាទិត្យ​ទៀត។​ ពួកគេ​ឲ្យ​ដឹង​បន្ថែម​ថា​ ការ​បាត់​បង់​ការងារ​ បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួក​គេ​ជួប​រឿង​រកាំរកូស​ក្នុង​គ្រួសារ​ ដោយ​សារ​កង្វះខាត​ថវិកា​សម្រាប់​ទ្រទ្រង់​ជីវភាព។​

នៅ​ក្នុង​សំណុំ​រឿង​វិវាទ​ការងារ​នេះ​ដែរ​ មាន​ក្រុម​អ្នកតវ៉ា​ពីរនាក់​ ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួននៅ​ក្នុង​ខែ​កុម្ភៈ​ ហើយ​ពួក​គេ​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិតនៅ​ក្រៅឃុំ​វិញ​កាលពី​ពេល​មុន​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។​ កាល​ពីដើម​ឆ្នាំ​ ២០១៦​នេះ​ នៅ​ក្នុង​ការ​តវ៉ា​របស់​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​នេះ​ មាន​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​រវាង​ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ និង​ ​សមាជិក​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ​ដែល​គេនៅ​មិន​ទាន់​ដឹង​ថា​ មាន​ទំនាក់​ទំនង​យ៉ាង​ណា​ជាមួយ​ក្រុមហ៊ុនកាពីតូល។

នៅ​មុន​ពេល​ផ្ទុះ​អំពើ​ហិង្សា​ ក្រុម​សមាជិក​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​នេះ​ ដែល​ភាគ​ច្រើន ​បាន​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌ខ្មៅ​ និង​ពាក់​មួក​សុវត្ថិភាព​ បាន​ដើរ​ទៅ​ការពារ​រថយន្ត​ក្រុង។​ ភ្លាម​ៗ​បន្ទាប់​ពី​នោះ​ សមាជិក​មួយ​ចំនួន​នៃ​សមាគម​នេះ​ បាន​កាន់​ញញួរ​ និង​ដំបង​ដែក​វាយ​ទៅលើ​មនុស្ស​ ដោយ​បាន​វាយដំ​ និង​ទាត់​ធាក់​យ៉ាង​ខ្លាំង​ទៅលើ​អ្នក​តវ៉ា និង​អ្នកគាំទ្រ​ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំងអស់​នោះ។ ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការណ៍រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៤​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ភ្លាមៗ​ បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សា​នោះ៕

XS
SM
MD
LG