អ្នកជំនាញផ្នែកហិរញ្ញវត្ថុលើកឡើងថា ការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្លាស់ប្ដូរភ្លាមៗនិមិត្តសញ្ញា (Logo) ដើម្បីចៀសវាងការច្រឡំថាស្ថាប័នទាំងនោះជារបស់រដ្ឋ គឺជាការបញ្ជាមួយលឿនពេក ដែលអាចនាំឱ្យប៉ះពាល់ដល់អារម្មណ៍ និងទំនុកចិត្តរបស់វិនិយោគិន។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្លាស់ប្ដូរឡូហ្គោ ឬនិមិត្តសញ្ញាពាណិជ្ជកម្ម ដោយសារមានសញ្ញា «៛» ៣ដងនៅចំកណ្ដាល។ លោកថា សញ្ញានេះអាចបណ្ដាលឱ្យប្រជាពលរដ្ឋយល់ច្រឡំថាមានន័យថា «រដ្ឋ រដ្ឋ រដ្ឋ»។
លោក ហ៊ុន សែន បានបញ្ជាឱ្យធនាគារជាតិ (NBC) ជួបប្រជុំជាមួយក្រុមការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីពិភាក្សាពីការផ្លាស់ប្ដូរនិមិត្តសញ្ញានេះជាបន្ទាន់។ លោកក៏បានព្រមានដកអាជ្ញាប័ណ្ណអាជីវកម្មផងដែរ ប្រសិនបើមានការយឺតយ៉ាវក្នុងការផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួន។
កាលពីសប្ដាហ៍មុន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលក៏បានសម្រេចឱ្យធនាគារអេស៊ីលីដា ផ្លាស់ប្ដូរនិមិត្តសញ្ញាដែលមានរូបហង្សរបស់ខ្លួនផងដែរ។ រដ្ឋាភិបាលអះអាងថា រូបហង្សនេះស្រដៀងគ្នានឹងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ។
លើសពីនេះ កាលពីថ្ងៃអង្គារ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយតម្រូវឱ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុវត្ថុទាំងអស់ ដកចេញនិមិត្តសញ្ញា ដែលស្រដៀងគ្នាជាមួយនិមិត្តសញ្ញារបស់ក្រសួង ស្ថាប័នរដ្ឋដែលកំពុងប្រើប្រាស់ ដូចជា សញ្ញាប្រាក់រៀល «៛» ឬ «រូបសិង្ហ» ជាដើម។
ឯក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃពុធក៏បានចេញសេចក្ដីជូនដំណឹងមួយ តម្រូវឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួនដែលអាចធ្វើឱ្យភ័ន្តច្រឡំទៅនឹងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬធនាគារជាតិ ឱ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍនៃក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ប្រាប់VOA កាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាឱ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្លាស់ប្ដូរនិមិត្តសញ្ញាភ្លាមៗនេះ អាចបង្កការព្រួយបារម្ភដល់ម្ចាស់ភាគហ៊ុន ក៏ដូចជាវិនិយោគិនដែលមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក ង៉ែត ជូ បន្តថា វិនិយោគិនតែងត្រូវការមូលដ្ឋានច្បាស់លាស់ មុនសម្រេចចិត្តធ្វើអ្វីមួយ។ លោកថា ការលើកឡើងពីបញ្ហាភ័ន្តច្រឡំដែលបណ្ដាលមកពីនិមិត្តសញ្ញានេះ គ្រាន់តែជាការយល់ឃើញឬទស្សនៈបុគ្គលប៉ុណ្ណោះ ហើយរដ្ឋាភិបាលគួរស្រាវជ្រាវឱ្យបានច្បាស់លាស់សិន មុននឹងចេញបញ្ជាណាមួយ។
«អ៊ីចឹងយើងធ្វើការស្រាវជ្រាវទៅ មិនអាចយកទស្សនៈបុគ្គល មិនអាចយកការយល់ឃើញរបស់ក្រុមមួយតូចទៅធ្វើការសម្រេចចិត្តទេ។ ធ្វើអញ្ចឹងដូចថាវាខ្វះលក្ខណៈវិទ្យាសាស្ត្រ ។ យើងមិនបានយកការយល់ឃើញហ្នឹងទៅផ្ទៀងផ្ទាត់ជាមួយការយល់ឃើញជាមួយសាធារណជន»។
លោក ង៉ែត ជូ បន្តទៀតថា តាមបទពិសោធន៍ធ្វើការរបស់លោកនៅមូលដ្ឋាន ជាទូទៅ ប្រជាពលរដ្ឋមិនសូវស្គាល់និមិត្តសញ្ញារបស់ស្ថាប័នរដ្ឋនោះទេ ហើយការលើកឡើងពីការភ័ន្តច្រឡំតាមរយៈនិមិត្តសញ្ញានេះគឺជាសំណួរមួយ និងជារឿងដែលត្រូវស្រាវជ្រាវឱ្យច្បាស់លាស់។
ស្រដៀងគ្នានេះ ទីប្រឹក្សាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី ដែលបានធ្វើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយនោះយល់ថា និមិត្តសញ្ញារបស់ស្ថាប័នហិរញ្ញវត្ថុទំនងជាមិនអាចនាំឱ្យមានការយល់ច្រឡំថា ស្ថាប័នទាំងនោះជារបស់រដ្ឋនោះទេ។
លោកបន្ថែមថា ទោះបីជាប្រជាពលរដ្ឋមួយចំនួននិយាយថា ពួកគាត់ខ្ចីលុយរដ្ឋមែន តែនោះគ្រាន់តែជាភាសានិយាយសាមញ្ញរបស់ពលរដ្ឋប៉ុណ្ណោះ។ លោកថា តាមពិតពួកគាត់ដឹងថា ខ្ចីលុយពីឯកជន ស្រដៀងគ្នានឹងទម្លាប់របស់ប្រជាពលរដ្ឋខ្មែរដែលហៅជនជាតិស្បែកស ថាបារាំងដូច្នោះដែរ។
«ដូច្នេះ គាត់ខ្ចីលុយពីធនាគារពិតមែន គាត់ដឹង គាត់ស៊ីញេ (ចុះហត្ថលេខា) ជាមួយក្រុមហ៊ុន ធនាគារ គាត់ដឹងថាជារបស់ឯកជន ប៉ុន្តែគាត់និយាយឱ្យស្រួលស្ដាប់គាត់ថា ខ្ចីលុយរដ្ឋ។ អាហ្នឹងហា ភាសាគាត់និយាយហា! តាមពិតគាត់ដឹងតើ គាត់ដឹងថាខ្ចីលុយឯកជនតើ!»។
ទោះយ៉ាងណា លោកបន្តថា ការបញ្ជាឱ្យផ្លាស់ប្ដូរនិមិត្តសញ្ញានេះមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ក្រៅតែពីការខាតបង់ថវិកាសម្រាប់ផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួន។
ធនាគារអេស៊ីលីដា ដែលជាស្ថាប័នដំបូងត្រូវបានបញ្ជាឱ្យផ្លាស់ប្ដូរនិមិត្តសញ្ញានោះបានប៉ាន់ស្មានថា ការផ្លាស់ប្ដូរនិមិត្តសញ្ញាឬឡូហ្គោនេះ ខ្លួននឹងត្រូវចំណាយប្រាក់ប្រមាណ៣,៥លានដុល្លារ។ ទឹកប្រាក់នេះស្មើនឹងប្រមាណ៣ភាគរយនៃប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះកាលពីឆ្នាំ២០១៦។
លោក ស៊ឹម សេនាជាតិ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប្រាប់VOA នៅថ្ងៃព្រហស្បតិ៍ថា ក្រោយមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាសាក់បានស្នើនិមិត្តសញ្ញាថ្មី និងទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មរួចហើយកាលពីថ្ងៃពុធ។
លោកបន្តថា ប្រាសាក់នឹងផ្លាស់ប្ដូរនិមិត្តសញ្ញានៅតាមការិយាល័យរបស់ខ្លួនសរុប១៨១ នៅទូទាំងប្រទេស និមិត្តសញ្ញាលើកាតដកប្រាក់ ATM និងឯកសារផ្សេងៗជាច្រើនទៀត ដោយការចំណាយសរុបអាចមានទឹកប្រាក់ជិត១លានដុល្លារ។
លោក ស៊ឹម សេនាជាតិ អះអាងថា ការផ្លាស់ប្ដូរនិមិត្តសញ្ញានេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ប្រាសាក់ និងការកត់ចំណាំរបស់ប្រជាពលរដ្ឋនោះទេ ដោយសារនិមិត្តសញ្ញាថ្មីនេះ ក៏មានពាក្យប្រាសាក់ ហើយប្រជាពលរដ្ឋបានស្គាល់រួចមកហើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាវាមិនមែនជាបញ្ហាធំដុំច្រើនប៉ុន្មានទេ។ វាគ្រាន់តែរវល់យើងបន្ថែម ដោយយើងអត់បានធ្វើ budget (គម្រោងថវិកា) យើងអត់បានព្រាងទុកនូវសកម្មភាពហ្នឹង»។
លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់VOAនៅថ្ងៃព្រហស្បតិ៍ថា ការតម្រូវឱ្យមានការផ្លាស់ប្ដូរនិមិត្តសញ្ញាភ្លាមៗនៅពេលនេះ គឺដោយសារមានការបំផុសបំផុលឱ្យមានការយល់ច្រឡំថា គ្រឹះស្ថានហិរញ្ញវត្ថុជាស្ថាប័នរបស់រដ្ឋ។
លោកស្រីអះអាងទៀតថា រដ្ឋាភិបាលបានធ្វើការថ្លឹងថ្លែងពីផលប៉ះពាល់ដែលអាចបណ្ដាលមកពីការយល់ច្រឡំនេះ និងផលប៉ះពាល់ដែលបណ្ដាលមកពីការផ្លាស់ប្ដូរនិមិត្តសញ្ញានេះ។
«តែសួរថា ផលវិបាកនៃការមិនដូរ (និមិត្តសញ្ញា) យ៉ាងម៉េច? គឺការជឿរបស់ប្រជាជន អ្នកណាចេះដឹងតិចតួច គេភរអញ្ចឹងថា អូ! បោះឆ្នោតដូរមួយសន្លឹកទៅ រួចបំណុលហើយ មិនបាច់ទៅខ្វល់អីទេ ម៉ាអាលុយហ្នឹងជាលុយរបស់រដ្ឋ។ ហើយសួរថាអ្នកណាទៅពន្យល់ប្រជាពលរដ្ឋឱ្យយល់មកវិញថាអាហ្នឹងជារឿងខុស? អ្នកណាគេអ្នកទទួលខុសត្រូវទៅពន្យល់នោះ?»។
លោកស្រី សឹង សុផារី បន្តថា ក្រសួងតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលត្រូវផ្លាស់ប្ដូរនិមិត្តសញ្ញា ត្រូវដាក់ពាក្យស្នើសុំឱ្យបានមុនថ្ងៃទី១០ ខែមីនា។
លោកស្រីបន្ថែមថា ចំពោះការផ្លាស់ប្ដូរនិមិត្តសញ្ញានៅតាមការិយាល័យ និងរបស់របរប្រើប្រាស់ផ្សេងៗ គឺអាស្រ័យលើលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាននីមួយៗ៕