ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​សិទ្ធិ​ដីធ្លី​ខក​ចិត្ត​នឹង​ការ​ផ្តល់​ជំនួយ​ជា​ថ្មី​របស់​ធនាគារ​ពិភពលោក

  • សុខ ខេមរា

រូបឯកសារ៖ ប្រធាន​ធនាគារ​ពិភពលោក​ លោក Jim Yong Kim នៅក្នុង​កិច្ចប្រជុំក្នុងពេល​​រដូវ​ផ្ការីក​ប្រចាំឆ្នាំ២០១៥​រដូវ​ផ្ការីក​ប្រចាំឆ្នាំរបស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ និងធនាគារពិភពលោក ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន៕

លោក Phil Robertson នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់ VOA ​ថា ការ​ផ្តល់​ជំនួយ​ឡើង​វិញ​របស់​ធនាគារ​ពិភពលោក​នេះ​ គឺ​ជា​រឿង​តក់ស្លុត​ និង​ជា​ការ​សម្រេច​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​គឺ​នៅ​ចំ​កណ្តាល​នៃ​ការ​បង្ក្រាប​ផ្នែក​សិទ្ធិ​មនុស្ស​ដ៏​សែន​អាក្រក់​មួយ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​ក្រុម​សកម្មជន​ដីធ្លី​បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ធនាគារ​ពិភពលោក​ ដែល​លើក​ចេញ​ការ​បង្កក​ជំនួយ​ដល់​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​រំលោភ​បំពាន​ដីធ្លី។​ ប្រតិកម្ម​របស់​ក្រុម​សកម្មជន​ទាំង​នេះ​កើតឡើង​ក្រោយ​ពេល​ដែល​ធនាគារ​ពិភពលោក​បាន​ផ្តល់​ជំនួយ​១៣០​លាន​ដុល្លារ​ លើ​គម្រោង​ចំនួន​៤​នៅ​កម្ពុជា​ ដោយ​មិន​បាន​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​បឹងកក់​ដែល​ធនាគារ​បាន​សន្យា​ដោះស្រាយ។

ប្រតិកម្ម​លាយ​ឡំ​នឹង​ពាក្យ​រិះគន់​ប្រឆាំង​នឹង​ធនាគារ​ពិភពលោក​បាន​កើត​ឡើង​ភ្លាមៗ ក្រោយ​ពេល​ដែល​ស្ថាប័ន​ម្ចាស់​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​មួយ​នេះ ​បាន​សម្រេច​ចិត្ត​លុបចោល​ទណ្ឌកម្ម​ផ្តល់​ជំនួយ​ ឬ​លើកលែង​ការ​បង្កក​ជំនួយ​ដល់​ប្រទេស​កម្ពុជា ដោយសារ​បញ្ហា​ជម្លោះ​នៃ​ការ​រំលោភ​បំពាន​ដីធ្លី​និង​សិទ្ធិ​តាំង​លំនៅ​របស់​ពលរដ្ឋ​ជិត​៤.០០០​ គ្រួសារ​នៅ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ។

ធនាគារ​នេះ​បាន​ផ្តល់​ជំនួយ​ជា​កម្ចី​ដល់ទៅ​១៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​គម្រោង​ ចំនួន​បួនទាក់ទង​នឹង​វិស័យ​សុខាភិបាល ផ្លូវថ្នល់​ ការ​គ្រប់គ្រង​ធនធាន​ទឹក ​និង​សេដ្ឋកិច្ច​សង្គម​ ដោយ​ទុក​បញ្ហា​ដែល​ធនាគារ​ពិភពលោក​សន្យា​ថា ​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ជូន​ពលរដ្ឋ​បឹងកក់​ទេ​ ធនាគារ​ពិភពលោក​នឹង​មិន​ទាន់​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដែល​នៅ​ពឹង​ពាក់​ជំនួយ​បរទេស​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នេះ​ទេ។

លោក Phil Robertson នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់ VOA ​ថា ការ​ផ្តល់​ជំនួយ​ឡើង​វិញ​របស់​ធនាគារ​ពិភពលោក​នេះ​ គឺ​ជា​រឿង​តក់ស្លុត​ និង​ជា​ការ​សម្រេច​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​គឺ​នៅ​ចំ​កណ្តាល​នៃ​ការ​បង្ក្រាប​ផ្នែក​សិទ្ធិ​មនុស្ស​ដ៏​សែន​អាក្រក់​មួយ។

លោក Phil Robertson បញ្ជាក់​ថា៖

«នេះ​ជា​ការ​ចង្អុល​បង្ហាញ​ថា​ ធនាគារ​ពិភពលោក​ពុំ​យក​ចិត្ត​ទុក​ដាក់​ពី​សិទ្ធិ​មនុស្ស។ ធនាគារ​ពិភពលោក​នឹង​បន្ត​ដំណើរការ​ប្រាក់កម្ចី​ ហើយ​បន្ត​គម្រោង​កម្មវិធី​នានា​ជា​ជាង​ព្រួយ​បារម្ភ​ពី​ការ​ខូចខាត​ដល់​ស្ថានការណ៍​សិទ្ធិមនុស្ស ​និង​ការ​ខ្វះ​បែបបទ​នៃ​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​និង​សិទ្ធិ​មនុស្ស ​ជា​ដំណើរការ​បាន​ចាប់​ផ្តើម​ទាំងស្រុង​តាំង​ពី​ដំបូង​ទី​រវាង​ធនាគារ​ពិភពលោក​និង​កម្ពុជា​នោះ‍»។

លោក​បាន​បន្ថែម​ប្រាប់ VOA ថា ​ភាព​សមរម្យ​អាច​នឹង​ត្រូវ​គេ​យក​មក​ធ្វើ​ជា​អំណះអំណាង៖

«ខ្ញុំ​ប្រាកដ​ថា​ គេ​នឹង​រក​អំណះអំណាង​ជាមួយ​នឹង​ហេតុ​ផល​ជាច្រើន​ និង​លក្ខណៈ​សម្បត្តិ​នានា​ជា​ច្រើន​ដើម្បី​បង្គ្រប់​លក្ខណៈ​សម្បតិ្ត​របស់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ទាញ​យក​ភាព​សមរម្យ ​ក្នុង​ការ​បន្ត​ផ្តល់​កម្ចី។​ តែ​សារ​នយោបាយ​គឺ​វា​អាក្រក់​ខ្លាំង​ណាស់‍»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក​ទាក់ទង​នឹង​បញ្ហា​កម្ពុជា​ គណៈ​អភិបាល​នៃ​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​នេះ​បាន​ពិភាក្សា​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​បាន​សម្រេច​ផ្តល់​ជំនួយ​ជា​កម្ចី​ដល់​ទៅ​៤​គម្រោង ​ដែល​មាន​ទឹក​ប្រាក់​១៣០​លាន​ដុល្លារ។​ ក្នុង​នោះ​មាន​គម្រោង​សមធម៌​និង​ការ​លើក​កម្ពស់​គុណភាព​សុខភាព គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ​ គម្រោង​គ្រប់គ្រង​ផ្លូវ​ថ្នល់​ទី​២​ ហើយ​នឹង​គម្រោងការ​បែងចែក​ដី​សម្រាប់​សង្គម​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

អ្នកស្រី​ ទេព វន្នី ​សកម្មជន​បឹងកក់​និង​ជា​ម្ចាស់​ពាន​រង្វាន់​ស្រ្តី​ជា​អ្នកដឹកនាំ​ពី​អង្គការ Vital Voices ​ដែល​លោកស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ​Hillary ​Clinton និង​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​ផង​នោះ​ បាន​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​ធនាគារ​ពិភពលោក​គឺ​ជា​រឿង​«ខកចិត្ត​និង​ឈឺចាប់‍»​ ដែល​អ្នកស្រី ​ទេព វន្នី ​បាន​អះអាង ថា​ ធនាគារ​ពិភពលោក​បាន​ក្បត់​ពាក្យ​សន្យា។

អ្នកស្រី​ ទេព វន្នី បាន​ថ្លែង​ប្រាប់ VOA ថា៖

«តែ​ឥឡូវ​គាត់​បាន​ផ្លាស់ប្ដូរ​នូវ​ឆន្ទៈ​របស់​គាត់​ហើយ។ គោលជំហរ​របស់​គាត់​លែង​មាន​ទៀត​ហើយ។​ ហើយ​ពេល​ដែល​គាត់​ឲ្យ​លុយ​ទៅ​រដ្ឋាភិបាល​ហ្នឹង​ គឺជា​ពេល​ដែល​ពួក​ខ្ញុំ​ មិន​ទាន់​មាន​ដំណោះស្រាយ​ ហើយ​ពេល​ពួក​ខ្ញុំ​កំពុង​រងទុក្ខ​វេទនា​យ៉ាង​ខ្លាំង​អស់​រយៈ​ ពេល​ជិត​១០​ឆ្នាំ​មក​នេះ​ ហើយ ​ដោយ​មិន​បាន​និយាយ​ពី​ការ​ដោះស្រាយ​ជូន​ពួកខ្ញុំ​ទាំង​អស់‍»។

អ្នកស្រី​ ទេព វន្នី​ បាន​បន្ត​ថា ​អ្នកស្រី​នឹង​មិន​បញ្ឈប់​ការ​បន្ត​ទាមទារ​ឲ្យ​ធនាគារ​ពិភពលោក​ធានា​ខុសត្រូវ​ ហើយ​នឹង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រឿង​ដីធ្លី​នេះ​ទេ។

«ហើយ​ធនាគារ​ពិភពលោក​ហ្នឹង​ ពួក​ខ្ញុំ​នឹង​ទាមទារ​ដាច់ខាត​ឲ្យ​គាត់​ធានា​ខុសត្រូវ​លើ​ អាយុជីវិត​និង​អនាគត​របស់​ពួកខ្ញុំ ​ព្រោះអី​ដោយ​សារ​គម្រោង​និង​ការ​ផ្តល់​ថវិកា​របស់​ធនាគារ​ពិភពលោក​ទៅ​ជួយ​រដ្ឋាភិបាល​មក​ឲ្យ​រដ្ឋាភិបាល​មក​ឲ្យ​ធ្វើ​គម្រោង​អនុម័ត​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ​ក្នុង​នោះ​មាន​តំបន់​បឹងកក់​ខ្ញុំ​មួយ​ដែរ​ហ្នឹង ​គឺ​ថា​ ដោយសារ​តែ​លុយ​របស់​គាត់ ​គាត់​មិន​បាន​តាមដាន​លុយ​របស់​គាត់​ហ្នឹង​ហើយ​ បាន​ធ្វើ​ឲ្យ​លុយ​របស់​គាត់​ក្លាយ​ជា​អាវុធ ​ដែល​ធ្វើ​បាប​ពួកខ្ញុំ​ រស់​នៅ​ឲ្យ​វេទនា​ជា​ទីបំផុត។ អញ្ចឹង​គាត់​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​ ហើយ​ចំពោះ​ពួកខ្ញុំ​យើង​នៅ​តែ​បន្ត​យុទ្ធនាការ​តស៊ូ​មតិ ​ទាមទារ​ឲ្យ​ធនាគារ​ពិភពលោក​ ត្រូវតែ​ដាក់​សម្ពាធ​យ៉ាងម៉េច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ‍»។

តំបន់​បឹងកក់​ដែល​មាន​ផ្ទៃដី​១៣៣​ហិកតា​ត្រូវ​រដ្ឋាភិបាល​បាន​ជួល​ក្នុង​រយៈពេល​៩៩ឆ្នាំ​ កាល​ពី​ដើម​ឆ្នាំ​២០០៧​ ដល់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ​ដែល​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ឡៅ ម៉េង ឃីន ​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​សែន។​ ក្រោយ​ការ​ជួល​នោះ ​ពលរដ្ឋ​បឹងកក់​ជិត​៤.០០០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយបង្ខំ​ ដូច​ជា​កន្លែង​ផ្សេង​ទៀត​ដែរ។ ការ​តវ៉ា​ប្រឆាំង​រឿង​ការ​បណ្តេញ​ចេញ​ត្រូវ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​និង​ចាប់​ដាក់​គុក​ពី​ក្រុម​អាជ្ញាធរ​ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​ជា​ដើម។ ​

បញ្ហា​នោះ​បាន​ធ្វើ​ឲ្យ​ធនាគារ​ពិភពលោក​ដែល​បាន​ផ្តល់​ថវិកា​លើ​គម្រោង​បែងចែក​ប្លង់​កម្មសិទ្ធិ​ដល់​រដ្ឋាភិបាល​រក​ឃើញ​ថា ខ្លួន​បាន​ធ្វើ​ខុស​នឹង​គោលការណ៍​ធនាគារ​ ហើយ​ក៏​បាន​សម្រេច​ចិត្ត​បង្កក​ជំនួយ​នានា​កាលពី​ឆ្នាំ​២០១១។​តែ​ការ​ផ្តល់​ជំនួយ​ជា​កម្ចី​ឡើង​វិញ​មុន​ពេល​ដែល​បញ្ហា​បឹងកក់​ត្រូវ​បាន​ដោះស្រាយ​នោះ​ គ្មាន​ការ​ពន្យល់​ពី​ធនាគារ​ពិភពលោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ឡើយ​ទេ​ ពេល VOA បាន​ទាក់ទង​ដើម្បី​អត្ថាធិប្បាយ​នោះ។ ​

ប៉ុន្តែបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ បាន​បញ្ជាក់​ថា​ ផែនការ​ទំនាក់ទំនង​សម្រាប់​ប្រទេស​កម្ពុជា​នេះ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​នៃ​ក្រុម​ធនាគារ​ពិភពលោក​ដើម្បី​គាំទ្រ​គោលដៅ​របស់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដែល​បាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤—២០១៨។​ យុទ្ធសាស្រ្ត​នេះ​មាន​គោលបំណង​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​បរិយាកាស​ធុរកិច្ច​ និង​បង្កើត​ឲ្យ​មាន​ផលិតផល​ដែល​អាច​ប្រកួត​ប្រជែង​បាន​នៅ​ក្នុង​ទីផ្សារ​ពិភពលោក។ ​វា​ក៏​មាន​គោលបំណង​ជួយ​លើក​កម្ពស់​ការ​ផ្តល់​សេវា​សង្គម​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​និង​បង្កើត​ឱកាស​សម្រាប់​អ្នក​ក្រីក្រ​បំផុត​ និង​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ ​តាមរយៈ​គោល​នយោបាយ​ ការ​វិនិយោគ​ និង​កម្មវិធី​មួយ​ចំនួន​ក្នុង​ការ​កសាង​ទ្រព្យធន​ និង​ការ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន។

លោក​ អ៊ូលរិច ​ហ្សាចៅ​ (Ulrich Zachau) ​នាយក​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ថ្លែង​ថា៖

«ការ​ចូលរួម​ថ្មី​របស់​យើង​ជាមួយ​កម្ពុជា​គឺ​ចាប់​ផ្តើម​ជាមួយ​នឹង​គម្រោង​មួយ​ចំនួន​ដែល​មាន​គោលបំណង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់ស្តែង​សម្រាប់​កម្ពុជា‍»។

លោក​បាន​បន្ត​ថា៖

«យើង​នឹង​ជួយ​ជា​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​នានា ​ដូចជា ​ជួយ​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ប្រសើរ​ជាង​មុន ​ថែទាំ​ផ្លូវថ្នល់ ​និង​គាំទ្រ​ប្រជាជន​ក្រីក្រ​ដែល​ពួក​គាត់​រស់​ពឹង​អាស្រ័យ​លើ​កសិកម្ម​និង​នេសាទ។ ​យើង​នឹង​បន្ត​ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ក្នុង​ការ​ផ្តល់​បទពិសោធន៍​អន្តរជាតិ ​និង​ជួយ​កសាង​សមត្ថភាព​ក្នុង​ប្រទេស​ ពង្រីង​ស្ថាប័ន​ និង​លើក​កម្ពស់​អភិបាលកិច្ច‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ថា​ គម្រោង​អភិវឌ្ឍន៍​ថ្មី​ចំនួន​៤​ដែល​បាន​អនុម័ត​នេះ​មាន​ទឹក​ប្រាក់​ចំនួន​១៣០លាន​ដុល្លារ​ជា​ឥណទាន​គ្មាន​ការ​ប្រាក់​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ។ ​ការ​សង​ត្រឡប់​វិញ​គឺ​នៅ​ចន្លោះ​ពី​២៥​ទៅ​៤០​ឆ្នាំ​ ហើយ​រយៈពេល​នៃ​ការ​ចាប់​ផ្តើម​សង​គឺ​នៅ​ចន្លោះ​ពី​៥ ​ទៅ​១០​ឆ្នាំ​បន្ទាប់​ពី​ខ្ចី។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ​អៀង វុទ្ធី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា ដែល​តស៊ូ​មតិ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដើម្បី​ការ​គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​លំនៅដ្ឋាន និង​ភាព​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ បាន​ថ្លែង​ថា​ គម្រោង​ទាំងបួន​របស់​ធនាគារ​ពិភពលោក​នឹង​មាន​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​មែន​ តែ​លោក​ថា ការ​សម្រេច​ចិត្ត​របស់​ធនាគារ​ពិភពលោក​មុន​ការ​សន្យា​របស់​ខ្លួននេះ​គឺ​ជា​ការ​ភ្ញាក់ផ្អើល។

​លោក ​អៀង វុទ្ធី​ បញ្ជាក់​ប្រាប់ VOA ថា៖

«ហើយ​ដូច​ខ្ញុំ​លើក​ពី​ខាងដើម​គឺថា​ ធនាគារ​ពិភពលោក​ត្រូវ​តែ​មាន​វិធាន​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់។​ អញ្ចឹង​យើង​សង្គម​ស៊ីវិល​ យើង​រង់ចាំ​មើល​ថា តើ​ធនាគារ​ពិភពលោក​នឹង​មាន​វិធានការ​ឬ​ក៏​កម្មវិធី​បែប​ណា​ដើម្បី​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ប៉ះពាល់​ដោយសារ​គម្រោង​ខ្លួន​ពី​មុន​មក​ហ្នឹង​ ហើយ​វា​ស្រប​ទៅ​នឹង​ការ​ប្តេជ្ញា​ជា​សាធារណៈ​របស់​ប្រធាន​ធនាគារ​ពិភពលោក​មុន‍»។

លោក​បាន​បន្ថែម​ទៀត​ថា ​ប្រជាពលរដ្ឋ​ទំនង​ជា​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ទេ​ ហើយ​លោក​ចង់​ឃើញ​ការ​ដោះស្រាយ​រវាង​ធនាគារ​ពិភពលោក​និង​រដ្ឋាភិបាល​កម្ពុជា​មាន​ តម្លាភាព​និង​មាន​យុត្តិធម៌​ជូន​ពលរដ្ឋ ​ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ធនាគារ​ពិភពលោក​ដែល​ជា​ស្ថាប័ន​ផ្តល់​ជំនួយ​អន្តរជាតិ​ដ៏​ធំ​សម្រាប់​កម្ពុជា​និង​ប្រទេស​នានា ក្នុង​ពិភពលោក​នេះ៕

XS
SM
MD
LG