ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រយុទ្ធគ្នា​រីក​កាន់​តែធំ​នៅ​តំបន់​កូកាង​ប្រទេស​មីយ៉ាន់ម៉ា


ក្រុម​ទាហាន​​ឧទ្ទាម​នៃកងកម្លាំ​ងសម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​មីយ៉ាន់ម៉ា (MNDAA) ពិនិត្យ​មើលអាវុធ​និង​គ្រាប់​រំសេវ​នៅ​​មូលដ្ឋាន​យោធា​ក្នុង​តំបន់​កូកាង​ កាលពីថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០១៥។

ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​កូកាង​នៃ​ប្រទេស​ភូមា​និយាយ​ថា ​ការ​ប្រយុទ្ធ​គ្នាបាន​រីក​កាន់​តែ​ធំ​ឡើងៗ​នៅ​ក្នុង​តំបន់​នោះ​ ចាប់​តាំង​ពី​ពួក​យោ​ធា​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ក្នុង​ទ្រង់​ទ្រាយ​ធំប្រឆាំង​នឹង​ទី​តាំង​របស់ពួក​ឧទ្ទាម​នៅ​សប្តាហ៍​នេះ​មក។

លោក​ Tun Myat Lin​ អ្នកនាំ​ពាក្យ​របស់​ពួក​ឧទ្ទាម​កូកាង​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសាភូមាថា ​រដ្ឋាភិបាល​កំពុងចាត់​ទុក​ការ​វាយ​ប្រហារ​នេះដូចជា​ខ្លួន​កំពុងចាត់​ការ​ការ​ឈ្លាន​ពាន​របស់​ពួក​បរទេស​អញ្ចឹង។

លោក ​និយាយ​ថា៖ ​«មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​ម្សិល​មិញ។ ​ចាប់​តាំង​ពី​ម៉ោង​៥​ព្រឹក​រហូត​ដល់​ពាក់​កណ្តាល​យប់ ​ពួកគេ​នៅតែ​ប្រយុទ្ធ​គ្នា​នៅ​ឡើយ​ ហើយ​ពួកគេ​បាន​ប្រើ​ប្រាស់​កាំភ្លើង​ធំ។ ក៏ប៉ុន្តែ ​បន្ទាប់​មក​ កាំភ្លើង​ធំត្រូវ​បាន​គេ​ប្រើ​ប្រាស់​ពេញ​មួយ​យប់។ ​នៅ​ថ្ងៃ​នេះ ​សូម្បី​រហូត​មក​ទល់​ពេល​នេះ​ក៏ដោយ ​ពួកគេ​នៅ​តែ​ប្រើ​កាំភ្លើង​ធំ​នៅ​ឡើយ ​ហើយ​ការ​ប្រយុទ្ធ​គ្នាកំពុង​កើត​មាន​នៅ​ឡើយនៅលើ​សមរភូមិ‍»។

​លោក​និយាយ​ទៀត​ថា ​ពួក​ឧទ្ទាម​១៦០​នាក់ត្រូវ​បាន​សម្លាប់​ឬរង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ។

រដ្ឋាភិបាល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ចំនួន​មនុស្ស​ស្លាប់​ឬ​រង​របួស​ផ្លូវការ​ទេ ​ក៏ប៉ុន្តែ ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​រៀប​ចំ​ចាត់​ចែង​ដោយ​រដ្ឋបាន​ប្រាប់​ឲ្យ​ដឹង​ថា ​ទាហាន​២​នាក់​បាន​ស្លាប់ ហើយ​៥​នាក់​ទៀតបាន​រង​របួសក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងនៅជិត​ទីក្រុង​ Laukkai នៅ​ក្នុង​សប្តាហ៍​នេះ។

កាសែត ​Global Times ​របស់​រដ្ឋ​ចិន​បាន​រាយការណ៍​ថា ​ភូមា​បានស្នើ​ផ្តល់​ប្រាក់​សំណង​ជាង​១ម៉ឺន​១ពាន់​ដុល្លាសម្រាប់​ក្រុម​គ្រួសារ​ជាតិ​ចិន៥​គ្រួសារ​ដែល​បាន​ស្លាប់ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​ដែល​បង្កប់​នៅព្រំ​ដែនក្នុងទឹក​ដីចិន​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG