ក្មេងប្រុសទី ៥ ត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំនៅប្រទេសថៃ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសថៃបានចាប់ផ្ដើមប្រតិបត្តិការជួយសង្គ្រោះម្ដងទៀតនៅថ្ងៃចន្ទនេះ ដើម្បីជួយយកក្មេងប្រុស និងគ្រូបង្វឹករបស់ពួកគេចេញពីរូងភ្នំដែលពួកគេបានជាប់គាំងនៅទីនោះដោយសារជំនន់ទឹកភ្លៀងអស់រយៈពេលជាង ២ សប្ដាហ៍មកហើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក Anupong Paojina បាននិយាយថា អ្នកមុជទឹកដដែល ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃអាទិត្យម្សិលមិញ គឺជាអ្នកដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនៅថ្ងៃចន្ទនេះ ដោយសារតែពួកគេដឹងអំពីស្ថានភាពរបស់រូងភ្នំនោះ។
កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកមុជទឹកបានជួយសង្គ្រោះក្មេងប្រុស ៤ នាក់ ក្នុងចំណោមក្មេងចំនួន ១២ នាក់ និងគ្រូបង្វឹកម្នាក់ដែលជាប់គាំងនៅក្នុងរូងភ្នំនោះ។
ភ្លៀងមូសុងបានចាប់ផ្ដើមធ្លាក់ម្ដងទៀតហើយ ដោយបណ្ដាលឲ្យកម្ពស់ទឹកនៅក្នុងរូងភ្នំនោះកើនឡើង និងបណ្ដាលឲ្យកម្រិតខ្យល់អុកស៊ីហ្សែននៅក្នុងរូងភ្នំនោះធ្លាក់ចុះ។
អ្នកមុជទឹកអន្តរជាតិ ១៣ នាក់ និងអ្នកមុជទឹកថៃ ៥ នាក់ បានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។
ក្មេងប្រុសដែលបានជួយសង្គ្រោះម្នាក់ៗគឺត្រូវបានមុជទឹកអមដំណើរដោយអ្នកមុជទឹក ២ នាក់ កាត់តាមរូងភ្នំលិចទឹកដ៏ចង្អៀត និងក្រវៀចក្រវៀន។ អ្នកមុជទឹកទាំងនោះត្រូវចំណាយពេលប្រហែល ៨ ម៉ោង ដើម្បីអាចចូលទៅដល់កន្លែងដែលក្មេងៗទាំងនោះនៅបាន និងនាំក្មេងៗទាំងនោះចេញមកខាងក្រៅរូងភ្នំវិញ៕