ពេលវេលាមានកំណត់សម្រាប់ការយកក្មេងប្រុស១២នាក់ហើយនិងគ្រូបង្ហាត់ម្នាក់របស់ពួកគេចេញពីរូងដែលលិចទឹកនៅក្នុងតំបន់ភាគខាងជើងប្រទេសថៃ។ តាមការឲ្យដឹងពីអាជ្ញាធរដែលត្រួតពិនិត្យកិច្ចប្រតិបត្តិការជួយសង្គ្រោះនោះ បានលើកឡើងពីអាកាសធាតុ កាន់តែអាក្រក់ហើយ ហើយការផ្គត់ផ្គង់ខ្យល់នៅក្រោមដីកាន់តែរលោះបន្តិចម្តងៗ»។
កិច្ចប្រតិបត្តិដ៏សំខាន់នៅខាងក្នុងនិងជុំវិញរូង Tham Nang Non បានធ្វើឲ្យមនុស្សម្នាក់ស្លាប់លើកទី១នៅពេលដែលអតីតទាហាននាវា SEAL របស់ថៃបានបាត់បង់ស្មារតីហើយមិនអាចត្រូវគេធ្វើឲ្យដឹងខ្លួនវិញបាន។
ពួកអាជ្ញាធរនិយាយថា លោក Samarn Poonan បានស្ម័គ្រចិត្តបំពេញបេសកកម្មនេះហើយបានស្លាប់បន្ទាប់ពីអស់ខ្យល់ខណៈដែលដាក់បំពង់ខ្យល់នៅតាមបណ្តោយច្រកចេញសម្រាប់សមាជិកក្រុមកូនក្មេងនិងគ្រូបង្ហាត់របស់ពួកគេ។
លោក Arpakorn Yookongkaew ជាមេបញ្ជាការកងនាវាពិសេស SEAL ថៃបាននិយាយថា «បរិយាកាសនៅខាងក្នុងរូងកំពុងមានការលំបាកខ្លាំងឡើងៗ។នៅពេលដែលវរសេនីយត្រី Samarn បានដាក់បំពង់ខ្យល់នៅខាងក្នុងរូងរួចហើយៗលោកបានវិលត្រឡប់មកវិញ»។
មរណៈភាពរបស់លោកជាគ្រោះថ្នាក់លើកទី១ចាប់តាំងពីកិច្ចប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមជិត២សប្តាហ៍មុន ដែលបញ្ជាក់ពីកិច្ចប្រតិបត្តិការប្រកបដោយគ្រោះថ្នាក់ដើម្បីយកក្រុមកូនក្មេងទាំងនោះចេញពីរូងលិចទឹកនោះ។
ឧត្តមសេនីយទោ Chalongchai Chaiyakam មេបញ្ជាការជាន់ខ្ពស់កងទ័ពម្នាក់ទៀតនិយាយថា បេសកកម្មជាបន្ទាន់នៅពេលឥឡូវនេះគឺផ្តល់បំពង់ខ្យល់ឲ្យទៅដល់ក្រុមក្មេងប្រុសៗទាំងនោះ។ កម្រិតខ្យល់អុកស៊ីសែនកំពុងថយចុះពីព្រោះតែចំនួនកម្មករនៅខាងក្នុងរូងនោះ៕