ការិយាល័យស៊ើបអង្កេតរបស់សហព័ន្ធស.រ.អា FBI បានធ្វើការស៊ើបអង្កេតជាផ្លូវការកាលពីថ្ងៃពុធអំពីការសម្លាប់រង្គាលប្រព្រឹត្តដោយប្តីប្រពន្ធពីរនាក់នៅការិយាល័យផ្តល់សេវាកម្មមួយនៅរដ្ឋ California ហើយបានកំណត់ថា នេះជាអំពើភេរវកម្ម។
លោក David Bowdich ជំនួយការការិយាល័យ FBI នៅទីក្រុង Los Angeles បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា មានភស្តុតាងមួយចំនួនត្រូវបានរកឃើញ ដែលបង្ហាញថា ការបាញ់ប្រហារនោះជាអំពើភេរវកម្ម ដូចជាសញ្ញាបង្ហាញថា អ្នកទាំងពីរនេះមានផែនការធ្វើសកម្មភាពទ្រង់ទ្រាយធំជាដើម។ លោកមិននិយាយលម្អិតអំពីភស្តុតាងនោះទេ តែលោកគ្រាន់តែប្រាប់ថា សញ្ញានោះមានដូចជា ទូរស័ព្ទដៃដែលគេបំផ្លាញចោលក្នុងធុងសំរាម។ លោកប្រាប់ថា មានការហៅទូរស័ព្ទរវាងជនសង្ស័យ និងអ្នកផ្សេងទៀត ដែលអាចបង្ហាញសញ្ញាបន្ថែមទៀត។
ក្នុងពេលជាមួយគ្នានេះដែរនៅស.រ.អាមានពាក្យស្លោកនិយាយថា បើឃើញមានអ្វីសង្ស័យ សូមរាយការណ៍។ នេះជាពាក្យស្លោកប្រឆាំងភេរវកម្មនៅស.រ.អា ដែលអំពាវនាវឲ្យពលរដ្ឋសាមញ្ញទូរស័ព្ទប្រាប់ប៉ូលិសជាបន្ទាន់ ប្រសិនបើគេឃើញអ្វីមួយមិនធម្មតាក្នុងសកម្មភាពជារៀងរាល់ថ្ងៃ ទោះជារបស់នោះមើលទៅហាក់ដូចជា មិនបង្កគ្រោះថ្នាក់ក៏ដោយ ឧទាហរណ៍ដូចជា វ៉ាលីសដែលគេទុកចោល ប្រអប់ ឬដបដែលមានវត្ថុរាវចម្លែក។
លោក James Comey ប្រធានការិយាល័យស៊ើបអង្កេតរបស់សហព័ន្ធ FBI និយាយថា លោកដឹងថា ឧបទ្ទវហេតុដូចជាការបាញ់ប្រហារសម្លាប់រង្គាលនៅរដ្ឋ California កាលពីថ្ងៃពុធនោះ គឺជាអំពើនាំឲ្យមានការព្រួយបារម្ភ។ កាលពីថ្ងៃសុក្រម្សិលមិញ លោកបានជំរុញឲ្យពលរដ្ឋអាមេរិកាំងកុំបែកអារម្មណ៍ និងមិនហ៊ានធ្វើការងារអ្វីដោយសារតែការភ័យខ្លាច។ លោកនិយាយថា ប្រសិនបើលោកអ្នកឃើញអ្វីមិនទំនង សូមលោកអ្នកសួរអ្នកនៅជិតនោះថា វាជារបស់អ្នកនោះ ឬយ៉ាងណា ឬរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ច។ បើពិនិត្យមើលករណីក្នុងស.រ.អា យើងឃើញថា នៅពេលនរណាម្នាក់ឃើញអ្វីមួយចម្លែក ទោះជាមិនដឹងថា វាជារបស់សមាជិកគ្រួសារ ឬមិត្តភក្តិ និងសហការីក៏ដោយ គេមិនរាយការណ៍ប្រាប់អាជ្ញាធរពង្រឹងច្បាប់ទេ។អ្នកជំនាញខាងភេរវកម្ម និងអំពើជ្រុលនិយមនិយាយថា នេះជាបញ្ហាគួរឲ្យបារម្ភជាពិសេស។តែជនសង្ស័យឈ្មោះ Syed Farook និងប្រពន្ធឈ្មោះ Tashfeen Malik ទំនងជាមនុស្សធម្មតា ស្ងប់ស្ងៀម និងមានកូនស្រីអាយុ៦ខែ។ មិនមានរបាយការណ៍ថា អ្នកទាំងពីរនេះបង្ហាញសកម្មភាពគឃ្លើន គាំទ្រក្រុមជ្រុលនិយមទេ។ ពួកគេក៏មិនដែលនិយាយជាចំហអំពីភេរវកម្ម ឬអំពីពួករដ្ឋឥស្លាម ដែលនាំឲ្យមានការសង្ស័យនោះទេ។លោក James និយាយថា ដោយហេតុនេះហើយបានជាគ្មានសញ្ញាអ្វីនាំឲ្យឃាតករទាំងពីរនេះស្ថិតនៅក្រោមការតាមដានរបស់ FBI៕