បុគ្គលិកជាប់កុងត្រារបស់ទីភ្នាក់ងារសន្តិសុខជាតិមួយរូបត្រូវបានចាប់ខ្លួនហើយកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទលួចយកព័ត៌មានសម្ងាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងយុត្តិធម៌។
ជនសង្ស័យអាយុ ៥១ឆ្នាំ ឈ្មោះថា Harold Thomas Martin III រស់នៅទីក្រុង Glen Burnie រដ្ឋ Maryland ត្រូវបានចាប់ខ្លួនកាលពីចុងខែសីហា ហើយគាត់គឺជាបុគ្គលដែលមានសិទ្ធិក្នុងការទទួលព័ត៌មានសម្ងាត់ជាន់ខ្ពស់របស់ជាតិផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍នោះ។
សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់អំពីសារជាតិ ឬបរិមាណនៃព័ត៌មានដែលត្រូវលួចនោះទេ ប៉ុន្តែបានលើកឡើងពីឯកសារចំនួន៦ ដែលទាញយកពីប្រភពព័ត៌មានសម្ងាត់ ហើយដែលចងក្រងឡើងដោយទីភ្នាក់ងាររដ្ឋាភិបាលកាលពីឆ្នាំ២០១៤។
បន្ទាប់ពីធ្វើការត្រួតពិនិត្យឡើងវិញ ក្រុមស៊ើបអង្កេតបានរកឃើញថា ឯកសារទាំងនោះត្រូវបានគេចាត់ទុកថាជាឯកសារសម្ងាត់កំពូល ដែលនេះមានន័យថា ការលាតត្រដាងឯកសារសម្ងាត់ទាំងនោះអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់អាមេរិក។
កាសែត The New York Times បានរាយការណ៍មកថា បុគ្គលិកជាប់កុងត្រារូបនេះត្រូវបានគេសង្ស័យថាបានលួចយកលេខកូដសម្ងាត់របស់ទីភ្នាក់ងារសន្តិសុខជាតិ ដើម្បីវាយលុកចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលបរទេសមានដូចជា រុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងត្បូងជាដើម៕