ថ្ងៃទី ៥ មិថុនាជាទិវាបរិស្ថានពិភពលោកនៃអសប។ ដើម្បីកត់សំគាល់ទិវានេះ អសប បានបញ្ចេញឲ្យផ្សាយសេចក្តីរាយការណ៍មួយដែលនិយាយថា ការធ្វើកសិកម្មបានធ្វើឲ្យខូចខាតបរិស្ថាន ដូចការប្រើឥន្ធនៈហ្វស៊ីល Fossil Fuels ដែលកើតចេញមកពីប្រេងកាត ធ្យូងថ្ម និងឧស្ម័នធម្មជាតិនោះដែរ ។ Steve Baragona អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ រាយការណ៍រឿងនេះ។ ហើយអ្នកស្រី នៅ សារីម ប្រែសម្រួលអត្ថបទនេះជូនលោកអ្នក។
គណៈកម្មការមួយ ដែលមានអ្នកជំនាញការ ២៧ រូបក្នុងកម្មវិធីបរិស្ថានអសប បានពិនិត្យមើលសេចក្តីរាយការណ៍ពីមុនៗរបស់អសប ដែលប៉ាន់តម្លៃ សកម្មភាពសេដ្ឋកិច្ចណាដែលបានបញ្ចេញធាតុកខ្វក់ច្រើនជាងគេ ហើយនិងបានប្រើធនធានច្រើនជាងគេផងនោះ។
ព័ត៌មានដែលគេរកបានពីរឿងនេះ ភាគច្រើនគឺ អំពីប្រទេសមានឧស្សាហកម្មលូតលាស់ ។ ហើយគ្មានអ្វីដែលធ្វើឲ្យឆ្ងល់ទេថា ការដុតឥន្ធនៈហ្វស៊ីល Fossil Fuels សម្រាប់ ការដឹកជញ្ជូននិងសម្រាប់ធ្វើអគ្គិសនីនោះគឺ នៅក្នុងតួលេខខ្ពស់ជាងគេ ក្នុងការរួមចំណែកដែលបណ្តាលឲ្យមានការផ្លាស់ប្តូរធាតុអាកាស បណ្តាលឲ្យមានទឹកភ្លៀងមានជាតិអាស៊ីដក្នុងនោះ នឹងបណ្តាលឲ្យមានធាតុកខ្វក់ពុលក្នុងបរិស្ថាន។
ក៏ប៉ុន្តែ សេចក្តីរាយការណ៍នោះបានរំលេចឲ្យឃើញថា ការផលិតអាហារជាកត្តាធំ ជាងគេដែលទាញឲ្យបរិស្ថានទៅជាកខ្វក់។ ការចិញ្ចឹមសត្វហើយនិងការកាប់ឆ្ការព្រៃយកដីធ្វើស្រែនិងចំការ ក៏បានបញ្ចេញឧស្ម័នកខ្វក់ច្រើនគួរសមដែរ។ ជីរដាក់ដំណាំនិងថ្នាំសម្លាប់សត្វល្អិតមានរួមចំណែកធំជាងគេធ្វើ ឲ្យទឹកកខ្វក់។ ហើយពិភពលោកដែលចូលចិត្តពិសាម្ហូបឆ្ងាញ់មិនចេះឆ្អែត បានបង្ហិនត្រីក្នុងផែនដី ហើយនិងបានប្រើប្រាស់ដីនិងទឹកសាបច្រើនហួសគួរឲ្យភ័យខ្លាច។
យោង ទៅតាមការសិក្សារបស់ Sangwon Suh សហអ្នកនិពន្ធការស្រាវជ្រាវនៅ សកលវិទ្យាល័យ Santa Barbara នៃរដ្ឋ California គឺថា សេចក្តីត្រូវការសាច់ និងផលិតផលធ្វើពីទឹកដោះគោកាន់តែច្រើនឡើងនោះ កំពុងដាក់សម្ពាធជាពិសេសទៅលើបរិស្ថាន។
“ដើម្បីចិញ្ចឹមគោ លោកអ្នកត្រូវការប្រើអាហារសត្វយ៉ាងច្រើន ហើយដើម្បីបង្កើតអាហារសត្វ លោកអ្នកត្រូវការដី ជីរ ហើយនិងសារធាតុគីមីកសិកម្ម ដែលបែរទៅជាធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានរបស់យើង"។
ក្នុងអនុសាសន៍មួយដែលនាំឲ្យមានរឿងចំរូងចំរាស់នោះ សេចក្តីរាយការណ៍នោះ បានធ្វើការសន្និដ្ឋានថា "ការកាត់បន្ថយការប៉ះពាល់យ៉ាងធំទៅលើបរិស្ថាននោះអាចធ្វើទៅបាន លុះត្រាតែមានការកែប្រែយ៉ាងធំ ក្នុងរបបបរិភោគនៅទូទាំងសកលលោកចេញពីការបរិភោគផលិតផលសត្វ"។
លោក Gale Buchanan អតីតអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម សរអា ថ្លែងថា ការធ្វើដូច្នេះគឺជាទង្វើជ្រុលហួសហេតុពេក។
“ប្រតិកម្ម របស់ខ្ញុំទៅលើឯកសារនេះគឺថា យើងមានបញ្ហាច្រើន។ ដើម្បីដោះស្រាយបញ្ហានេះ គឺយើងត្រូវខំធ្វើការស្រាវជ្រាវ ជាជាងធ្វើការផ្លាស់ប្តូររបបទាំងមូលរបស់មនុស្សជាតិនោះ"។
លោក Buchanan មានជំនឿថា ជាធម្មជាតិរបស់មនុស្សដែលចង់បានសាច់និងផលិតផលធ្វើពីទឹកដោះគោ ឲ្យច្រើនថែមទៀត ហើយការនេះ គឺគេពិបាកផ្លាស់ប្តូរណាស់។ លោក Buchanan បាន អំពាវនាវសុំឲ្យបង្កើនការស្រាវជ្រាវ សំដៅទៅរកការបង្កើនផលិតផលអាហារ ដែលនឹងជួយកាត់បន្ថយផលអាក្រក់របស់កសិកម្មទៅលើបរិស្ថានផងដែរ ៕