ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​ FAO ដោះស្រាយ​បញ្ហា​ជំងឺ​ក្រិន​​នៅ​ស៊ីមបាវ៉េ

  • Sebastian Mhofu

ស្ត្រី​មួយ​ចំនួន​ និង​កូនៗ​របស់​ពួកគេ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក Mutare ភាគ​ខាង​លិច​រង់ចាំ​អាហារ​ដែល​ចម្អិន​រួច​ ក្នុង​ខែ​ធ្នូ ឆ្នាំ២០១៥ នៅ​ក្រោម​កម្មវិធី​សន្តិសុខ​ស្បៀងអាហារ​ និង​ជីវភាព​រស់នៅ​របស់​អង្គការ​ FAO ក្នុង​ប្រទេស​ស៊ីមបាវ៉េ។

នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ កំពុង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ចម្បង​អំពី​កង្វះ​អាហារូបត្ថម្ភ​កុមារ។​ ពលរដ្ឋ​ចំនួន​មួយ​ភាគ​បី​មិន​មាន​ការ​លូតលាស់ ឬ​ក្រិន។​

នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ (Zimbabwe) អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ កំពុង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ចម្បង​អំពី​កង្វះ​អាហារូបត្ថម្ភ​កុមារ។​ កិច្ចខិតខំ​ប្រឹងប្រឹង​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់​រដ្ឋាភិបាល​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ចំនួន​មួយ​ភាគ​បី​មិន​មាន​ការ​លូតលាស់ ឬ​ក្រិន ​ដោយសារ​តែ​ភាព​ក្រីក្រ​ និង​កង្វះ​អាហារូបត្ថម្ភ។​

នៅ​ក្នុង​ស្រុក​ Mutare ភាគ​ខាង​លិច​ ដែល​មាន​ចម្ងាយ​ប្រហែល​៤០០​គីឡូម៉ែត្រ​ ទិស​អាគ្នេយ៍​នៃ​ក្រុង​ហារ៉ារ៉េ​ (Harare) ​ កុមារៗ​កំពុង​លេង​ និង​រង់ចាំ​ទទួល​អាហារ​ដែល​ចម្អិន​ដោយ​ស្រ្តី​មួយ​ក្រុម។​ ស្រ្តី​ទាំង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​កម្មវិធី​សន្តិសុខ​ស្បៀង​អាហារ​ និង​ការ​រស់នៅ​របស់​អង្គការ​ FAO ដែល​មាន​ជំនួយ​ថវិកា​ពី​ចក្រភព​អង់គ្លេស​ និង​មាន​គោល​ដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អាហារូបត្ថម្ភ​ និង​សន្តិសុខ​ប្រាក់​ចំណូលសម្រាប់​អ្នក​ធ្វើ​កសិកម្ម​ខ្នាត​តូច​ នៅ​ក្នុង​ស្រុក​ចំនួន​ប្រាំបី។

របាយការណ៍​ស្ទាបស្ទង់​មតិ​ ដែល​រដ្ឋាភិបាល​ស៊ីមបាវ៉េ (Zimbabwe) ​បាន​ធ្វើ​ឡើង​នា​ពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ នៅ​ក្នុង​ស្រុក​ Mutare ភាគ​ខាង​លិច​ មាន​កុមារ​ប្រមាណ​ជា​៤៧​ភាគរយ​កំពុង​ទទួល​រង​នូវ​ការ​មិន​លូត​លាស់ (ក្រិន)។

Memory Gavheta ជា​ភ្នាក់ងារ​អាហារូបត្ថម្ភ​ប្រចាំ​ស្រុក​បាន​ធ្វើ​ការ​ឲ្យ​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោម​គម្រោង​របស់​អង្គការ​ FAO បាន​ឲ្យ​ថា៖

«ការ​មិន​លូត​លាស់​ (បញ្ហា​ក្រិន) នៅ​ទីនេះ​ អាច​និយាយ​បាន​ថា ​មក​ពីការ​ផ្តល់​របប​អាហារ​ដែល​មាន​នៅ​ក្នុង​សង្គម​នេះ ក៏​ដូចជា​បញ្ហា​សុខភាព​ និង​អនាម័យ។​ ហើយ​ក៏​មាន​បញ្ហា​របប​អាហារ​របស់​កូន​ក្មេង​ផង​ដែរ។​ នោះ​គឺ​ជា​រឿង​ដែល​យើង​កំពុង​ព្យាយាម​ផ្តោត​គោលដៅ​ដោះស្រាយ។​ យើង​កំពុង​បង្រៀន​ពួកគេ​អំពី​ការ​ផ្តល់​របប​អាហារ​ដែល​ត្រឹមត្រូវ​ល្អ​ឲ្យ​កូនៗ​របស់​ពួកគេ​ ក៏​ដូចជា​ការអនុវត្ត​អនាម័យ​ផងដែរ»។

ជាទូទៅ​ បញ្ហា​មិន​លូតលាស់ (ក្រិន)​ ចំពោះ​កុមារ​បណ្តាល​មកពី​ខ្វះ​អាហារ​មាន​ជីវជាតិ។​ ហើយ​បញ្ហា​នេះ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កុមារ​នៃ​ប្រទេស​ស៊ីមបាវ៉េ​ឡើយ ព្រោះ​វា​ជា​កន្លែង​ដែល​របត់​អាកាសធាតុ El Nino អាច​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់​ ឬ​ហួតហែង​ដែល​នាំ​ឲ្យ​មាន​ការ​ខ្វះខាត​អាហារ។

អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ស៊ីមបាវ៉េ​ជាង​១​លាន​៣​សែន​នាក់​នឹង​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ​ពី​ពេល​នេះ​ដល់​ខែ​មិនា​ គឺ​នៅ​ពេល​រដូវ​ប្រមូល​ផល​ចាប់ផ្តើម។

ប៉ុន្តែ​ នោះ​មិន​មែន​ជា​រឿង​កើត​ឡើង​ចំពោះ​ នាង Emily Maganyati ដែល​កូនៗ​របស់​នាង​កំពុង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ជំនួយ​របស់​កម្មវិធី​អង្គការ​ FAO។​ នាង​បាន​និយាយ​ថា​ កាលពី​មុន​ក្មេងៗ​នៅ​ក្នុង​តំបន់​នេះ​ធ្លាប់​មាន​ជំងី​ kwashiorkorដែល​ជា​ប្រភេទ​ជំងឺ​ខ្វះ​ប្រូតេអ៊ីន​ធ្ងន់ធ្ងរ។

«ពួកយើង​មិន​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ឡើយ​ រហូត​ទាល់​តែ​ដល់​ពេល​យើង​បាន​ទទួល​ការ​បណ្តុះបណ្តាល។​ ពេលនេះ​ យើង​ដឹង​ថា​ អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​មាន​សារៈសំខាន់​សម្រាប់​កូនៗ​របស់​យើង។​ ពួក​យើង​រៀន​អំពី​វិធី​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ដែល​ធ្លាប់​បង្ក​ទៅ​ជា​ជំងឺ​ខ្វះ​ប្រូតេអ៊ីន​ធ្ងន់ធ្ងរ​ kwashiorkor ហើយ​ឥឡូវ​ទៅ​ជា​ជំងឺ​ក្រិន។​ បច្ចុប្បន្ន​ សហគមន៍​ទាំង​មូល​បាន​យល់​ដឹង​អំពី​របប​ទទួល​ទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ហើយ»។

នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ លោក​ប្រធានាធិបតី​ Robert Mugabe បាន​ថ្លែង​ប្រាប់​គណបក្ស​ ZANU-PF របស់​លោក​ថា​ ប្រទេស​ស៊ីមបាវ៉េ​មាន​ពោត​គ្រប់គ្រាន់​នឹង​ប្រើ​បាន​១០​ខែ​ទៀត។​ ពោត​ជា​អាហារ​ចម្បង​របស់​ប្រទេស​មួយ​នេះ។ ​លោក​បាន​និយាយ​ថា លោក​ Patrick Chinamasa ​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ នឹង​នាំ​ចូល​ពោត​បន្ថែម​ ដើម្បី​ឲ្យ​ប្រទេស​ស៊ីមបាវ៉េ​មាន​អាហារ​គ្រប់គ្រាន់​ដល់​ឆ្នាំ​២០១៧៕​

ប្រែសម្រួលដោយ៖​ សើ​ សាយ្យាណា​

XS
SM
MD
LG