កន្លែងជិះណូរីថ្មីនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្តប្រមាណ២០គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការហើយរហូតមកដល់ពេលនេះ ក្រោយពីអាជ្ញាធរ បានបិទកន្លែងចាស់ក្នុងស្រុកសង្កែ ដើម្បីជួសជុលផ្លូវដែកឡើងវិញ។
អាជ្ញាធរស្រុកបាណន់ បានអះអាងថា ទីតាំងជិះណូរីថ្មីនេះ មានសក្តានុពលខ្លាំងជាងទីតាំងចាស់ ហើយពួកគេសង្ឃឹមថា ទីតាំងថ្មី នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន។
លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានថ្លែងប្រាប់ VOA ថា ទីតាំងជិះណូរីក្នុងស្រុកបាណន់ ជាទីតាំងល្អ ដោយសារអ្នកទេសចរអាចទស្សនាប្រាសាទ ព្រៃឈើ ផ្ទាំងថ្ម ល្អាងភ្នំ និងទេសភាពផ្សេងៗ ក្រៅពីការជិះណូរីកម្សាន្ត។
លោកបន្តថា នេះជាជំហានទីមួយនៃការដាក់ដំណើរការផ្លូវណូរីប្រហែល៤គីឡូម៉ែត្រ ហើយអាជ្ញាធរដែលបានសហការជាមួយដៃគូវិនិយោគ មានគម្រោងធ្វើផ្លូវដែកប្រមាណ២៤គីឡូម៉ែត្រនៅជុំវិញភ្នំបាណន់ ដើម្បីឲ្យអ្នកទេសចរអាចជិះកម្សាន្ត មើលទេសភាពជុំវិញភ្នំនោះបាន។
លោកបានបញ្ជាក់ថា៖ «បាទជំហានហ្នឹង យើងធ្វើឲ្យបានជុំនៃជួរភ្នំបាណន់ ដែលយើងរក្សាព្រៃឈើបានជិត៨00ហិកតាហ្នឹង។ យើងធ្វើតាមផ្លូវហ្នឹងទៅ ទីមួយឲ្យទេសចរបានឃើញពីធម្មជាតិ ដែលសហគមន៍ព្រៃឈើបានថែរក្សា។ ទីពីរចង់ឲ្យភ្ញៀវទេសចរបានកម្សាន្តល្អាងប្រជៀវដែលគាត់ធ្លាប់តែដឹងល្អាងនៅភ្នំសំពៅ យើងនេះមានល្អាងមួយទៀត គឺល្អាងព្រះរាជទ្រព្យនៅជួរភ្នំរំសាយសក់»។
អភិបាលស្រុករូបនេះ បានអះអាងទៀតថា ការបើកណូរីនៅស្រុកបាណន់ នឹងផ្ដល់ប្រយោជន៍ច្រើនដល់សហគមន៍នៅទីនោះ តាមរយៈការប្រកបរបរលក់ដូរផ្សេងៗដល់ភ្ញៀវទេសចរ។ លោកបញ្ជាក់ថា ទីតាំងថ្មី មានលក្ខណៈល្អប្រសើរជាងទីតាំងចាស់។
លោកបានថ្លែងប្រាប់VOAថា៖ «ខ្ញុំយល់ថា វាច្រើនជាងពីព្រោះអានេះ មានសក្ដានុពលជាង។ ឯណោះ ជិះតែតាមឃើញតែវាលស្រែ អានេះយើងមើលទៅតាមព្រៃ ហើយយើងមានល្អាងជាច្រើន ភ្ញៀវចង់ចូលល្អាង ចូលអីហ្នឹង ទៅមុខយើងអភិវឌ្ឍល្អាងអីទៀត»។
បើតាមអភិបាលស្រុកដដែល មន្រ្តីជំនាញកំពុងតែពិចារណាអំពីការបែងចែកប្រាក់ចំណូលនៃសេវាទេសចរណ៍ណូរីនេះ ក្នុងចំណោមដៃគូវិនិយោគ សហគមន៍ និងអាជ្ញាធរ។
លោក ជុំ ញ៉ មានប្រសាសន៍ថា បច្ចុប្បន្ននេះ មានណូរីចំនួន៧ដែលកំពុងដំណើរការដឹកភ្ញៀវទេសចរ ហើយនៅដំណាច់ខែមករានេះ អាជ្ញាធរ នឹងរៀបចំឲ្យមានណូរីចំនួន១៣ទៀត។
រដ្ឋាភិបាល បាននិងកំពុងជួសជុលផ្លូវដែកប្រវែងប្រហែល៣៨៦គីឡូម៉ែត្រ ដែលធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃ។ ផ្លូវរថភ្លើងនេះ រំពឹងថានឹងដំណើរការឡើងវិញ នៅមុនខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមប្រធាននាយកដ្ឋានផ្លូវដែក លោក ច័ន្ទ សំលេង។
ដោយសារផ្លូវដែកមិនត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំ ប្រជាជនមួយចំនួនបានប្រើប្រាស់ផ្លូវដែកទាំងនោះបើកជាណូរី ដើម្បីដឹកប្រជាជន និងទំនិញ។ ក្រៅពីបម្រើជាការជិះកម្សាន្ត សម្រាប់ភ្ញៀវទេសចរនៅខេត្តបាត់ដំបង កន្លងទៅ ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ បានប្រើប្រាស់ណូរី សម្រាប់ដឹកទំនិញ និងអ្នកធ្វើដំណើរ។
រដ្ឋាភិបាល បានលើកឡើងថា ការបើកណូរីតាមផ្លូវដែកនេះ គឺខុសច្បាប់ ហើយអាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ជាង២០ឆ្នាំមកហើយ ការបើកណូរីនៅលើផ្លូវដែកចាស់ បានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក្នុងនោះមានការកម្រៃសេវាបើកណូរី និងការលក់ដូរមួយចំនួនដល់ភ្ញៀវទេសចរ។ នៅទីតាំងចាស់ក្នុងឃុំអូរដំបង អ្នកជិះណូរីអាចមើលឃើញផ្ទះអ្នកភូមិ ព្រៃតូចៗនៅតាមផ្លូវ និងវាលស្រែ។
ណូរីធ្វើពីបន្ទះឈើ បន្ទះឫស្សី កង់ដែកនិងម៉ាស៊ីនទាញសម្រាប់បំពាក់លើផ្លូវដែកពេលធ្វើដំណើរ។ ការដំឡើងណូរីមួយ អាចចំណាយប្រាក់ប្រមាណ៣០០ទៅ៥០០ដុល្លារ។ នេះបើតាមអ្នកបើកណូរី។
ក្រោយពីការបិទណូរីនៅទីតាំងចាស់ ប្រជាជនមួយចំនួននៅក្នុងស្រុកសង្កែ ដែលធ្លាប់ពឹងផ្អែកលើការជិះណូរីទេសចរណ៍នេះជាងជិតពីរទសវត្សរ៍មកនោះ បានបាត់បង់ចំណូលរបស់ពួកគេ។
លោក ភាជ ទុំ អាយុ៥២ឆ្នាំ ដែលបានបើកណូរីប្រហែល២០ឆ្នាំមកហើយ បានថ្លែងថា លោកនៅបន្តបើកណូរីនៅលើផ្លូវដែកប្រហែល២៥០ម៉ែត្រ ក្បែរទីតាំងចាស់ ដែលបច្ចុប្បន្ននេះ មានតែណូរី៤ប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា ចំណូលពីការបើកណូរីនេះបានធ្លាក់ចុះពី៤ម៉ឺនរៀល មកត្រឹមតែ២ម៉ឺនរៀលតែប៉ុណ្ណោះ។
លោកបន្តថា លោកមិនអាចទៅបើកណូរីនៅកន្លែងថ្មីនោះទេ ដោយសារទីតាំងឆ្ងាយពីកន្លែងលោករស់នៅ។
លោកមានប្រសាសន៍ថា៖ «អត់ផងទៅអត់កើតឆ្ងាយ មួយថ្ងៃគេឲ្យ៣ម៉ឺន ហើយសោហ៊ុយម៉ូតូឌុបឡើងចុះៗ អ្នកណាទៅដឹកសល់ ៣ម៉ឺននោះ»។
លោក ស៊ន បូរ៉ា អាយុ៤១ឆ្នាំ ដែលធ្លាប់បើកណូរីជាង១០ឆ្នាំមកហើយ មានប្រសាសន៍ដូចគ្នានឹងលោក ភាជ ទុំ ដែរថា លោកមិនអាចទៅបើកណូរីនៅទីតាំងថ្មីទេ ដោយសារវាស្ថិតនៅឆ្ងាយពីផ្ទះរបស់លោក។ លោកបន្តថា លោកបានរត់ម៉ូតូឌុបនាពេលបច្ចុប្បន្ននេះ ដោយរកបានតែពី១ម៉ឺនរៀលទៅ១៥,០០០រៀលតែប៉ុណ្ណោះ ដែលចំណូលនេះ ទាបជាងចំណូលដែលលោករកបានពីការបើកណូរី ។
លោកបានឲ្យដឹងទៀតថា ទីតាំងបើកណូរីថ្មី មានផ្លូវឡើងចុះ ដែលលោកបារម្ភអំពីសុវត្ថិភាពផងដែរ។
លោកមានប្រសាសន៍ថា៖ «អត់ផង ខ្ញុំអត់ទៅទេ ព្រោះផ្លូវវាចុះឡើង ខ្ញុំអត់ហ៊ានទេ។ វាខ្លាចដាច់ហ្រ្វាំងដាច់អី ខ្លាចដល់ពេលដាច់ហ្រ្វាំងទៅ វាគ្រោះថ្នាក់ភ្ញៀវ យើងទទួលខុសត្រូវ ត្រូវសងគេ»។
អភិបាលស្រុកបាណន់ លោក ជុំ ញ៉ បានអះអាងថា ក្រុមជំនាញបានត្រួតពិនិត្យបញ្ហាទាំងនេះរួចហើយ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ VOA ថា អាជ្ញាធរមិនអនុញ្ញាតឲ្យណូរីបើកបរនៅលើផ្លូវដែកនោះទេ។
លោក សង ទិ អ្នកនាំភ្ញៀវជិះណូរីនៅទីតាំងថ្មីក្នុងស្រុកបាណន់ មានប្រសាសន៍ថា អ្នកបើកណូរីអាចទទួលបានប្រាក់ខែ៩០ម៉ឺនរៀល និងប្រាក់ថ្ងៃមួយម៉ឺនរៀល។ លោកបន្តថា បច្ចុប្បន្ននេះ មានណូរីចំនួន៧ប៉ុណ្ណោះកំពុងដំណើរការ ហើយមិនសូវជាមានភ្ញៀវបរទេសជិះ ដូចនៅទីតាំងចាស់នោះទេ៕