ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញផ្លូវដែកកម្ពុជា​កើត​ ដំណើរ​ការ​ណូរី​ស្លាប់


អ្នក​ដំណើរ​​ជិះ​ណូរី​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​។
អ្នក​ដំណើរ​​ជិះ​ណូរី​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​។

ភ្នំពេញ៖ រថ​ភ្លើងបាន​ចាប់​ផ្តើម​ចរាចរនៅ​លើផ្លូវ​ដែក​មួយ​ខ្សែ ដែល​ធ្លាប់​ត្រូវបាន​បោះ​បង់​ចោលនៅ​ក្នុងប្រទេស​កម្ពុជា។ ព័ត៌មាន​នេះគឺ​ជា​លើកដំបូងបង្អស់ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ដែល​រថ​ភ្លើងដំណើរការ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​នេះ​ ហើយ​ធ្វើ​ឲ្យ​ក្តី​សុបិន្ត​អំពី​ការ​ពង្រីកផ្លូវ​ដែក​ទូ​ទាំង​អាស៊ីកាន់តែជិតក្លាយ​ជា​ការ​ពិត។

ជម្លោះ​ជា​ច្រើន​ទសវត្សរ៍ បាន​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទាំដល់ហេដ្ឋា​រចនា​សម្ព័ន្ធរបស់​កម្ពុជា ​ដែលរួមមាន​ ផ្លូវ​ថ្នល់ កំពង់​ផែ និង​ផ្លូវ​រថ​ភ្លើង។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​កសាង​ឡើង​វិញ ហើយ​កាល​ពីថ្ងៃ​សុក្រ​មុន នៅ​ឯ​ស្ថានីយ​អយស្ម័យយានរាជ​ធានី​ភ្នំពេញ លោក​រដ្ឋ​មន្ត្រីហិរញ្ញ​វត្ថុ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​មួយ ដើម្បី​បង្ហាញ​ពី​ការ​បើក​ឡើង​វិញ​នូវ​សេវាកម្ម​ផ្លូវ​ដែក​នេះ។

បណ្តាញផ្លូវ​ដែក​កម្ពុជាធ្លាប់​ជា​ខ្សែតភ្ជាប់​មួយ​ដែល​អវត្តមាន​ជា​យូរ​មកហើយ សម្រាប់​ក្តីស្រម៉ៃ​ថា​ នឹង​តភ្ជាប់ពី​ប្រទេស​សឹង្ហបូរីទៅវៀតណាម និង​ចិន ហើយចុង​ក្រោយទៅ​កាន់​ទ្វីប​អឺរ៉ុប​។

សង្គ្រាម និង​ការ​មិន​អើ​ពើ ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវ​ដែកចម្ងាយ៦០០​គី​ឡូម៉ែត្ររបស់កម្ពុជា ស្ថិត​ក្នុង​ស្ថាន​ភាពទ្រុឌ​ទ្រោម​ ដែល​រថ​ភ្លើង​ដ៏​មាន​សម្លេង​កង​រំពង​ កាល​ពីមុន បាន​ប្រែ​មក​ជា​រំកិល​គើមៗ​ក្នុង​ល្បឿន៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​លើ​គន្លង​ផ្លូវ​ដែល​ខ្ទេច​ខ្ទាំ។​ ការកសាង​បណ្តាញ​ផ្លូវ​ដែក​ឡើង​វិញ ត្រូវ​ចំណាយប្រាក់​១៤២លាន​ដុល្លារ ដែលមួយ​ផ្នែក​ធំ​នៃ​ប្រាក់​ចំណាយ​នេះ​បាន​មក​តាម​រយៈ​ប្រាក់​កម្ចី​ពី​ធនាគារអភិវឌ្ឍ​អាស៊ី ហើយ​នៅ​សល់​ប៉ុន្មាន បានពី​រដ្ឋាភិបាល​អូស្រ្តាលី និងរាជ​ធានី​ភ្នំពេញ។

លោក​ពូទូ កាម៉ាយ៉ាណា (Putu Kamayana) ដែល​ជា​ប្រធាន​ធនាគារអភិវឌ្ឍ​អាស៊ី​ប្រចាំនៅកម្ពុជា​ ​បាន​ព្យាករណ៍ថា សេចក្តី​សម្រេច​ចិត្ត​ផ្តល់​សម្បទានផ្លូវ​ដែករយៈ​ពេល​៣០​ឆ្នាំទៅ​ឲ្យ​ក្រុម​ហ៊ុន​អូស្រ្តាលី ឈ្មោះថូល ហូល​ឌីងស៍ (Toll Holdings) នឹង​ទទួល​បាន​ប្រយោជន៍​រយៈ​ពេល​វែងក្នុងវិស័យ​ជា​ច្រើនទៀតក្រៅពី​សេវាកម្ម​ផ្លូវ​ដែក​នេះ។ លោក​ថ្លែង​ថា៖

«នោះ​ជា​វិធាន​ការដ៏​ល្អ​ និង​សំខាន់មួយ​របស់​រដ្ឋាភិបាល។ ជា​ការ​ពិតណាស់ ​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូននឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការប្រកួតប្រជែងរបស់​កម្ពុជានៅ​ក្នុង​សេដ្ឋកិច្ច​សកល​លោក និងជំរុញ​ឲ្យ​មាន​ការ​វិនិ​យោគផ្ទាល់​ពី​បរទេសចូល​មក​កម្ពុជា។»

កាល​ពី​ថ្ងៃ​ពុធ​មុន សាខា​ក្នុង​ស្រុករបស់​ក្រុម​ហ៊ុន Toll ដែល​មាន​ឈ្មោះ​ថា Toll Royal Railway ​បាន​ដឹក​ក្រុម​អ្នក​កាសែត​តាម​រថ​ភ្លើង​ដឹកអ្នក​ដំណើរដែល​ត្រូវបាន​ជួស​ជុលឡើង​វិញ ​ពីរាជធានី​ភ្នំពេញ​ទៅ​ទី​រួម​ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ប្រហែល​៥០​គីឡូ​ម៉ែត្រ​ភាគខាង​ត្បូងរាជ​ធានី​នេះ។

លោក​ដេវីត ឃើរ (David Kerr) ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Toll Royal Railway បាន​រួម​ដំណើរជាមួយ​គ្នានេះ​ដែរ។​ បច្ចុប្បន្ន​នេះ ទំនិញភាគ​ច្រើននៅកម្ពុជា​ត្រូវបាន​ដឹក​ជញ្ជូន​តាមផ្លូវ​ថ្នល់។ លោក​ឃើរ បាន​បញ្ជាក់​ច្បាស់​ថា សេវាកម្ម​ផ្លូវ​ដែក​ថ្មី​នេះ​នឹងមាន​ទិស​ដៅ​កាត់​បន្ថយ​ការដឹក​ទំនិញ​តាមផ្លូវ​ថ្នល់ ហើយបង្កើត​បណ្តាញ​ផ្លួវ​ដែក​ដែល​មិន​សូវ​បំពុល​បរិយាកាស។ លោក​បន្ត​ថា៖

«ជា​ការ​ពិត​ណាស់ ​រថ​ភ្លើងរត់​មួយខ្សែ​ ​ក្នុង​មួយថ្ងៃដឹក​តែស៊ីម៉ង់ត៍មួយ​មុខ​ ដូច្នេះ​មានស៊ីម៉ង់ត៍​យ៉ាង​ច្រើននៅ​កម្ពុជា។ ហើយ តភ្ជាប់​ជាមួយ​ការ​ដឹក​តាម​កប៉ាល់ ​ដែល​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ឆ្ពោះ​ទៅ​កាន់ប្រទេស​ចិន ​អាមេរិក និង​ឆ្លង​កាត់តាម ​សឹង្ហបូរី។ ដូច្នេះ​យើង​នឹង​អភិវឌ្ឍ​យុទ្ធសាស្ត្ររបស់​យើង ដោយ​សហការជាមួយ​នឹង​ការដឹក​តាម​កប៉ាល់ ដើម្បី​អភិវឌ្ឍ​សេវាកម្ម​បែប​នោះ។ ​មានអំបិល​ច្រើន​ ដែល​ត្រូវ​បាន​ដឹក​ឆ្លង​កាត់​តាម​កម្ពុជា ព្រម​ទាំងការ​ដឹក​អង្ករ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ក៏ដូចជាការ​ដឹកអំពៅទៀត​ផង»។

ផល​ប្រយោជន៍​មួយ​ទៀត​នោះគឺ​ថា ផ្លូវ​ថ្នល់នឹង​មាន​សុវត្ថិ​ភាព និងជាប់បាន​យូរ​អង្វែងជាងមុន។​ ​លោក​ឃើរ បាន​ថ្លែង​ថា សេវាកម្ម​ផ្លូវ​ដែក​នេះ បាន​កាត់​បន្ថយការដឹក​ទំនិញតាម​ផ្លូវ​ថ្នល់ក្នុង​អត្រា​១​ភាគ​៥។ ប៉ុន្តែ ដោយ​សារ​ការ​ដឹក​ទំនិញជាប្រភព​ចំណូល​ សេវាកម្ម​ដឹក​អ្នក​ដំណើរធម្មតា ប្រហែលជា​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​ទេ។ ជំហាន​ដំបូង​របស់ក្រុម​ហ៊ុន​ Toll គឺ​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវរថ​ភ្លើង​ចម្ងាយ១១០​គីឡូម៉ែត្រ ដែលចរាចរ​ទៅ​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានីនេះ ឆ្ពោះ​ទៅ​កាន់ទូក​មាស។ នោះ​ជា​ខ្សែ​រថ​ភ្លើង​ ដែល​បើកឲ្យ​ប្រើ​ប្រាស់​កាល​ពី​សប្តាហ៍​មុន។ ផ្លូវរថ​ភ្លើង​បន្ទាប់ ដែល​ចរាចរ​ក្នុង​ចម្ងាយ១៤០​គី​ឡូ​ម៉ែត្រ ពី​ទូកមាស​ឆ្ពោះ​ទៅ​កាន់ក្រុង​ព្រះ​សីហនុគ្រោងនឹងជួស​ជុលឲ្យរួច​រាល់នៅខែ​ឧសភា។

នៅ​ពេល​ខ្សែ​រថ​ភ្លើង​នេះ​សង់​រួច​ហើយ ក្រុម​ហ៊ុន Toll នឹង​ចាប់​ផ្តើមជួស​ជុល​ខ្សែ​រថភ្លើងចម្ងាយ៣៩០​គី​ឡូ​ម៉ែត្រទៀត​ ​ដែលចរាចរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ ចេញ​ពីរាជធានី​ភ្នំពេញ ​ឆ្លង​កាត់ខេត្ត​បាត់​ដំបង មុននឹង​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។ ខ្សែ​រថ​ភ្លើង​នោះ គ្រោង​នឹង​បញ្ចប់​នៅ​ក្នុងឆ្នាំ​២០១២។

បន្ទាប់​មក ចន្លោះ​តែ​មួយ​គត់​ដែល​ត្រូវ​ភ្ជាប់ផ្លូវ​រថ​ភ្លើងទូ​ទាំង​អាស៊ី​ គឺ​ខ្សែតភ្ជាប់​រវាងរាជ​ធានី​ភ្នំពេញ​ និង​ទី​ក្រុង​ហូជីមិញ។ រដ្ឋាភិបាល​ទាំង​ពីរបាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​សាង​សង់ខ្សែតភ្ជាប់​មួយ​នេះ​ ប៉ុន្តការ​សាង​សង់មិន​ទាន់​ចាប់​ផ្តើមនៅ​ឡើយទេ។

រាល់​គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ នាំ​ឲ្យ​មាន​អ្នក​ឈ្នះ និង​អ្នកចាញ់។ អ្នក​ចាញ់ក្នុ​ងគម្រោង​នេះ គឺ​សហគ្រិនមូល​ដ្ឋាន ដែល​ដំណើរ​ការ​សេវាកម្ម​ផ្លូវ​ដែក​ក្រៅផ្លូវ​ការ ក្នុងរយៈចម្ងាយជិតៗ នៅ​លើផ្លូវដែក​ដែល​ខ្ទេច​ខ្ទាំ​នៅ​កម្ពុជាភាគ​ខាង​លិច​។ គ្រឿង​យន្ត​របស់​ពួក​គេ ត្រូវបាន​ស្គាល់ថា​ជា ណូរី ដែល​មាន​រាង​ដូចគ្រែរនាប​ឬស្សី​យ៉ាង​ធំ​មួយ​ ​ដែល​ដាក់​បន្តុប​នៅលើកង់​ពីរ​ជួរ​ផលិត​ពីដែកថែប។ អ្នក​ដំណើរ​អង្គុយ​លើ​គ្រែ​រនាប​ឬស្សី​នេះ​ជាមួយ​នឹង​ឥវ៉ាន់របស់គេ។ គ្មានកៅ​អី និងគ្មានរបង​ខ័ណ្ឌ​ទេ។ វាដំណើរ​ការ​ដោយ​ម៉ាស៊ីន​តូច​មួយ ដែល​អាច​ចរាចរនៅលើ​ផ្លូវ​ដែក​ក្នុងល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

គេ​ត្រូវ​ការ​ពេល​តែ​មួយ​នាទី​ប៉ុណ្ណោះ ក្នុង​ការ​រុះ​រើណូរី។​ ការ​រុះ​រើ​ធ្វើ​ឡើងនៅ​ពេលដែលណូរី​ពីរជួប​ទល់​មុខ​គ្នា​នៅ​លើ​ផ្លូវ​ដែក​តែ​មួយ ដោយទាម​ទារឲ្យ​មាន​ការ​អធ្យាស្រ័យដល់​គ្នា ដែល​អ្នក​បើក​បរ​ដឹក​របស់​ស្រាល​ជាង ត្រូវ​រុះ​រើកម្រាលហោះរបស់​ខ្លួន​ ដើម្បី​ទុក​ឲ្យណូរី​ ដែល​ដឹក​របស់​ធ្ងន់​ជាងឆ្លង​កាត់។

លោក​ប្រាក់ ភា ដែល​បាន​ប្រកប​របរ​នៅ​លើ​ផ្លូវ​ដែក​នេះអស់​រយៈ​ពេល​១៦​ឆ្នាំ​មក​ហើយ នៅ​ខាង​ក្រៅ​ទីរួម​ខេត្តពោធិ៍​សាត់ ដែល​មាន​ចម្ងាយប្រហែល​២០០​គី​ឡូ​ម៉ែត្រ ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ និងរក​ប្រាក់​ចំណូល​បាន​រហូត​ដល់​៥០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ​បាន​ដឹង​អំពីការ​ជួស​ជុលផ្លូវ​ដែក​ ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ ថា​តើ​លោក​នឹង​ធ្វើ​ការ​ងារ​អ្វី​នៅ​ឆ្នាំ​ក្រោយ​នេះ។

ច្បាប់ស្តី​ពី​ការ​ជួស​ជុលហេដ្ឋា​រចនា​សម្ព័ន្ធ បាន​ចែង​ថា ជន​ណា​ដែល​ទទួល​ផល​ប៉ះ​ពាល់ ត្រូវ​តែមាន​សំណង។ លោក​ប្រាក់ ភា ដែល​ខឹង​សម្បារ បាន​និយាយ​ថា អ្នក​បើក​បរ​ណូរី​ភាគ​ច្រើននៅ​តាម​ទី​ក្រុង​ដទៃៗ បាន​ទទួល​ប្រាក់​ចំនួន​២៥០​ដុល្លារ​សម្រាប់​ម្នាក់ៗ ប៉ុន្តែ​នៅ​កន្លែង​របស់​លោក មាន​តែ​៤​នាក់ ក្នុង​ចំណោម​១៥​នាក់មិន​បាន​ទទួល​អ្វី​សោះ ដោយ​សារ​គ្មាន​អ្នក​ណា​ប្រាប់​ពួក​គេ អំពី​របៀប និង​កាល​បរិច្ឆេទ​នៃ​ការចុះឈ្មោះ​។​ លោក​បន្ត​ថា៖

«កាល​ពី​គេ​ចុះ​មក​សម្ភាស​ គេ​បើក​មកជួប​ណូរី​មួយ​ណា​ គេ​សម្ភាស​ណូរី​ហ្នឹង។ ហើយ​ខ្ញុំ​អត់បាន​រត់​ រវល់​នៅ​ផ្ទះ។ អញ្ចឹង​អត់​ បាន​»។

លោក​ពូទូ កាម៉ាយ៉ាណា បាន​សន្យា​ថា ធនាគារ​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សាជាមួយរដ្ឋា​ភិបាល។ តែ​ទោះ​យ៉ា​ង​ណា ក្នុង​រយៈ​ពេល​១២​ខែ​ទៀត​ លោក​ប្រាក់ ភា អាច​បន្ត​របរចិញ្ចឹម​ជីវិត​ នៅ​លើ​ផ្លូវ​ដែកដែល​ខ្ទេច​ខ្ទាំ​នោះដដែល។​ស៊ីរ៉ែនរថភ្លើង​ដឹក​ទំនិញចាប់បន្លឺ​ឡើង​ពី​រាជធានី​ភ្នំពេញ គឺជា​សញ្ញា​នៃ​ការផ្តើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ឡើង​វិញនូវបណ្តាញ​អយស្ម័យយាន បន្លឺ​ស៊ីរ៉ែន​នេះ​ក៏​ជា​សញ្ញាអវសាននៃ​ណូរី​ ដែល​ដំណើរ​ការ​អស់រយៈ​ពេល​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ​ដែរ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG