ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​បារម្ភ​បាត់បង់​ចំណូល​ខណៈ​ណូរី​ទេសចរណ៍​ខេត្ត​បាត់ដំបង​នឹង​បិទ​នៅ​ខែ​ក្រោយ


លោក ង៉ុល ងួន អាយុ​៥៦​ឆ្នាំ ជា​អ្នក​បើក​ណូរី​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង អស់រយៈ​ពេលជិត​២០ឆ្នាំ​មក​ហើយ ដែល​ជាមុខ​របរ​មួយ​លោក​អាច​រក​ចំណូល​បាន​ ដើម្បី​ចិញ្ចឹម​ខ្លួន និង​គ្រួសារ។ (ស៊ុន ណារិន/VOA)
លោក ង៉ុល ងួន អាយុ​៥៦​ឆ្នាំ ជា​អ្នក​បើក​ណូរី​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង អស់រយៈ​ពេលជិត​២០ឆ្នាំ​មក​ហើយ ដែល​ជាមុខ​របរ​មួយ​លោក​អាច​រក​ចំណូល​បាន​ ដើម្បី​ចិញ្ចឹម​ខ្លួន និង​គ្រួសារ។ (ស៊ុន ណារិន/VOA)

មន្រ្តី​នាយកដ្ឋាន​ផ្លូវ​ដែក​បាន​ឲ្យ​ដឹង​ថា កន្លែង​ជិះ​ណូរី​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​នឹង​ត្រូវ​បិទ​ចាប់​ពី​ខែ​ក្រោយ​ទៅ ខណៈ​រដ្ឋាភិបាល​កំពុង​ជួសជុល​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨។ អាជ្ញាធរ​ស្រុក​បាន​អះអាង​ថា ខ្លួន​កំពុង​តែ​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កន្លែង​ជិះ​ណូរី​ទេសចរណ៍​ថ្មី​មួយ​នៅ​ក្នុងស្រុក​បាណន់។ ប៉ុន្តែ​យ៉ាង​នេះ​ក្តី​ ​ប្រជាជន​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​អូរ​ដំបង ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ដែល​ធ្លាប់​ពឹង​ផ្អែក​លើ​ការ​ជិះ​ណូរី​ទេសចរណ៍​នេះ​ជាង​ជិត​ពីរ​ទសវត្ស​មក​នោះ ​បារម្ភ​អំពី​ការ​បាត់​បង់​ចំណូល។

វា​មាន​រយៈ​ពេល​ជិត​២០ឆ្នាំ​ហើយ ដែល​លោក ង៉ុល ងួន អាយុ​៥៦​ឆ្នាំ បាន​ដឹក​ភ្ញៀវ​ទេសចរ​ជិះ​ណូរី​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ជីវភាព​របស់​លោក​ក្នុង​រយៈពេល​ជិត​២០ឆ្នាំ​នេះ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​ដឹក​ភ្ញៀវ​ទេសចរ​ ខណៈ​ការ​ជិះ​ណូរី​កម្សាន្ត​នេះ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

ស្លៀក​ខោ​ជើង​ខ្លី ពាក់អាវ​ស​ដៃ​វែង តែ​កាត់​ដៃ​ឲ្យ​ខ្លី និង​ពាក់​មួក​ពណ៌​ស ដើម្បី​ការពារ​កម្តៅ​ថ្ងៃ លោក ង៉ុល ងួន បាន​ថ្លែង​ប្រាប់​ VOA ​ថា លោក​បាន​ឭ​ដំណឹង​បិទ​ណូរី​ទេសចរណ៍​មួយ​នេះ​យូរ​ឆ្នាំ​មក​ហើយ តែ​លោក​ថា មិន​ទាន់​មាន​សកម្មភាព​អ្វី​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​នឹង​បិទ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយសារ​ត្រូវ​ជួសជុល​ផ្លូវ​ដែក​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង ដើម្បី​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ។

លោក ង៉ុល ងួន បាន​ថ្លែង​ប្រាប់​ VOAថា៖

«បាទ​រឿង​ដំណឹង​បិទ​ហ្នឹង ឭ​ថា​បិទ​យូរ​ហើយ​ ប៉ុន្តែ​តិច​ទៅ ថា​បិទ​ខែ​នេះ តិច​ទៅ​ ថា​បិទ​ខែ​នោះ ប៉ុន​មិន​ទាន់​ចេះ​ឃើញ​បិទ»។

ណូរីទេសចរណ៍​នៅ​ខេត្តបាត់ដំបង ត្រៀម​ចេញ​ដំណើរ កាល​ពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ណូរីទេសចរណ៍​នៅ​ខេត្តបាត់ដំបង ត្រៀម​ចេញ​ដំណើរ កាល​ពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក ង៉ុល ងួន ដែល​មាន​សាក់​នៅ​លើ​ដើម​ទ្រូង និង​ដៃ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ប្រាក់​ចំណូល ដោយសារ​ជីវភាព​របស់​លោក​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​បើក​ណូរី​យូរ​ឆ្នាំ​មក​ហើយ។

លោក​បាន​ថ្លែង​ថា៖

«បើ​បិទ​វា​ប៉ះពាល់​ស្តាយ ប្រជាពលរដ្ឋ​ដែល​នៅ​ម៉ា​ជួរ​នេះ​ហ្នឹង​ គឺ​យើង​រកស៊ី​ដែល​បាន​ចិញ្ចឹម​គ្រួសារ​ ចិញ្ចឹម​អី ដោយសារ​អា​ណូរី​នេះ​ដែរ​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា លោក​បាន​ឲ្យ​ដឹង​ថា លោក​អាច​នឹង​ធ្វើ​ជា​អ្នក​រត់​ម៉ូតូ ឬ​កម្មករ​សំណង់ ប្រសិន​បើ​គ្មាន​ចំណូល​ពី​ណូរី​ទេសចរណ៍។

លោក​បញ្ជាក់​ថា៖

«ទេ​ទៅ​រក​មុខ​របរ​ផ្សេង​ទៀត បើ​គេ​បិទ ទៅ​រក​រត់​ម៉ូតូ ឬ​ក៏​រត់​អី​ចេះ​តែ​ទៅៗ ឬ​ក៏​ទៅ​ធ្វើ​កម្មករ បើ​គេ​បិទ​ហើយ យើង​មាន​អី​រក»។

បើ​តាម​លោក ង៉ុល ងួន ក្នុង​មួយ​ថ្ងៃ លោក​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​៣​ទៅ​៥ម៉ឺន​រៀល ដោយ​បញ្ចូល​ទាំង​លុយ​ថ្លៃ​ទឹក​តែ (លុយ​ធីប) ដែល​ផ្តល់​ដោយ​ភ្ញៀវ​ជិះ​ណូរី ហើយ​ភាគច្រើន​ជា​ភ្ញៀវ​បរទេស។

លោក​ ងួន ដែល​ជា​បុរស​ពោះ​ម៉ាយ ​មាន​កូន​៣នាក់ ក្នុង​នោះ​កូន​ពីរ​នាក់​បាន​ទៅ​ធ្វើ​ការ​ ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា សម្រាប់​មួយ​ជើង​ទៅ​វិញ​ទៅ​មក លោក​អាច​រក​ចំណូល​បាន​ពី​៧.០០០​រៀល​ទៅ​១​ម៉ឺន​រៀល ហើយ​ក្នុង​មួយ​ជើង ​តម្លៃ​ធ្វើ​ដំណើរ​ដែល​ប្រជាពលរដ្ឋ​អ្នក​កាន់​ណូរី​យក គឺ​១០​ដុល្លារ។ លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​កន្លែង​ជំនួស​ថ្មី​មួយ​ ដោយសារ​មាន​ភ្ញៀវ​ទេសចរ​ច្រើន ​មក​ជិះ​ណូរី។

លោក ភាជ ទុំ អាយុ​៥២ឆ្នាំ ជាអ្នក​បើក​ណូរី​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង អស់រយៈ​ពេល​ជិត​២០ឆ្នាំ​ ហើយ​ភរិយា​របស់​លោក​ក៏​ជា​អ្នក​លក់ដូរ​ភេសជ្ជៈ នំ​ចំណី​នៅ​កន្លែង​ជិះ​ណូរី​ផង​ដែរ។ (ស៊ុន ណារិន/VOA)
លោក ភាជ ទុំ អាយុ​៥២ឆ្នាំ ជាអ្នក​បើក​ណូរី​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង អស់រយៈ​ពេល​ជិត​២០ឆ្នាំ​ ហើយ​ភរិយា​របស់​លោក​ក៏​ជា​អ្នក​លក់ដូរ​ភេសជ្ជៈ នំ​ចំណី​នៅ​កន្លែង​ជិះ​ណូរី​ផង​ដែរ។ (ស៊ុន ណារិន/VOA)

លោក ភាជ ទុំ អាយុ​៥២​ឆ្នាំ ដែល​បាន​បើក​ណូរី​ប្រហែល​២០​ឆ្នាំ​ដែរ​នោះ បាន​ថ្លែង​ថា លោក​អាច​រក​ចំណូល​បាន​យ៉ាង​តិច​ជាង​១ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ថ្ងៃ​ដែល​មាន​ភ្ញៀវ​ច្រើន ចំណូល​អាច​បាន​ច្រើន​ជាង​នេះ។ លោក​បន្ត​ថា ភរិយា​របស់​លោក​ក៏​លក់ដូរ​របស់​របរ​តិចតួច​នៅ​កន្លែង​ជិះ​ណូរី​ផង​ដែរ។

លោក​យល់​ថា ​ការ​បិទ​ណូរី​នេះ​នឹង​ប៉ះពាល់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​លោក ខណៈ​លោក​មាន​កូន​ពីរ​នាក់​ស្ថិត​ក្នុង​បន្ទុក​ចិញ្ចឹម។

លោក​មាន​ប្រសាសន៍​ថា៖

«យល់​ថា​ ដូច​ពិបាក​ចិត្ត។ ចាស់​ហើយ​ បើ​ចំណាក​ស្រុក​ទៅ​ថៃ​ ទៅ​អី វា​ទៅ​អត់​កើត។ យើង​អត់​មាន​កម្លាំង យើង​ចាស់​ហើយ»។

លោក ភាជ ទុំ មាន​ប្រសាសន៍​ថា​ លោក​មាន​ដី​ចម្ការ​តូច​មួយ​ និង​អាច​ចិញ្ចឹម​គោ មាន់​ទា​តិចតួច នៅ​ពេល​ណូរី​ទេសចរណ៍​ត្រូវ​បាន​បញ្ឈប់។

ស្ថិត​ក្នុង​ស្រុក​សង្កែ​ ចម្ងាយ​ប្រមាណ​១០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ណូរី​ដែល​ទេសចរ​បរទេស​ស្គាល់​ថា «រថភ្លើង​ឫស្សី ឬ​ជា​ភាសា​អង់គ្លេស​គេ​ហៅ​ថា Bamboo Train» បាន​ជួយ​ដល់​ប្រជាជន​ប្រមាណ​៥០​គ្រួសារ​ ដែល​បាន​រក​ស៊ី​ជា​អ្នក​បើក​ណូរី អ្នក​លក់ដូរ​ចំណី​អាហារ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ដើម។

ណូរី​នៅ​ទី​នោះ​មាន​ប្រហែល​ជា​៤៥ ដែល​ធ្វើ​ពី​បន្ទះ​ឈើ​ បន្ទះ​ឫស្សី ​កង់​ដែក​សម្រាប់​បំពាក់​លើ​ផ្លូវ​ដែក​ពេល​ធ្វើ​ដំណើរ និង​ម៉ាស៊ីន​ទាញ។ ណូរី​មួយ​អាច​រៀបចំ​អស់​ប្រាក់​ប្រមាណ​៣០០​ទៅ​៥០០​ដុល្លារ។

​ការ​ជិះ​ណូរី​លើ​ផ្លូវ​ដែក​ប្រហែល​៧គីឡូម៉ែត្រ ត្រូវ​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក។ អ្នក​ទេសចរ​ជា​ធម្មតា ត្រូវ​ចំណាយ​ប្រាក់​១០ដុល្លារ​សម្រាប់​ណូរី​មួយ ដែល​ពួកគេ​អាច​ជិះ​តែម្នាក់​ឯង ឬ​ទៅ​ដល់​បួន​នាក់ ឬ​លើស​ពី​នេះ​ អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្តែង។​

លោក ច័ន្ទ សំលេង ប្រធាន​នាយកដ្ឋាន​ផ្លូវ​ដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ប្រាប់ ​VOA ​ថា ក្រុម​ការងារ​កំពុង​តែ​ជួសជុល​ផ្លូវ​ដែក​នៅ​ក្បែរ​តំបន់​ជិះ​ណូរី។ លោក​បញ្ជាក់​ថា យ៉ាង​យូរ​បំផុត​នៅ​ខែ​ក្រោយ​នេះ នឹង​មាន​ការ​បញ្ឈប់​ណូរី​ទេសចរណ៍​ទាំង​នេះ។

លោក​បាន​ថ្លែង​ថា៖

«ខ្ញុំ​ចង់​ជម្រាប​អញ្ចឹង​ចុះ យ៉ាង​យូរ​បំផុត​ពាក់​កណ្តាល​ខែ​៨​(ខែ​សីហា) គឺ​លែង​ដំណើរ​ការ​បាន​ហើយ​ណូរី គឺ​គាត់​រក​របរ​ផ្សេង​ទៅ»។

លោក​បន្ត​ថា​កន្លង​ទៅ រដ្ឋាភិបាល​ក៏​បាន​ផ្តល់​សំណង​មួយ​ចំនួន​ដល់​ប្រជាជន​ដែល​ធ្វើ​ណូរី​ទុក​ដឹក​អ្នក​ទេសចរ។

រដ្ឋាភិបាល​មាន​គម្រោង​ជួសជុល​ផ្លូវ​ដែក​ប្រវែង​ប្រហែល​៣៨៦​គីឡូម៉ែត្រ​ ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ។ ផ្លូវ​រថភ្លើង​នេះ ​រំពឹង​ថា​នឹង​ដំណើរការ​ឡើង​វិញ នៅ​ខែ​មេសា ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ប្រធាន​នាយកដ្ឋាន​ផ្លូវដែក លោក ច័ន្ទ សំលេង។

ដោយសារ​ផ្លូវ​ដែក​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ ប្រជាជន​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ផ្លូវដែក​ទាំង​នោះ​ធ្វើ​ជា​ណូរី ដើម្បី​ដឹក​ប្រជាជន​ និង​ទំនិញ។ ក្រៅ​ពី​បម្រើ​ជា​ការ​ជិះ​កម្សាន្ត សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​បាត់ដំបង បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ បាន​ប្រើ​ប្រាស់​ណូរី សម្រាប់​ដឹក​ទំនិញ និង​អ្នក​ធ្វើ​ដំណើរ នៅ​លើ​ផ្លូវ​ដែក​ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​ជួសជុល។

រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ការ​បើក​ណូរី​តាម​ផ្លូវ​ដែក​នេះ ​គឺ​ខុសច្បាប់​ ហើយ​អាច​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យថាហេតុ។

លោកស្រី ភួង សុភ័ណ្ឌ អាយុ​៦២ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ​ប្រមូល​ចំណូល​ពី​ការ​ជិះ​ណូរី មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ជាង​៤០​នាក់​បាន​ចងក្រង​ជា​សហគមន៍ ដើម្បី​ប្រមូល​ចំណូល​ពី​ណូរី​ តាម​រយៈ​ការ​ដាក់​វេន​គ្នា។ លោកស្រី​បាន​បញ្ជាក់​ថា ជាង​មួយ​ខែ​ទើប​លោកស្រី​អាច​ដល់​វេន​ម្តង​ ដើម្បី​ទទួល​ចំណូល​ពី​ការ​ជិះ​ណូរី​នេះ។

លោកស្រី​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖

«មួយ​ខែ​ជាង​ បាន​តែ​មួយ​វេន​ហ្នឹង​ឯង។ ហេងស៊យ​ទេ។ មិន​មែន​បាន​អចិន្រ្តៃយ៍​ច្រើន​អីចឹង។ អត់​ទេ​ណា​អូន។​ ជួនកាល​ខែ​អត់​ទៅ បាន​តែ​២០​វេន​អីចឹង​ទេ»។

លោកស្រី សុភ័ណ្ឌ ដែល​បាន​រក​ចំណូល​ពី​ណូរី​នេះ​ជិត​២០ឆ្នាំ​មក​ហើយ បារម្ភ​ថា ការ​បិទ​ណូរី​នឹង​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​រក​ចំណូល​ចិញ្ចឹម​កូន​ចៅ​របស់​លោកស្រី។

លោកស្រី​បញ្ជាក់​ថា៖

«ពិបាកចិត្ត​ដែរ​ហ្នឹង​អូន ឭ​ថា​បិទ​ទៅ មិន​ដឹង​ទៅ​រក​អី ដូច​ថា​អ៊ំ​ចាស់ៗ ចំណាក​ស្រុក​អត់​បាន។ សង្ឃឹម​ថា ​បាន​អាហ្នឹង​ទៅ គ្រាន់​ចិញ្ចឹម​ជីវិត​តិច​តក់។ ចៅ​រៀន​ផង ខ្លួន​ឯង បាន​ដោយសារ​ណូរី។ ដល់​គេ​បិទ​ទៅ អ៊ំ​ពិបាក​ដែរ​ហ្នឹង។ អ៊ំ​ចង់​ថា​ប្រសិន​បើ​គេ​បិទ ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ឲ្យ​អ៊ំ​មាន​ការងារ​អី​ផ្សេង​ធ្វើ​ទៀត​ណា»។

លោក នូ សេង ដែល​ជា​នគរបាល​ទេសចរណ៍​ម្នាក់ នៅ​តំបន់​ជិះ​ណូរី​នោះ មាន​ប្រសាសន៍​ថា ​លោក​បាន​ធ្វើការ​នៅ​ទីនោះ​ជិត​៨ឆ្នាំ​មក​ ដោយ​ទទួល​បាន​ចំណូល​ខ្លះ​ពី​អ្នក​ភូមិ​ដែល​ប្រមូល​ចំណូល​ពី​ណូរី។ លោក​បន្ត​ថា មុខរបរ​ជិះ​ណូរី​នេះ បាន​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ល្អ​ប្រសើរ ដោយ​ពួកគេ​អាច​ចិញ្ចឹម​គ្រួសារ និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​មាន​ការ​សោក​ស្តាយ​ចំពោះ​ទៅ​មុខ​ទៀត អស់​ណូរី​ឈប់​ដំណើរការ ប្រសិន​បើ​រដ្ឋាភិបាល​លោក​អាច​រៀបចំ​កន្លែង​ណា​មួយ ដែល​អាច​បម្រើ​នូវ​វិស័យ​ទេសចរណ៍​បាន​យើង​សប្បាយ​ចិត្ត ដើម្បី​ឲ្យ​សហគមន៍​យើង​មាន​ការ​អភិវឌ្ឍ​ជា​និរន្តរ»។

បើ​តាម​លោក នូ សេង ក្នុង​មួយ​ថ្ងៃ​ អាច​មាន​ភ្ញៀវ​បរទេស ចាប់​ពី​៤០ទៅ​១០០​នាក់ អាស្រ័យ​លើ​រដូវ​កាល​មាន​ភ្ញៀវ​តិច​ ឬ​ច្រើន។

លោក នូ សេង បាន​ឲ្យ​ដឹង​ទៀត​ថា មិន​ដែល​មាន​គ្រោះថ្នាក់​ធំដុំ​ណា​មួយ​កើត​ឡើង​នោះ​ទេ ដោយសារ​អ្នក​បើក​ណូរី​ទាំង​អស់ ត្រូវ​បាន​ណែនាំ​ឲ្យ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន និង​យឺតៗ គឺ​ត្រឹម​តែ​ល្បឿន​ចាប់​ពី​២០​ទៅ​២៥​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ​ក្នុង​មួយ​ម៉ោង។

ផ្លូវ​ណូរី​បើកបរ​ឆ្លងកាត់​ស្ពានថ្ម ដែល​រដ្ឋាភិបាល​នឹង​ជួសជុល​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ដាក់​ផ្លូវ​ដែក​មួយ​នេះ ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
ផ្លូវ​ណូរី​បើកបរ​ឆ្លងកាត់​ស្ពានថ្ម ដែល​រដ្ឋាភិបាល​នឹង​ជួសជុល​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ដាក់​ផ្លូវ​ដែក​មួយ​នេះ ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

អាជ្ញាធរ​ស្រុក​បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ អ្នក​វិនិយោគ​ក្នុង​ស្រុក បាន​កំពុង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ទីតាំង​ជិះ​ណូរី​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​បាណន់ ដែល​មាន​ចម្ងាយ​ប្រហែល​២០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។

លោក ជុំ ញ៉ អភិបាល​ស្រុក​បាណន់ បាន​ថ្លែង​ប្រាប់​ VOA ​ថា នឹង​មាន​កន្លែង​ថ្មី​មួយ​ក្នុង​ស្រុក​បាណន់ ដែល​លោក​ថា ជា​ទី​តាំង​ល្អ​មួយ​ ដោយសារ​អ្នក​ទេសចរ​អាច​ទស្សនា​ប្រាសាទ ភ្នំ និង​ទេសភាព​ផ្សេងៗ ក្រៅ​ពី​ការ​ជិះ​ណូរី​កម្សាន្ត។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖

«នៅ​ពេល​វិនិយោគ​ហើយ ខ្ញុំ​ជឿ​ជាក់ ​ភ្ញៀវ​ទេសចរ​កើន​ជាង​មុន ពីព្រោះ​វា​មាន​ច្រើន​កន្លែង​ខ្ញុំ​ហ្នឹង។ ទី​មួយ​អេកូ​ទេសចរណ៍ ប្រាសាទ​បុរាណ​(ប្រាសាទ​បាណន់) ហើយ​ភ្នំ​ប្រវត្តិសាស្ត្រ ភ្នំ​សំពៅ​ហ្នឹង។ ហើយ​ពេល​ល្ងាច ភ្ញៀវ​ទេសចរ​អាច​មើល​សត្វ​ប្រជៀវ​ដែល​ចេញ​ពី​ល្អាង»។

អ្នកស្រី អៀន សុខអេង អាយុ៤០ឆ្នាំ ជា​អ្នក​លក់​ភេសជ្ជៈ និង​នំចំណី​មួយ​ចំនួន ក្បែរ​កន្លែង​ជិះ​ណូរី បាន​លើក​ឡើង​ថា អ្នកស្រី​មិន​អាច​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​តំបន់​ក្នុង​ស្រុក​បាណន់​នោះ​ទេ ដោយសារ​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​បច្ចុប្បន្ន។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«ទៅ​ឆ្ងាយ​ពេក ខ្ញុំ​អាច​ទៅ​អត់​រួច​ទេ ទៅ​ឆ្ងាយ​ផ្ទះ»។

អ្នកស្រី​បន្ត​ថា តាម​រយៈ​ការ​លក់​ដូរ​ជិត​៦ឆ្នាំ​មក​នេះ អ្នកស្រី​អាច​រក​ចំណូល​បាន​ប្រហែល​៥ម៉ឺន​រៀល​ទៅ​៨ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ ដើម្បី​ចិញ្ចឹម​កូន​បី​នាក់​ដែល​ស្ថិត​ក្នុង​បន្ទុក​សិក្សា។

អ្នក​ទេសចរ​ជនជាតិ​ស្វ៊ីស​ម្នាក់ លោក Simon Nussbaumer អាយុ​២៨​ឆ្នាំ បាន​ថ្លែង​ប្រាប់​ VOA ​នៅ​កន្លែង​ជិះ​ណូរី​ថា នេះ​ជា​លើក​ទី​៤ហើយ​ដែល​លោក​បាន​ជិះ​ណូរី។ លោក​ចាត់​ទុក​ ការ​ជិះ​ណូរី​នេះ​ជា«ការ​សប្បាយ ហើយ​មាន​តែ​មួយ»។

លោក​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ណូរី។ វា​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​នៅ​ពេល​អ្នក​មក​លេង​ខេត្ត​បាត់ដំបង ពីព្រោះ​វា​ពិសេស​សម្រាប់​ទេសចរ​បរទេស។ ប្រសិន​បើ​អ្នក​មក​ពី​ប្រទេស​លោក​ខាង​លិច អ្នក​មិន​អាច​មាន​បទ​ពិសោធន៍​ជិះ​ដូច​នេះ​ទេ»៕

XS
SM
MD
LG