ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ចាត់​ទុក​«អយុត្តិ​ធម៌»​នៃ​ការ​កាត់​ទោស​សកម្ម​ជន​តវ៉ា​ក្នុង​​ថ្ងៃ​​ទិវា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​​ប៉ារីស


រូបឯកសារ៖ អ្នកតវ៉ា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​ជនជាប់ចោទ​ដែល​​បាន​តវ៉ា​ចំ​ថ្ងៃ២៣​តុលា ឆ្នាំ​២០២០ នៅមុខ​ស្ថានទូត​ចិន។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកតវ៉ា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​ជនជាប់ចោទ​ដែល​​បាន​តវ៉ា​ចំ​ថ្ងៃ២៣​តុលា ឆ្នាំ​២០២០ នៅមុខ​ស្ថានទូត​ចិន។ (ហ៊ុល រស្មី/វីអូអេ)

ក្រុម​គ្រួសារ​របស់​សកម្មជន​ដែល​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ចន្ទ រឿង​តវ៉ា​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន កាល​ពី​ខែ​តុលា ឆ្នាំ​មុន បាន​អះ​អាង​អំពី​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ ដែល​តុលាការ​បាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​ចន្លោះ​ពី​១២​ខែ​ទៅ​២០​ខែ។

កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ទី​២ ខែសីហា អ្នកស្រី អ៊ុក រ៉េត​គន្ធា ចៅក្រម​នៃ​តុលាការ​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​មនុស្ស​៩​នាក់​ដែល​មាន​ស្រ្តី​៦​នាក់ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ ឲ្យ​ជាប់​ពន្ធនា​គារ​ចន្លោះ​ពី​១២​ខែ​ទៅ​២០​ខែ។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ក្រោយ​ចេញ​មុខ​តវ៉ា​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន ដែល​ជា​ប្រទេស​ហត្ថ​លេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ចៅ​ក្រម​តុលា​ការ​បាន​ផ្ដន្ទា​ទោស​កំបាំង​មុខ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប គឺ​លោក ហូរ វ៉ាន់ ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក និង​សកម្មជនម្នាក់ គឺ​លោក សាន សីហៈ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ខែ ពាក់​ព័ន្ធ​នឹង​ផែន​ការ​តវ៉ា​នេះ។ ចំណែកសកម្ម​ជន​៤​នាក់ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​ ដែល​រួម​មាន​អ្នក​ស្រី លឹម សាន ​លោក តុន និមល អ្នក​ស្រី យ៉យ ស្រីមុំ និង​អ្នកស្រី ហុង អាន។ ចំណែកសកម្មជន​៣​នាក់​ទៀត ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​១២​ខែ គឺ​អ្នកស្រី សាន ស្រីនាថ អ្នកស្រី សាត ផា និង​អ្នកស្រី ប៉ៃ រ៉េន។

ពួក​គេ​ទាំង​៩​នាក់​ក៏​ត្រូវ​បាន​ពិន័​យ​ជា​ប្រាក់​ម្នាក់​២​លាន​រៀល​ផង​ដែរ។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន អ្នក​តវ៉ា​រាប់​សិប​នាក់​ជា​ស្ត្រី​បាន​ប្រមូល​ផ្តុំ និង​ស្រែក​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ចិន ​គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​អ្នក​ខ្លះ​បាន​ស្រែក​ថា«បដិសេធ​កង​ទ័ព​ចិន»ក្នុង​ប្រទេស​កម្ពុជា។ ការ​តវ៉ា​នោះ​ក៏​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បំបែក​ផង​ដែរ។

រូបឯកសារ៖ អ្នកតវ៉ានៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​លោក តុន និមល អាយុ​៣៨ឆ្នាំ និង​អ្នកស្រី យ៉យ ស្រីមុំ អាយុ​៥០ឆ្នាំ នៅពេល​តុលាការ​ក្រុង​ភ្នំពេញជំនុំជម្រះ​ អ្នកចូលរួម​តវ៉ា​ក្នុង​ព្រឹត្តការណ៍​២៣ តុលា ឆ្នាំ២០២០ នៅ​មុខ​ស្ថានទូតចិន ប្រចាំ​កម្ពុជា។ (ហ៊ុល រស្មី/វីអូអេ)​
រូបឯកសារ៖ អ្នកតវ៉ានៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​លោក តុន និមល អាយុ​៣៨ឆ្នាំ និង​អ្នកស្រី យ៉យ ស្រីមុំ អាយុ​៥០ឆ្នាំ នៅពេល​តុលាការ​ក្រុង​ភ្នំពេញជំនុំជម្រះ​ អ្នកចូលរួម​តវ៉ា​ក្នុង​ព្រឹត្តការណ៍​២៣ តុលា ឆ្នាំ២០២០ នៅ​មុខ​ស្ថានទូតចិន ប្រចាំ​កម្ពុជា។ (ហ៊ុល រស្មី/វីអូអេ)​

អ្នកស្រី ផាន សាត អាយុ​៣៩​ឆ្នាំ ជា​កូន​ស្រី​របស់​អ្នក​ស្រី លឹម សាន ដែល​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អ្នកស្រី​បាន​ចូល​រួម​ក្នុង​ពេល​តុលាការប្រកាស​សាល​ក្រម កាល​ពី​ថ្ងៃ​ចន្ទ ដោយម្តាយ​របស់​អ្នកស្រី រង​ការ​កាត់​ឲ្យ​ជាប់​ទោស​ចំនួន​១៨​ខែ ដែល​អ្នក​ស្រី​ថា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដោយ​សារ​ម្តាយ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស។

អ្នកស្រី​បន្ថែម​ថា​ម្តាយ អាយុ​៦០​ឆ្នាំ ជា​អតីតក្រុម​ប្រឹក្សា​ឃុំ​កំពង់​ស្វាយ ស្រុកកៀន​ស្វាយ ខេត្ត​កណ្តាល មាន​ជំងឺ​សន្លាក់​ជើង និង​ចាប់​ផ្តើម​មាន​ជំងឺ​ក្រពះ ពោះ​វៀន និង​រោគ​បេះ​ដូង ពេល​ជាប់​ពន្ធនា​គារប្រមាណ​១០​ខែ គិត​ចាប់តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន។

អ្នក​ស្រី​ដែល​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់ ឲ្យ​ដឹង​ថា​អ្នកស្រី​បាន​ឲ្យ​មេធាវី​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​អត់​សុខ​ចិត្ត​នឹង​ការ​កាត់​ទោស​ម៉ែ​ខ្ញុំ​អញ្ចឹង​ទេ។ ខ្ញុំ​ជា​កូន​ខ្ញុំ​អត់​សុខ​ចិត្ត​ដំណើរ​ការ​កាត់​ទោស​របស់​តុលាការ​ទេ។ អត់​ត្រូវ​កាត់​ទោស​ម៉ែ​ខ្ញុំ​អញ្ចឹង​ទេ»។

អ្នកស្រី​បន្ថែម​ថា​វា​មើល​ទៅ​ទំនង​ជា​ការ​«គំរាម»​របស់​រដ្ឋា​ភិបាល​ទៅ​លើ​ប្រជាជន កុំ​ឲ្យ​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ថ្ងៃ​ទី​២៣ តុលា ដែល​ជា​ទិវា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ធានា​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។

ចំណែក​អ្នកស្រី ជ័យ ស្រីនី អាយុ​៣៨​ឆ្នាំ មាន​ស្វាមី​ឈ្មោះ​លោក តុន និមល អាយុ​៣៩​ឆ្នាំ ជា​អតីត​ក្រុម​ប្រឹក្សា​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ អ្នកស្រី​ដែល​បាន​ចូល​ស្តាប់​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ចន្ទ បាន​អះអាង​ថា​ស្វាមី​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ ដែល​អ្នកស្រី​ចាត់​ទុក​ជា​រឿងអ​យុត្តិធម៌​មួយ។ អ្នកស្រី និង​សកម្មជន​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​ចំនួន​២​លាន​រៀល​ក្នុង​មួយ​នាក់ ដែល​អ្នកស្រី​អះអាង​ថា​មិន​មាន​ប្រាក់​បង់​នោះ​ទេ។

រូបឯកសារ៖ ក្រុម​អ្នកតវ៉ា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ ​ដែល​ជា​សាច់ញាតិ​របស់​អតីត​មន្ត្រី​បក្ស​ជំទាស់​កំពុង​ជាប់​ឃុំ​ពីបទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី​ និង​អ្នកជាប់ឃុំ​ក្នុង​សំណុំរឿង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ ត្រូវ​ក្រុម​កងសន្តិសុខ​ចម្រុះរារាំង​មិនឲ្យ​ចូលគៀក​តុលាការ​ក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ ក្រុម​អ្នកតវ៉ា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ ​ដែល​ជា​សាច់ញាតិ​របស់​អតីត​មន្ត្រី​បក្ស​ជំទាស់​កំពុង​ជាប់​ឃុំ​ពីបទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី​ និង​អ្នកជាប់ឃុំ​ក្នុង​សំណុំរឿង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ ត្រូវ​ក្រុម​កងសន្តិសុខ​ចម្រុះរារាំង​មិនឲ្យ​ចូលគៀក​តុលាការ​ក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់ ព្រោះ​ប្តី​ខ្ញុំ​អត់​មាន​កំហុស​ផង ហើយ​ដាក់​គាត់​ដល់​១៨​ខែ»។

អ្នកស្រី​ដែល​មាន​កូន​៣​នាក់​បន្ថែម​ថា​ស្វាមី​បានប្រាប់​អ្នកស្រី​ឲ្យ​រក្សា​ជំហរ​រឹង​មាំ បើ​ទោះ​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក៏​ដោយ​។

អ្នកស្រី​ថ្លែង​ថា​៖ «គាត់​ឲ្យ​ខ្ញុំ​តស៊ូ​រឹងមាំ​ទៅ មិន​បាន​ព្រួយ​បារម្ភ​ពី​បង​ទេ ព្រោះ​អី​បង​នឹង​មាន​សេរីភាព​ឆាប់​ៗ​»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នកស្រី អ៊ុក រ៉េត​គន្ធា ជា​ចៅក្រម​ដែល​កាត់​ទោស និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ​។

ចំណែក​លោក ប្លង់ សុផល អ្នកនាំពាក្យ​របស់​តុលា​ការ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម(Telegram)​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសា​សន៍​ថា​ការ​កាត់​ទោសដាក់​ពន្ធនាគារ​នេះ នាំ​ឲ្យ​មាន​ការ​រិះ​គន់​បន្ថែម​ទៀត​ថា​មាន​ការ​រឹតត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​តែ​មាន​សារ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ដូច្នេះ​ពួក​គេ​អាច​ចេញ​ទៅ​សម្តែង​មតិ​របស់​ពួក​គេ​បាន​ដោយ​សេរី។

លោកបន្ថែម​ថា៖ «បើ​សិន​ជា​គ្រាន់​តែ​ធ្វើ​ការ​រំឭក​ ហើយ​មាន​ការ​រឹត​ត្បិត អាហ្នឹង​វា​បង្ហាញ​ថា​យើង​មិន​ប្រកាន់​យក​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​»។

គួរ​បញ្ជាក់​ថា​មុន​ការ​តវ៉ា​ខាង​មុខ​ស្ថាន​ទូត​ចិន​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​អ្នក​មាន​គម្រោង​តវ៉ា​ថា​«កុំ​មក​រញ៉េរញ៉ៃ» ក្នុង​ស្ថានភាព​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ និង​ជំងឺ​រាត​ត្បាតកូវីដ​១៩​ផង៕

XS
SM
MD
LG