ខណៈតុលាការគ្រោងនឹងប្រកាសសាលក្រមក្នុងករណីបាញ់សម្លាប់អ្នកវិភាគសង្គម លោក កែម ឡី នៅថ្ងៃទី២៣ ខែមីនាខាងមុខនេះ ក្រុមគ្រួសាររបស់លោក កែម ឡី បង្ហាញការមិនពេញចិត្តនឹងការបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាពនោះទេ ដោយពួកគេអះអាងថា វីដេអូនេះមិនទាន់គ្រប់គ្រាន់នៅឡើយ។ ក្រុមគ្រួសាររបស់លោក កែម ឡីអំពាវនាវឲ្យមានការស៊ើបអង្កេតច្បាស់លាស់មួយ។
ក្រុមគ្រួសាររបស់អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី បានអះអាងថា វីដេអូកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបញ្ចេញជាសាធារណៈ មិនទាន់គ្រប់គ្រាន់នៅឡើយទេ និងបានរិះគន់ថាវីដេអូនេះមិនបានបង្ហាញឃាតកបាញ់សម្លាប់លោក កែម ឡី ពិតប្រាកដ ដោយទាមទារឲ្យមានការស៊ើបអង្កេតច្បាស់លាស់មួយ។
លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា កាលពីឆ្នាំមុន នៅក្នុងម៉ាតរបស់ស្ថានីយចាក់សាំងកាល់តិច ក្បែរភ្លើងស្តុបបូកគោ។
ភ្លាមៗបន្ទាប់ពីការបាញ់សម្លាប់នោះ សមត្ថកិច្ចបានចាប់បុរសម្នាក់ដែលអះអាងថាខ្លួនមានឈ្មោះជួប សំលាប់។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលជាតិ និងអន្តរជាតិ មានមន្ទិលសង្ស័យពីឈ្មោះរបស់ ជួប សំលាប់ ដែលបានអះអាងថាខ្លួនជាអ្នកបាញ់លោក កែម ឡី នោះ។ ក្រោយមក ជននោះត្រូវបានរកឃើញថាមានឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប។
កាលពីថ្ងៃទី១ ខែមីនា នៅក្នុងសវនាការជំនុំជម្រះរយៈពេលប្រមាណ៤ម៉ោង តុលាការបានបង្ហាញវីដេអូចំនួនពីរនៃការបាញ់សម្លាប់នេះ។ តែវីដេអូនេះត្រូវបានរិះគន់ដោយក្រុមគ្រួសាររបស់លោក កែម ឡី និងសាធារណជនដែលតែងតែទាមទារឲ្យបញ្ចេញកាមេរ៉ាសុវត្ថិភាព។
ប្អូនប្រុសរបស់លោក កែម ឡី គឺ លោក កែម រិទ្ធិសិត អាយុ៤៦ឆ្នាំ ប្រាប់ VOA ថាវីដេអូនេះមានការសង្ស័យច្រើន ដោយលោកទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញ។ លោកចាត់ទុកថាវីដេអូនេះមិនគ្រប់គ្រាន់ហើយហាក់ជាការសម្ដែងមួយ។
លោកបានថ្លែងប្រាប់ VOAថា៖
«វាជារឿងសម្ដែងទេ វាមិនមែនជារឿងពិត វាជាការរៀបចំហើយ ខ្ញុំចង់តែឲ្យគេស៊ើបអង្កេតបន្តទៀតហើយ ស៊ើបអង្កេតឲ្យច្បាស់លាស់។ បើគេបាញ់សម្លាប់ហើយ គេមិនមែន មិនរត់តាមថ្នល់ រត់ដូចហាត់ប្រាណ គេរត់លឿនហើយ»។
លោកបានបញ្ជាក់បន្ថែមថា៖ «រឿងវីដេអូនេះគឺយើងទទួលយកអត់បានទេ។ ឧទាហរណ៍ថាចេះ បើយើងថតសម្ដែង គួរតែសម្ដែង ឈុតឆាកហ្នឹងឲ្យវាដូចខ្លះទៅ មើលទៅឲ្យវាពិតៗទៅ។ យើងកុំសម្ដែងអត់ពិត យើងខ្មាសគេ។ យើងខ្មាសឆាកអន្តរជាតិ គេមើលដែរ »។
ក្រោយតុលាការបង្ហាញវីដេអូនេះនៅក្នុងសវនាការ សារព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល Fresh News បានផ្សព្វផ្សាយវីដេអូទាំងពីរនោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានមើល និងចែករំលែកវីដេអូនេះភ្ជាប់ជាមួយការរិះគន់ជាបន្តបន្ទាប់។
លោក លឹម ជាវុត្ថា ស្ថាបនិករបស់សារព័ត៌មាន Fresh News ដែលបានផ្សព្វផ្សាយវីដេអូបាញ់សម្លាប់លោក កែម ឡី ដំបូង បានបដិសេធមិនអត្ថាធិប្បាយថា តើស្ថាប័ននេះបានវីដេអូពីប្រភពខាងណា ដោយគ្រាន់តែបញ្ជាក់ថាបានមកពីប្រភពមួយច្បាស់លាស់បំផុត ហើយវីដេអូនេះជាវីដេអូតែមួយដែលតុលាការបង្ហាញនៅពេលសវនាការជំនុំជម្រះ។
លោកបញ្ជាក់ថា៖ «អត់អាចប្រាប់នរណាផ្ញើមកឲ្យខ្ញុំទេ។ ខ្ញុំបានពីប្រភពមួយដ៏ច្បាស់លាស់បំផុត ហើយវីដេអូហ្នឹងជាវីដេអូតែមួយ(ពុំមានកែសម្រួល)ដែលភ្នាក់ងាររបស់ខ្ញុំបានមើលនៅតុលាការ»។ លោកបញ្ជាក់បន្ថែមថា ក្រោយពីការផ្សាយវីដេអូនោះ មិនមានប្រតិកម្មពីតុលាការនោះទេ។
វីដេអូឃ្លីបទី១មិនបានបង្ហាញពីរូបភាពទាំងស្រុងនៅក្នុងម៉ាតដែលលោក កែម ឡី ត្រូវបានបាញ់សម្លាប់នោះទេ។ វីដេអូនេះបង្ហាញរូបបុរសម្នាក់ពាក់អាវពណ៌ទឹកប៊ិចចាស់ និងពាក់មួកពណ៌ក្រហម ដើរចន្លោះធ្នើរដាក់ទំនិញនៃផ្នែកមួយក្នុងម៉ាត និងបានទាញកាំភ្លើងបាញ់សំដៅលើទីតាំងដែលមានមនុស្សកំពុងអង្គុយពិសាកាហ្វេ។
អ្វីដែលគួរឲ្យកត់សម្គាល់ វីដេអូនេះជាវីដេអូស្កុបៗ និងមិនមានពេលវេលា និងកាលបរិច្ឆេទ ដែលនាំឲ្យមានការសង្ស័យមួយ។
ចំណែកវីដេអូឃ្លីបទី២ បានបង្ហាញរូបភាពពីចម្ងាយដោយមានបុរសម្នាក់កំពុងរត់ពីម៉ាតតាមបណ្ដោយផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ស្តុបចំការមន។ រូបភាពនោះឆ្ងាយពេក ដែលគេមិនអាចបញ្ជាក់ថា អ្នករត់នោះគឺជាអ្នកណាឲ្យប្រាកដ។ វីដេអូមួយនេះមានពេលវេលានិងកាលបរិច្ឆេទបញ្ជាក់។
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏បានចែករំលែកពីការសង្ស័យមួយចំនួនទៀត ដែលក្នុងនោះមានការប្រៀបធៀបរូបរាងបុរសក្នុងកាមេរ៉ាសុវត្ថិភាព និងជនជាប់ចោទ ជួប សំលាប់។ អ្នកខ្លះបានលើកឡើងថា ស្បែកជើង ខោ និងអាវរបស់បុរសក្នុងកាមេរ៉ាសុវត្ថិភាព ខុសគ្នាពីខោអាវនិងស្បែកជើងប៉ាត់តារបស់លោក ជួប សំលាប់ បើប្រៀបធៀបទៅនឹងរូបថត ពេលសមត្ថកិច្ចបានឃាត់ខ្លួនទុក។
ប្អូនប្រុសរបស់លោក កែម ឡី គឺ លោក កែម រិទ្ធិសិត ក៏បានសង្កេតឃើញចំណុចសង្ស័យនេះផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំSave(រក្សា)ទុកនៅក្នុងទូរស័ព្ទ ខ្ញុំពិនិត្យមួយៗនៅក្នុងស្តាម៉ាតដែលធ្វើសកម្មភាពហ្នឹង ឃើញថា ខោវារៀងសបន្តិច ស្បែកជើងវាក៏សដែរ ស្បែកជើងប៉ាត់តា បាតហើយនិងវ័ណ្ឌហ្នឹងស។ ពេលចាប់បានជួប សំលាប់ហ្នឹងស្បែកជើងខ្មៅ ខោហ្នឹងក៏ខ្មៅដែរ»។
ប្អូនប្រុសរបស់លោក កែម ឡី ចង់ឲ្យមានការបង្ហាញកាមេរ៉ាពីដំណើរតាំងពីដំបូងដែលអ្នកបាញ់ប្រហារលោក កែម ឡី ដើរចូលទៅក្នុងម៉ាត និងស្ថានភាពលោក កែម ឡី ក្រោយពេលបាញ់សម្លាប់។
លោកមានប្រសាសន៍ថា៖ «ចុះបើគ្រាន់តែប៉ុណ្ណឹង ម៉េចក៏មិនបញ្ចេញថ្ងៃទី១ ទី២ ទី៣មក។ ចាំបាច់ទុកអីដល់មួយឆ្នាំធ្វើអី? បើសិនជាមានរឿងប៉ុណ្ណឹង។ ដូចជាយើងកំប្លែងលេងថាអានេះប្រជាជនគេទាមទារកាមេរ៉ាសុវត្ថិភាព ហើយក្នុងនាមដែលយើងជាប្រព័ន្ធតុលាការបញ្ចេញមក ដើម្បីឲ្យថាអាហ្នឹងបញ្ចេញហើយ ទោះបីអាបញ្ចេញហ្នឹង មើលឃើញគោថាជាក្របី ក៏ថាទៅ។ អានេះវាជាលេសអញ្ចេះទេ»។
លោកបញ្ជាក់បន្ថែមថា៖ «យើងសង្ឃឹមទៅលើប្រព័ន្ធរដ្ឋាភិបាល តុលាការហ្នឹង គឺយើងអត់មានអីលើសហ្នឹងទេ ហើយយើងទៅរកភស្តុតាង រកសាក្សី រកឃាតកខ្លួនឯងហ្នឹង ក៏យើងអត់មានលទ្ធភាពអីទៅរកទេ»។
បុគ្គលិកចាក់សាំងនៅកន្លែងដែលលោក កែម ឡី ត្រូវបានបាញ់សម្លាប់បាននិយាយថា កាមេរ៉ាសុវត្ថិភាពមានច្រើន ដូច្នេះមិនគួរបញ្ចេញតែមួយផ្នែកទេ។ បុគ្គលិកចាក់សាំងម្នាក់និយាយដោយមិនបញ្ចេញឈ្មោះថា៖ «កាមេរ៉ាមានទាំងអស់ សំខាន់គេមិនចង់ឲ្យយើងឃើញ»។
បុគ្គលិកម្នាក់ទៀតបាននិយាយថា៖ «កាមេរ៉ាប៉ូលិសយកទៅអស់ហើយពិបាកដែរ គេឲ្យឃើញតែប៉ុណ្ណឹង»។
បុគ្គលិកម្នាក់ដែលជាអ្នកគិតលុយ និងនៅកន្លែងកើតហេតុដែរបាននិយាយថា កញ្ញាបានឃើញវីដេអូបង្ហោះតាមហ្វេសប៊ុក តែមិនបានមើលវីដេអូដែលកាមេរ៉ាថតបានក្នុងម៉ាតទាំងអស់នោះទេ។ បុគ្គលិករូបនោះបញ្ជាក់ថា នៅពេលគេបាញ់លោក កែម ឡី នាងស្មានតែផ្ទុះម៉ាស៊ីនកិនកាហ្វេ។
ក្នុងសវនាការកន្លងទៅ ជួប សំលាប់ បានសារភាពជាច្រើនដងថា ខ្លួនជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់ចំនួន៣.០០០ដុល្លារមិនសង។ ជួប សំលាប់ បានបញ្ជាក់ថា ខ្លួនបានខ្ចីលុយពីថៅកែដែលខ្លួនធ្វើការឲ្យនៅប្រទេសថៃ ដើម្បីទិញកាំភ្លើងមួយដើមតម្លៃ ៤៥.០០០ បាត ឬប្រហែលជាជាង១,០០០ដុល្លារពីបុរសម្នាក់ឈ្មោះ ចក់ ជាជនជាតិថៃ។ ជួប សំលាប់ ក៏បានបញ្ជាក់ផងដែរថា ខ្លួនជាបុរសនៅក្នុងឃ្លីបវីដេអូទាំងពីរ ដែលបានបង្ហាញដោយតុលាការ។
ប្អូនប្រុសរបស់លោក កែម ឡី យល់ថាចម្លើយរបស់ជួប សំលាប់ នៅក្នុងតុលាការមានភាពមិនប្រក្រតីច្រើន ដោយលោកមានជីវភាពក្រីក្រ ថាតើមានលុយពីណាទៅឲ្យលោក កែម ឡី ខ្ចី និងទិញកាំភ្លើង។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា វីដេអូនេះគ្រាន់តែវីដេអូមួយជ្រុងតែប៉ុណ្ណោះ។លោកបន្តថា ប្រសិនបើមានវីដេអូកាមេរ៉ាសុវត្ថិភាពផ្សេងទៀត គួរតែមានការបញ្ចេញទាំងអស់។
លោកមានប្រសាសន៍ថា៖ «បើសិនជាតុលាការមានឬក៏អី យើងអាចដាក់ទាំងអស់ទៅ គ្រប់ជ្រុងទៅ ជាពិសេសអាកន្លែងសកម្មភាពនៃអាការបាញ់ទៅលើលោកបណ្ឌិត កែម ឡី»។
លោកបន្តថា នៅក្នុងសវនាការ ជួប សំលាប់ ហាក់ដូចជាខិតខំបិទបាំងអំពីអត្តសញ្ញាណរបស់ខ្លួន ខណៈមានការស្រាវជ្រាវរកឃើញពីឈ្មោះរបស់ផ្លូវការរបស់លោក និងក្រុមគ្រួសាររស់នៅខេត្តសៀមរាប។
លោក អំ សំអាត មានប្រសាសន៍ថា៖ «អានេះដែលយើងឆ្ងល់ថាតើមានអ្វីនៅពីក្រោយខ្នងនៃលោក ជួប សំលាប់ ហ្នឹង បានជាលោកមិនទទួលស្គាល់នូវការពិតនៃសាវតាជាតិ ក៏ដូចជាក្រុមគ្រួសាររបស់លោកនោះ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបដិសេធមិនអត្ថាធិប្បាយលើបញ្ហាបញ្ចេញកាមេរ៉ាសុវត្ថិភាពនេះ ដោយស្នើឲ្យសួរទៅខាងតុលាការវិញ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំអត់មានតួនាទីមកឆ្លើយនូវរឿងបញ្ហាវីដេអូសុវត្ថិភាពរបស់តុលាការ អូនសួរខាងតុលាការ ហេតុដូចម្ដេចបានមានប៉ុណ្ណឹងប្រាប់ប៉ុណ្ណឹងប្រាប់ប្រជាពលរដ្ឋ? ឬមានប៉ុណ្ណឹងឬមានច្រើនជាងហ្នឹង»។
លោកបន្ថែមថា ការរិះគន់ណាមួយជាសាធារណៈប្រឆាំងនឹងចំណាត់ការរបស់តុលាការអាចប្រឈមមុខនឹងផ្លូវច្បាប់។
លោកមានប្រសាសន៍ថា៖ «បើនិយាយក្នុងសាធារណៈ យើងអាចជាប់ពិរុទ្ធពីច្បាប់ព្រហ្មទណ្ឌ។ ក្នុងការលើកឡើង អ្នកឯងជឿឬមិនជឿ អាហ្នឹងជារឿងផ្ទាល់ខ្លួន។ ក៏ប៉ុន្តែបើនិយាយនៅក្នុងសាធារណៈ យើងអាចជាប់ពិរុទ្ធពីច្បាប់ព្រហ្មទណ្ឌ ដែលយើងបង្កនៅក្នុងការតតាំងជាមួយតុលាការ។ ហើយនៅក្នុងការផ្សព្វផ្សាយនៅក្នុងការនាំឲ្យមតិសាធារណជនដែលមានចលនា ក្នុងការប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការ គឺជាទោសដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធមិនអត្ថាធិប្បាយលើករណីនេះដែរ ដោយថារឿងនេះស្ថិតក្នុងដៃរបស់តុលាការ។
លោក Brad Adams នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី មានប្រសាសន៍ថាវីដេអូនេះមិនបង្ហាញឲ្យច្បាស់ពីការសម្លាប់នោះទេ ដូច្នេះវាមិនមែនជាភស្តុតាងបញ្ជាក់១០០ភាគរយ។
លោកមានប្រសាសន៍ថា៖ ប្រជាជនមិនជឿតុលាការកម្ពុជានោះទេ ព្រោះតុលាការមិនដែលផ្ដល់ហេតុផលណាមួយ គួរឲ្យជឿជាក់បាន។ តុលាការមានទំនោរនយោបាយទៅរករដ្ឋាភិបាល»។
លោក Brad Adams បានជំរុញឲ្យតុលាការ និងអាជ្ញាធរវែកមុខអ្នកនៅពីក្រោយការសម្លាប់នេះ។
«ការបាញ់សម្លាប់នេះចម្លែកណាស់។ ហេតុអ្វីអ្នកបាញ់សម្លាប់គ្រាន់តែដើរចេញពីកន្លែងបាញ់សម្លាប់ហើយឲ្យគេចាប់ ដោយមិនមានគម្រោងរត់គេច។ នេះហាក់ដូចជាការភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ។ ខ្ញុំនៅតែអត់យល់»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាមថា៖ «សវនាការបានបង្ហាញអោយឃើញរួចហើយនូវសកម្មភាពរបស់ជនជាប់ចោទដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពរបស់ស្ថានីយប្រេងកាល់តិច។ ភស្តុតាងនេះបានចាប់យកពីកន្លែងកើតហេតុផ្ទាល់និងមានលក្ខណៈវិទ្យាសាស្ត្រពិត។ ម្យ៉ាងទៀត ការវិភាគនិងវាយតម្លៃលើភស្តុតាង ត្រូវធ្វើឡើងតាមបែបបច្ចេកទេសវិទ្យាសាស្ត្រ»។
ការបាញ់សម្លាប់ លោក កែម ឡី ត្រូវបានគេមើលឃើញថាជាករណីបាញ់សម្លាប់ក្នុងមូលហេតុនយោបាយ។ លោកត្រូវបានគេបាញ់សម្លាប់តែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកធ្វើការអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការអន្តរជាតិ Global Witness ដែលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។
របាយការណ៍របស់អង្គការនេះ បានលាតត្រដាងពីចំនួនទឹកប្រាក់ក្នុងអាជីវកម្មយ៉ាងតិច២០០លានដុល្លារ របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការស៊ើបអង្កេតមួយរបស់ទូរទស្សន៍ Al Jazeera ដែលជាស្ថាប័នព័ត៌មានអន្តរជាតិ បានឲ្យដឹងថា ការរៀបចំគម្រោងសម្លាប់លោក កែម ឡី ចាប់ផ្ដើមមុនពេលផ្សាយរបាយការណ៍នេះ ដោយមនុស្សដែលស្គាល់ជួប សំលាប់ បាននិយាយថាលោក ជួប សំលាប់ បានជួបជាមួយមន្ត្រីយោធាប៉ុន្មានសប្ដាហ៍មុនការបាញ់សម្លាប់នេះ។
ក្នុងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដឹងអ្នកវិភាគលោក គឹម សុខ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី ករណីចោទប្រកាន់ថាគណបក្សកាន់អំណាចនៅពីក្រោយការសម្លាប់នេះ។ លោក ហ៊ុន សែន បានច្រានចោលការចោទប្រកាន់។
ចំណែកម្ដាយរបស់លោកបណ្ឌិត កែម ឡី ដែលរស់នៅក្នុងខេត្តតាកែវ គឺលោកស្រី ភោគ សេ អាយុ៧៧ឆ្នាំ នៅតែមានចម្ងល់ជាប់ក្នុងចិត្តជានិច្ចថា តើហេតុអ្វីបានជាកូនប្រុសរបស់លោកស្រី ត្រូវបានគេបាញ់សម្លាប់។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមិនជឿទេ! កូនខ្ញុំមិនដែលខ្ចីលុយអាណាទេ។ ជំពាក់លុយ គេទារលុយ គេមិនយកទៅសម្លាប់អញ្ចឹងទេ»។ លោកស្រីសង្ឃឹមថា តុលាការនឹងស្វែងរកយុត្តិធម៌ជូនកូនប្រុសរបស់លោកស្រី៕