តួលេខអ្នកស្លាប់នៅក្នុងរដ្ឋធានី Mogadishu នៃប្រទេស សូម៉ាលី បានកើនឡើងដល់៣០០នាក់ ខណៈដែលក្រុមការងារជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជីវិតពីហេតុការណ៍ផ្ទុះគ្រាប់បែកដ៏ធំមួយនេះ ដែលត្រូវបានគេជឿថា គឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម។
លោកវេជ្ជបណ្ឌិត Abdulkadir Adam ប្រធានផ្នែករថយន្តសង្គ្រោះបន្ទាន់នៃរដ្ឋធានី Mogadishu បានថ្លែងប្រាប់ VOA សូម៉ាលី ថា មនុស្សចំនួន៣០២នាក់ត្រូវបានបញ្ជាក់ថាស្លាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកនេះ ដែលបានកើតឡើងនៅផ្លូវប្រសព្វគ្នាដ៏មមាញឹកមួយ កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី ។
រដ្ឋាភិបាលនិយាយថា មនុស្សចំនួន៤២៩នាក់ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ហើយថា តួលេខអ្នកស្លាប់អាចនឹងកើនឡើងទៀត។ អ្នករងរបួសធ្ងន់ធ្ងរជាង៣០នាក់ ត្រូវបានបញ្ជូនតាមជើងហោះហើរទៅកាន់ប្រទេស តួកគី កាលពីថ្ងៃចន្ទ ដើម្បីទទួលការព្យាបាល ដែលក្នុងនោះក៏មានលោក Abdulkadir Mohamed Abdulle ដែលជាអ្នករាយការណ៍ព័ត៌មានរបស់ VOA សូម៉ាលី ម្នាក់ផងដែរ។
នៅមិនទាន់មានក្រុមណាមួយអះអាងថាជាស្នាដៃរបស់ខ្លួននៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីរដ្ឋាភិបាលសូម៉ាលី និងជំនាញការខាងភេរវកម្មជឿជាក់យ៉ាងមុតមាំថា ក្រុមសកម្មប្រយុទ្ធal-Shabab គឺជាអ្នកធ្វើរឿងនេះ។
ក្រុមនេះនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ ចាប់តាំងពីហេតុការណ៍ផ្ទុះគ្រាប់បែកនេះបានកើតឡើង ប៉ុន្តែក្រុមនេះបានសម្លាប់មនុស្សអស់រាប់រយនាក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការវាយប្រហារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងទីសាធារណៈដទៃទៀតក្នុងរដ្ឋធានី Mogadishu៕