ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ពិនិត្យ ​DNA​ ទៅ​លើ​សាកសព​ដែល​ឆេះ​នៅ​កាស៊ីណូ​ប៉ោយប៉ែត


រូបឯកសារ៖ ភ្លើងកំពុងឆាបឆេះ ខណៈមនុស្សដែលជាប់គាំងក្នុងអគារព្យាយាមរត់រកទីសុវត្ថិភាព នៅសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលកំពុងឆាបឆេះដោយអគ្គិភ័យ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ ភ្លើងកំពុងឆាបឆេះ ខណៈមនុស្សដែលជាប់គាំងក្នុងអគារព្យាយាមរត់រកទីសុវត្ថិភាព នៅសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលកំពុងឆាបឆេះដោយអគ្គិភ័យ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ករណី​ភ្លើង​ឆេះ​កាស៊ីណូ ​នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ ​បាន​ទទូច​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ពិនិត្យ DNA សាកសព​ ឬ​កំណត់​ទិន្នន័យ​ហ្សែន ​ដើម្បី​ប្រាកដ​ថា​តើ​សាច់​ញាតិ​របស់​ពួក​គេ​ស្លាប់ ឬ​ក៏​នៅរស់។​

អាជ្ញាធរ​បាន​រក​ឃើញ​សាកសព​ចំនួន​ ២៦ ​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ថៃ ​ហើយ​បាន​អះអាង​ថា មិន​មាន​ជន​ជាតិ​ខ្មែរ​ណា​ម្នាក់​ឡើយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍អគ្គិភ័យ​នេះ។ យ៉ាងណាមិញ សាក​សព​មនុស្ស​ ៦ ​នាក់ ​ដែល​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ខ្ទេច​ខ្ទី​ហើយ​មិន​ស្គាល់​អត្ត​សញ្ញាណ ​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ DNA​ ឬ​កំណត់​ទិន្នន័យ​ហ្សែន ​ ខណៈ​មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​នោះ​ទេ។​

លោក ​ហៀង ប៊ុននឿន​ ដែល​បាន​បាត់​ប្អូន​ថ្លៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វី​សោះ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ប្អូន​របស់​លោក​ ដែល​បាន​បាត់​ខ្លួន នៅ​ក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​នៅ​អគារ​កាស៊ីណូ​ Grand Diamond City កាលពី​យប់​ឈាន​ចូល​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០២២។ បុរស​រូបនេះ​កំពុងតែ​ទន្ទឹងរង់​ចាំ​ដំណឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ស្វែង​រកសាច់​ញាតិ​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​ឃើញ។ លោក​ក៏​បាន​អះអាង​ថា​ អាជ្ញាធរ​មាន​ភាព​អសកម្ម​ និង​ធ្វើ​ការយឺត​យ៉ាវ។

លោក​ ប៊ុននឿន​ បញ្ជាក់​ថា​៖ «អារឿង​ការ​យឺត​យ៉ាវ​ គឺ​យឺតយ៉ាវ​ហើយ។ ​បើសិន​ជា​អាជ្ញាធរ​ដែល​គេ​ដុត​ដៃដុត​ជើង ​ដូច​ខាង​ថៃ​ គេ​ដឹង​ប្រជា​ពលរដ្ឋ​គេ​ប៉ុន្មាន​នាក់​អី​ប៉ុន្មាន​នាក់​ហើយ ​តែ​ខ្មែរ​យើង​ គ្មាន​ដុត​ដៃ​ដុត​ជើង​ទេ»។​

លោក​បន្ថែម​ថា៖​ «អាហ្នឹង​យើង​ប្រាប់​គេ​ហើយ​ថា​ ចាំ​មើល​គេ​រៀប​ចំ​បង្ហើយ​ គ្រែង​វា​ដឹង។ ​យើង​គ្រាន់​រងចាំ​មើល​ថា តើ​ធ្វើ​ឱ្យ​ហើយ ​(ពិនិត្យ​ DNA)​ វា​ប៉ុន្មាន​ខែ ​ប៉ុន្មាន​ឆ្នាំ។ ​រងចាំ!»។​

អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពីភ្លើង​ឆេះ​ ហើយនៅ​រស់​រាន​មាន​ជីវិត ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។​ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​មាន​ជនជាតិ​ខ្មែរ​ដែល​កំពុង​ព្យាបាល​នៅ​ទីនោះ​ឬ​យ៉ាង​ណា។​

អ្នកស្រី ​ជឿន ច្រិប ​អាយុ​ ៣៧ ​ឆ្នាំ​ ជា​មីង​របស់​អ្នកស្រី ​សំ ស្រីមុំ​ ដែល​បាន​បាត់​ខ្លួន​ ប្រាប់​វីអូអេ​ថា អ្នក​ស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ និង​ធ្វើការងា​ឲ្យ​រហ័ស​ជាង​នេះ ​ដើម្បី​ឱ្យប្រាកដ​ថា តើ​ក្មួយ​ស្រី​រប​ស់​អ្នក​ស្រី​នៅ​មាន​ជីវិត​ ឬ​យ៉ាង​ណា។​

អ្នកស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​ជំរុញ​គាត់​ដែរ​ថា យើង​គួរ​ទៅ​និយាយ​ជាមួយ​អាជ្ញាធរ​ឱ្យ​ច្បាស់​ថា ធ្វើ​ម៉េច​រុករក​ឱ្យ​ឃើញ ​ព្រោះ​អី​យើង​អាច​រក​សពមក​ធ្វើ​បុណ្យ។​ ចុះ​បើ​អត់​មាន​សព? ​អត់​ឃើ​ញ​បាត់​ដំណឹង​ឈឹង។​ ហើយ​មិន​ដឹង​ធ្វើ​ម៉េច​ឥឡូវ! ​មាន​តែធ្វើ​បុណ្យ​ឱ្យ​ទៅ​ អត់​មាន​សព​មាន​អីផង»។ ​

បើ​តាម​ស្ត្រី​រូប​នេះ​ អ្នកស្រី​ សំ ស្រីមុំ ​ដែល​បាន​បាត់ខ្លួន​ទៅនោះ​ មាន​កូន​ ៣​ នាក់​ ហើយ​ម្តាយ​និង​ស្វាមី​របស់​អ្នក​ស្រី​ ស្រីមុំ​ តែង​តែយំ ​ដោយ​សារតែ​មិន​មាន​ដំណឹង​អ្វី​សោះ​ឡើយ​ពី​កូន​និង​ភរិយា។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«ខាង​ប្តី​វា ​គិត​តែ​ពី​យំ ​ហើយ​ម្តាយ​ក្មេក​ ម្តាយ​វា​បង្កើត​ហ្នឹង​ គាត់​យំ​រហូត​ ហើយ​ខ្ញុំ​ដល់​អ៊ីចឹង​ ពិបាក​ណាស់! ​គាត់​យំ!»​

អ្នកស្រី​ ច្រិប​ អះអាង​ទៀត​ថា ក្រុម​គ្រួសារ​ក៏​បាន​ឱ្យ​សាច់​ញាតិ​ជួយ​សាក​សួរ ​ក៏ដូច​ជា​ស្វែង​រក​នៅ​ប្រទេស​ថៃ​ដែរ ប៉ុន្តែ​មិ​ន​មាន​ដំណឹង​អ្វី​ឡើយ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ជា​ធម្មតា សាច់​ញាតិ​តែង​តែ​អន្ទះ​សារ​ចង់​ដឹង​ថា​ តើ​បងប្អូន​របស់​ពួក​គេ​នៅ​មាន​ជីវិត​ ឬយ៉ាង​ណា​ ដោយសារ​តែ​ពួក​គេ​ប្រាកដ​ថា​ សាច់ញាតិ​របស់​ពួក​គេ​បាន​ធ្វើការ​នៅ​កន្លែង​កាស៊ីណូ​ ដែល​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​នោះ។ ​លោក​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​ជាពិសេស​អាជ្ញាធរ​ ពន្លឿន​នូវ​ការ​ស្រាវជ្រាវ​ក៏ដូច​ជា​ការ​ពិនិត្យ​នូវ ​DNA​ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ស្ងប់​ក្នុងចិត្ត។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​យើង​ជា​សង្គម​ស៊ីវិល​ គឺយើង​ទទូច​ស្នើសុំ​ឱ្យ​ពន្លឿន​ក្នុង​ការ​ស្រាវ​ជ្រាវ​ ឬក៏​ការ​ពិនិត្យ​ទៅ​លើ ​DNA ​ ដើម្បី​ឱ្យ​ប្រាកដ​ប្រជា​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ ​ព្រោះ​ពួក​គាត់​ដែល​បាត់​ក្រុម​គ្រួសារ​ហ្នឹង​មាន​ចិត្ត​អន្ទះ​សារ»។​

អ្នក​នាំ​ពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​ លោក ​សេក សុខុម ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អាជ្ញាធរ​បាន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​រក​ឱ្យ​ឃើញ​ជន​រងគ្រោះ។ ប៉ុន្តែ​លោក​ថា វា​ត្រូវ​ដើរ​ស្រប​ទៅ​តាម​នីតិវិធី​ មិន​អាច​ធ្វើ​ទៅ​តាម​តែ​ការ​ចង់​បាន​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ឡើយ។​

លោក​បញ្ជាក់ថា៖​ «ចំពោះ​ប្រជា​ពលរដ្ឋ ​ធម្មតា​គាត់​បាត់​សាច់​ញាតិ ​គាត់​ចង់​ពន្លឿន​ សូម្បី​ភ្លើង​កំពុង​តែ​ឆេះ​ក៏​គាត់​ថា សមត្ថកិច្ច​ជួយ​រក​ឱ្យ​ឃើញ។ ​តាម​ពិត​ គេ​ប្រឹង​ធ្វើ​តាម​ដំណាក់​កាល​ តាម​បច្ចេកទេស​របស់​គេ​ ហើយ​យើង​មិន​អាច​ធ្វើ​តម្រូវ​តាម​ចិត្ត​របស់​យើង​បាន​ទេ»។​

កាល​ពី​យប់​ថ្ងៃទី​ ២៨ ​ឈាន​ចូល​ថ្ងៃទី​ ២៩​ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២២ ​មាន​ករណី​ភ្លើង​ឆេះ​អគារ​កាស៊ីណូ​ និង​សណ្ឋាគារ ​Grand Diamond City ដែល​បណ្តាល​ឱ្យ​មនុស្ស ​២៦ ​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​រង​របួស​ ភាគ​ច្រើន​ជា​ជន​ជាតិ​ថៃ។ ​

កាស៊ីណូ​មួយ​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ។ ​ករណី​អគ្គិភ័យ​នេះ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សន្និដ្ឋាន​បឋម​ថា​ ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី ​ពេល​កាស៊ីណូ​បាន​ប្រើប្រាស់​ភ្លើង​ច្រើន​សម្រាប់​រៀបចំ​តុបតែ​ឱកាស​ឆ្លង​ឆ្នាំថ្មី។ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ មូល​ហេតុ​អ្វី​បាន​ជា​អគ្គិភ័យ​មិន​អាច​ពន្លត់​បាន​ភ្លាមៗ ​ហើយ​បណ្តាល​ឱ្យ​ឆាប​ឆេះ​រហូត​ដល់​ជាង​ ១៥ ​ម៉ោង៕

XS
SM
MD
LG