ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលប៉ះពាល់ ​បន្ទាប់ពី​កាណាដា​លុបចោល​រដូវកាល​ជិះ​នាវា​កម្សាន្ត​ទៅ​រដ្ឋ Alaska ដល់​ឆ្នាំ ២០២២


រូបឯកសារ៖ នាវា​កម្សាន្ត​មួយ​គ្រឿង​ឈ្មោះ Island Princess ឈប់​សំចត​នៅ​កំពង់ផែ ទីក្រុង Vancouver នៃ​ប្រទេស​កាណាដា។

ប្រទេស​កាណាដា ​លុប​ចោល​រដូវកាល​នាវា​ដំណើរកម្សាន្ត​មក​កាន់​រដ្ឋ Alaska សហរដ្ឋ​អាមេរិក សម្រាប់​ឆ្នាំ​២០២១​ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ការលុបចោលនេះ​បាន​ធ្វើ​ឲ្យ​អ្នកនយោបាយ​អាមេរិកាំង​ខឹង​សម្បារ និង​ធ្វើ​ឲ្យ​រង្គោះរង្គើ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំងពីរ។ ពលរដ្ឋ​នៅ​រដ្ឋ Alaska របស់​អាមេរិក ​និងពលរដ្ឋ​នៅ​ខេត្ត​ British Columbia របស់​ប្រទេស​កាណាដា​ ត្រូវ​ប្រឈម​នឹង​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​លុបចោល​នេះ។

ដោយ​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្រសួង​ដឹកជញ្ជូន​កាណាដា​ បាន​ពន្យារ​ពេល​បន្ថែម​លើ​បម្រាម​ចំពោះនាវា​ដំណើរកម្សាន្ត​ ដែល​ដឹក​មនុស្សចំនួន​លើស​ពី ១០០​នាក់​ទៅ​មក​រវាង​ប្រទេស​កាណាដា​ និង​រដ្ឋ Alaska សហរដ្ឋអាមេរិក។ ការ​ពន្យារពេលបន្ថែម​នេះ នឹង​អូស​បន្លាយ​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២២។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​ម៉ឹងម៉ាត់​មួយ ប្រតិភូ​សភា​អាមេរិកាំង​ប្រចាំ​រដ្ឋ Alaska បាន​តវ៉ា​ថា សេចក្តី​សម្រចខាងលើនេះ​ គឺ​ធ្វើ​ឡើង​ដោយ​ប្រទេស​កាណាដា​តែ​ឯកឯង ដោយ​មិនមាន​ការ​ពិគ្រោះ​យោបល់​ ឬ​ផ្តល់​ដំណឹង​ជា​មុន​នោះ​ទេ។ សេចក្តីថ្លែងការណ៍​ពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ចំនួន​ពីរ​រូប និង​តំណាង​តែ​មួយ​គត់​ប្រចាំ​រដ្ឋ Alaska ក៏​បាន​លើកឡើង​ដែរថា សេចក្តីសម្រេច​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​មិនគិត​ពីរដ្ឋ Alaska ឬសេដ្ឋកិច្ច​របស់​រដ្ឋ​នេះ​នោះ​ទេ។

យោងតាម​សមាគមទេសចរណ៍​រដ្ឋ Alaska នៅ​ឆ្នាំ២០១៩ រដ្ឋ Alaska ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាង ១,៣​លាន​នាក់​ ដែល​មក​ដល់​តាម​នាវា​ដំណើរកម្សាន្ត​ ដែល​ក្នុង​នោះ ៦០​ភាគរយ​ជា​អ្នក​ទេសចរ​នា​រដូវ​ក្តៅ។

ប្រធាន​សមាគម​ទេសចរណ៍​រដ្ឋ Alaska អ្នកស្រី Sarah Leonard កំពុង​ជំរុញ​ឲ្យ​មានការ​លើកលែង​បណ្តោះ​អាសន្ន​នូវ​ច្បាប់​ U.S. Passenger Vessel Services ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​ដំណើរកម្សាន្ត​ធ្វើ​នាវាចរណ៍​ចេញ​ពី​កំពង់ផែ​នៅ​សហរដ្ឋអាមេរិក ដូចជា​ ពី​ក្រុង Seattle មក​កាន់​រដ្ឋ Alaska។ ដោយ​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ ១៨៨៦ ច្បាប់​នេះ ​នៅ​តែហាមប្រាម​នាវា​ដំណើរកម្សាន្ត​ពី​ការ​ធ្វើ​នាវាចរណ៍​ដោយ​ផ្ទាល់​រវាង​កំពង់ផែ​នៅ​សហរដ្ឋអាមេរិក ដោយ​ជំរុញ​ឲ្យ​នាវា​មាន​គោលដៅ​ទៅ​កាន់​រដ្ឋ Alaska ត្រូវធ្វើ​ដំណើរ​ចេញ​ពី​ ឬ​ឈប់​នៅ​ប្រទេស​កាណាដា។ ​

អ្នកស្រី​ Sarah បាន​ថ្លែងថា៖

«យើង​បាន​រង់ចាំ​ជា​យូរយារ​ណាស់​មក​ហើយ ចាប់តាំង​ពី​ការ​កើតមាន​ដំបូង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ សម្រាប់​ការ​លើកលែង​ជា​បណ្តោះអាសន្ន​នូវច្បាប់​សហព័ន្ធ​នោះ​ ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​ដំណើរ​កម្សាន្ត​ ឬ​នាវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ធុនធំ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Alaska»។

​ទីក្រុង Vancouver គឺ​ជា​ចំណុច​ចាប់​ផ្តើម​សម្រាប់​នាវា​ដំណើរ​កម្សាន្ត​ភាគ​ច្រើន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​រដ្ឋ Alaska ដោយ​មាន​ទីក្រុង​ Seattle ​នៅ​ជាប់​នោះ​ជា​កន្លែង​ប្រជែង​មួយ។ យោង​ទៅ​តាម​កំពង់ផែ​ក្រុង Vancouver ឆ្នាំ២០១៩ ​គឺ​ជា​ឆ្នាំ​បំបែក​កំណត់​ត្រា​មួយ​សម្រាប់​ការ​ចូល​មក​ដល់​របស់​នាវា​ដំណើរកម្សាន្តចំនួន​សរុប ២៨៨ ដែល​ជា​ការ​កើនឡើង ២២​ភាគរយ​ពី​ឆ្នាំ​២០១៨។

លោក​ Walt Juda គឺ​ជា​ប្រធាន​សមាគម​ទេសចរណ៍ខេត្ត British Columbia នៅ​ប្រទេស​កាណាដា។

លោក​បារម្ភ​ថា ​ការ​លើកលែង​ជាបណ្តោះ​អាសន្ន​នូវ​ច្បាប់​ Passenger Vessel Services ​អាច​ក្លាយ​ជា​អចិន្ត្រៃយ៍​ ដែល​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់ឧស្សាហកម្ម​ទេសចរណ៍​របស់​ខេត្ត British Columbia របស់​កាណាដា។​

លោក Judas ថ្លែងថា៖

«នៅ​ពេលមាន​ការ​លើកលែង​បែបនេះ​ សូម្បី​តែ​លើកលែង​បណ្តោះ​អាសន្ន​ក៏​ដោយ​ តើ​នរណា​អាច​បញ្ឈប់​មិន​ឲ្យ​មាន​ការបញ្ចុះបញ្ចូល​ឲ្យ​លុបចោល​ច្បាប់​នេះ​ជា​អចិន្ត្រៃយ៍​នោះ? ហើយ​ដូច្នេះ ​នេះ​ជា​ការ​ព្រួយបារម្ភ​ចម្បង​មួយ ប្រសិន​បើអ្នក​បើក​នាវា​ចេញ​ពី​ ឧទាហរណ៍​ពី​រដ្ឋ Alaska ទៅទី​ក្រុង Seattle ហើយ​ពី​ក្រុង​ Seattle ត្រឡប់​ទៅ​វិញ ហើយ​អ្នក​មិន​ចាំបាច់​ចូល​កំពង់ផែ​កាណាដា​នោះ។ ឥឡូវ​នេះ យើង​កំពុង​បាត់បង់​ឱកាស​អាជីវកម្ម​ដ៏​ធំ​មួយ​សម្រាប់​វិស័យទេសចរណ៍​និង​សម្រាប់​សេដ្ឋកិច្ច​ទាំងមូល។ ជាទូទៅ វា​នឹង​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ក្នុង​ទឹកប្រាក់​ប្រមាណ​ពីរ​ពាន់​លាន​ដុល្លារ​កាណាដា។

ការិយាល័យ​សន្និបាត​និង​អ្នក​ទេសចរ​ក្រុង Vancouver ប៉ាន់​ប្រមាណ​ថា នាវា​មក​ដល់​នីមួយៗ​នាំ​យក​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​យ៉ាងហោចណាស់ ២,២ លាន​ដុល្លារ ក្នុង​នោះ​រួម​មាន​ការ​កក់​សណ្ឋាគារ​នៅ​ក្រុង Vancouver មុន​ និង​បន្ទាប់​ពី​ការ​ជិះ​នាវា​ដំណើរកម្សាន្ត​ផង​ដែរ។

​លោក​ Judas នៅ​តែ​សង្ឃឹម​ថា ជាមួយ​នឹងសម្ពាធ​គ្រប់គ្រាន់​ទៅ​លើ​រដ្ឋាភិបាល​កាណាដា​និង​ការវិវត្ត​ទៅ​មុខ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ប្រហែល​មាន​មធ្យោបាយ​ដើម្បី​ស្រោចស្រង់​រដូវកាល​ជិះ​នាវា​ដំណើរកម្សាន្តយ៉ាង​ហោចណាស់​បាន​មួយ​ផ្នែក​នៅ​ឆ្នាំ​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្រ​បញ្ញា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG