ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ១៩​ ដល់​ប្រទេស​ជិត​ខាង


ក្រុមពលរដ្ឋម៉ិកស៊ិកវ័យចំណាស់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទីក្រុងម៉ិកស៊ិក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

មន្ត្រី​សេតវិមានបាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិកកំពុង​ពិភាក្សា​អំពី​ការបញ្ជូន​វ៉ាក់សាំងអាស្ត្រាហ្សេនីកា (​AstraZeneca) ចំនួន​ ២,៥ លាន​ដូស​ ទៅ​ប្រទេស​ម៉ិកស៊ិក​ និង​ចំនួន​ ១,៥​ លានដូស ​ទៅ​ប្រទេស​កាណាដា។

ក៏​ប៉ន្តែ​ទាំង​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក បាន​បដិសេធថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ភ្ជាប់​លក្ខខណ្ឌ​ទៅ​នឹង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​រាប់​លាន​ដូស ទៅ​ឲ្យ​បណ្តា​ប្រទេស​ជិត​ខាងរបស់​ខ្លួននៅ​ភាគ​ខាង​ត្បូង ខណៈ​មាន​ជន​ចំណាក​ស្រុក​ជាច្រើន​ឆ្លង​កាត់​ប្រទេស​ម៉ិកស៊ិក​ មក​កាន់​សហរដ្ឋ​អាមេរិក​នោះ។

អ្នកស្រី Jen Psaki អ្នក​នាំពាក្យ​សេតវិមាន​ បាន​និយាយ​ថា៖ «ការ​ទប់ទល់​នឹង​ការ​រាលដាល​នៃជំងឺរាតត្បាតសកលនេះ ​ជា​ផ្នែក​មួយ​នៃ​គោល​បំណង​ខាង​ការទូត​របស់​យើង។ គោលបំណង​ខាង​ការទូតរបស់​យើងមួយ​ទៀត ​គឺ​កំពុង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ឯ​ព្រំដែន។ ដូច្នេះ ​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល ​ដែល​ការ​សន្ទនាអំពីកិច្ចការទាំងពីរ​ កំពុងធ្វើ​ឡើង​ព្រម​គ្នា​នោះទេ»។

អ្នក​ស្រី​បាន​ឆ្លើយ​តប​ដូច្នេះ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ជាប់ទាក់ទិន​រវាង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ និង​ការ​តាំង​ចិត្ត​ពីម៉ិកស៊ិក​ ដើម្បី​រឹតបន្តឹង​លំហូរ​ជន​ចំណាក​ស្រុក ​ដែលព្យាយាម​ចូល​ក្នុងសហរដ្ឋ​អាមេរិក។​

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍ថា គោលដៅ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដល់​ពលរដ្ឋ​អាមេរិក​ឱ្យ​បាន ១០០​ លាន​ដូស ក្នុង​អំឡុង​ពេលកាន់តំណែងបាន​ ១០០​ ថ្ងៃ​ នឹង​ត្រូវសម្រេចនៅ​ថ្ងៃ​សុក្រ​នេះ ដែល​ជាសមិទ្ធផលមុន​កាល​កំណត់​ ដែលត្រូវសម្រេចបាន ក្នុង​ថ្ងៃ​ទី ​៥៨​ នៃ​ការ​កាន់​តំណែង​របស់​លោក។

ដោយឡែក វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca រាប់​សិបលាន​ដូស កំពុងទុក​ចោលនៅ​កន្លែង​ផលិត​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​វ៉ាក់សាំង​នេះ មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើនៅសហរដ្ឋ​អាមេរិក ដូច​នៅ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀតនោះ​ទេ៕

XS
SM
MD
LG