ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ថែរក្សា​សុខភាព​ពី​ការកើន​ឡើង​កម្តៅ


បុរសម្នាក់​ដើរ​នៅ​ក្រោម​ពន្លឹព្រះអាទិត្យ​ដ៏ក្តៅ​នៅជាយ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៧ កក្កដា ឆ្នាំ២០២០។(AP Photo/Heng Sinith)
បុរសម្នាក់​ដើរ​នៅ​ក្រោម​ពន្លឹព្រះអាទិត្យ​ដ៏ក្តៅ​នៅជាយ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៧ កក្កដា ឆ្នាំ២០២០។(AP Photo/Heng Sinith)

ក្រសួង​សុខាភិបាល​ក្រើនរំឮក​ដល់​ប្រជាពលរដ្ឋ​ឱ្យប្រុងប្រយ័ត្ន​ និង​ថែទាំ​សុខភាព​អំឡុង​ពេល​កម្ពុជា​កំពុង​ជួប​ប្រទះ​អាកាសធាតុកើន​ឡើង​កម្តៅ​ខ្លាំង ​ដែល​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ការ​រស់​នៅ​។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ចេញ​កាល​ពី​ថ្ងៃទី​៧ ខែមេសា​ ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា អាកាសធាតុ​កើនឡើង​កម្តៅ បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សុខភាព ជាពិសេស​ទៅ​លើ​ ទារក កុមារ ស្រ្តី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ និង​បុគ្គល​ដទៃ​ទៀត​ដែល​ធ្វើ​កិច្ច​ការងារ​ក្រោម​កម្តៅ​ថ្ងៃ។

ការ​ឡើង​កម្តៅ​នៃ​អាកាស​ធាតុ​នេះ​អាច​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មាន​អាការៈ​អស់​កម្លាំង បែក​ញើស​ខ្លាំង ឈឺ​ក្បាល ​វិលមុខ ដួល​សន្លប់ និង​បញ្ហា​សុខភាពផ្សេងៗ​ទៀត​ជា​ច្រើន។

ក្រសួង​ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ផឹក​ទឹក​ឱ្យ​បាន​ញឹក​ញាប់ទោះ​មិន​ស្រេក​ទឹក​ក៏​ដោយ។ សម្រាប់​ចំណី​អាហារ ​ត្រូវ​ចៀស​វាង​ការ​បរិភោគ​អាហារ​ណា​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​រាករូស និង​ជំងឺ​ផ្សេងៗដែល​បង្កឱ្យ​បាត់​បង់​ជាតិ​ទឹក​ក្នុង​រាង​កាយ​។

នៅ​ពេល​ចេញ​ក្រៅផ្ទះ​ត្រូវ​មាន​ការ​ប្រុង​ប្រយត្ន័​ជា​មួយ​នឹង​ពន្លឺ​ព្រះអាទិត្យ ​ដោយ​ការ​ស្លៀក​សម្លៀក​បំពាក់​ស្រាលៗ ​ជិតៗ និង​បាំង​ឆ័ត្រ​ជា​ដើម ព្រម​ទាំង​អនុវត្ត​វិធាន​ការណ៍​ផ្សេងៗ​ដើម្បី​ការពារ​សុខភាព​ខ្លួន​ផ្ទាល់ និងក្រុម​គ្រួសារ។​

​កាល​ពី​ថ្ងៃ​ទី​២ ខែមីនា​ កន្លង​ទៅ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បានផ្សាយ​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​រងនូវ​បាតុភូត​អែល​នីញ៉ូ​ (El Niño) ដែល​ធ្វើ​ឱ្យ​ប្រឈម​នូវ​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត ដែល​ចាប់​ពី​ខែ​មីនា ​រហូត​ដល់​ខែ​ឧសភា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG