ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​ប្រឈម​នឹង​ឧបសគ្គ​ពី​ក្រុម​ឧទ្ទាម របប​យោធា​មីយ៉ាន់ម៉ា​បាន​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា


រូបឯកសារ៖ កងទ័ព​មីយ៉ាន់ម៉ា​ដើរ​ល្បាត​នៅ​តាមដង​ផ្លូវ​នា​អំឡុង​ធ្វើបាតុកម្ម​ដោយ​ភាព​ស្ងប់ស្ងាត់​ នៅទីក្រុង​រ៉ង់ហ្គូន​ ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ កងទ័ព​មីយ៉ាន់ម៉ា​ដើរ​ល្បាត​នៅ​តាមដង​ផ្លូវ​នា​អំឡុង​ធ្វើបាតុកម្ម​ដោយ​ភាព​ស្ងប់ស្ងាត់​ នៅទីក្រុង​រ៉ង់ហ្គូន​ ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​ចាប់ផ្ដើម​អនុវត្ត​ជា​លើក​ដំបូង​បង្អស់​នូវ​ច្បាប់​កាតព្វកិច្ច​យោធា​ដែល​មានអាយុកាល​មួយ​ទសវត្សរ៍​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ច្បាប់​នេះ ដែល​បាន​ចូល​ជា​ធរមាន​ភ្លាមៗ ​នឹង​តម្រូវ​ឱ្យ​ពលរដ្ឋ​បុរសនិង​ស្ត្រី​ចូល​បម្រើ​កងទ័ព​យ៉ាង​តិច ២ ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​កោះហៅ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ការ​ប្រកាស​អំពី​វិធានការ​នេះ​តាម​ទូរទស្សន៍​រដ្ឋ​គឺ​ស្មើ​នឹង​ការ​ទទួលស្គាល់​ដ៏​ធំ​មួយ​ទោះបី​មិន​បាន​បង្ហើប​ក៏ដោយ​ថា យោធា​មីយ៉ាន់ម៉ា​កំពុង​ប្រឹងប្រែង​យ៉ាង​ត្រដាបត្រដួស​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​បះបោរ​របស់​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ខ្លួន។

នៅ​ក្រោម​ច្បាប់​សេវា​យោធា​ប្រជាជន (People's Military Service Law) ឆ្នាំ ២០១០ ដែល​បាន​អនុម័ត​នៅ​ក្រោម​រដ្ឋាភិបាល​យោធា​ពី​មុន ​គឺ​បុរសអាយុ​ពី ១៨ ដល់ ៤៥ ឆ្នាំ និង​ស្ត្រី​អាយុ​ពី ១៨ ដល់ ៣៥ ឆ្នាំ​អាច​ត្រូវ​បាន​កេណ្ឌ​ឱ្យ​ចូល​បម្រី​កងទ័ព​រយៈពេល ២ ឆ្នាំ និង​អាច​ពន្យារ​បន្ថែម​រហូត​ដល់​ទៅ ៥ ឆ្នាំ​ក្នុង​អំឡុង​ពេល​មាន​ស្ថានការណ៍​បន្ទាន់​ថ្នាក់​ជាតិ។

ក្រុមប្រឹក្សា​យោធា​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ពេល​បច្ចុប្បន្ន ដែល​ហៅ​ថា​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (State Administration Council) បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ ២០២១ បន្ទាប់ពី​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi។

ច្បាប់​កាតព្វកិច្ច​យោធានេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត បន្ទាប់ពី​យោធា​បាន​ជួប​ឧបសគ្គ​ដ៏​ធំ​បំផុត​តាំងពី​ពេល​ដែល​ជម្លោះ​នៅ​ទូទាំង​ប្រទេស​បាន​ផ្ទុះឡើង​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​មក។ ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែ​តុលា​ឆ្នាំ​មុន​ដោយ​សម្ព័ន្ធភាព​អង្គការ​ជនជាតិ​ភាគតិច​ប្រដាប់​អាវុធ​បាន​ដណ្ដើម​កាន់កាប់​ដែនដី​មួយ​ផ្នែក​ធំ​នៅ​ភាគ​ឦសាន​ប្រទេស​មីយ៉ាន់ម៉ា​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​ចិន​ក្នុង​រយៈពេល​តិច​ជាង ៣ ខែ។

ឧបសគ្គ​នេះ​បាន​ជំរុញទឹកចិត្ត​កងកម្លាំង​តស៊ូ​នៅ​តាម​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ឱ្យ​ចាប់ផ្ដើមវាយ​ប្រហារ​ផ្ទាល់ខ្លួន​របស់​ពួកគេ។ កាលពី​ពេល​ថ្មីៗ​នេះ ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រដ្ឋ Rakhine នៅ​ភាគ​ខាងលិច​បាន​បណ្ដាល​ឱ្យ​កងកម្លាំង​សន្តិសុខ​រដ្ឋ​រាប់​រយ​នាក់​គេច​ចេញ​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិតខាង។

យោធា​មីយ៉ាន់ម៉ា​ប្រឈម​នឹង​សត្រូវ​ពីរ។ សត្រូវ​ទី​មួយ​គឺ​កងកម្លាំង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់ពី​យោធា​បាន​ឡើង​កាន់​អំណាច។ ហើយ​សត្រូវ​មួយ​ទៀត​គឺ​ក្រុម​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគ​តិច​ដែល​មាន​ការ​ហ្វឹកហាត់​និង​បំពាក់​អាវុធ​បាន​ល្អ ដែល​បាន​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​ប្រសើរ​ជាង​មុន​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ គេ​ឃើញ​ក្រុម​តស៊ូ​ទាំង​ពីរ​នេះ​មាន​សម្ព័ន្ធភាព​ជាមួយ​គ្នា។

ច្បាប់​កាតព្វកិច្ច​យោធានេះ​បាន​ចែង​ថា ជន​ណា​ដែល​គេច​ពី​កាតព្វកិច្ច​នេះ​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៣ ទៅ ៥ ឆ្នាំ និង​រង​ការ​ផាក​ពិន័យ។ បុព្វជិតគឺ​ត្រូវបាន​លើកលែង រី​ឯ​មន្ត្រី​រដ្ឋការ​និង​សិស្ស​និស្សិត​វិញ​អាច​ទទួល​បាន​ការ​ពន្យារពេល​បណ្ដោះអាសន្ន។

លោក​ឧត្តមសេនីយ៍ទោ Zaw Min Tun អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បញ្ចាំង​តាម​ទូរទស្សន៍​រដ្ឋ MRTV ថា ច្បាប់​នេះ​ត្រូវបាន​អនុវត្ត​ដោយសារ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក​បាន​និយាយ​ថា ការ​ដាក់​ឱ្យ​អនុវត្តច្បាប់​នេះ​អាច​ជួយ​បង្ការ​សង្គ្រាម​តាម​រយៈ​ការ​បង្ហាញ​កម្លាំង​ឱ្យ​សត្រូវ​បាន​ឃើញ។

លោក Zaw Min Tun បាន​ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ដែល​យើង​ចង់​និយាយ​គឺ​ថា ការ​ទទួល​ខុសត្រូវ​ផ្នែក​ការពារ​ជាតិ​គឺ​មិន​មែន​ជា​ការ​ទទួល​ខុសត្រូវ​តែ​មួយ​គត់​របស់​ទាហាន​នោះទេ។ វា​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​កន្លែង​ទាំងអស់​នៅ​ក្នុង​ប្រទេស។ សន្តិសុខ​ជាតិ​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​មនុស្ស​គ្រប់រូប។ ហេតុ​ដូចនេះ​ហើយ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​ឱ្យ​ចូល​បម្រី​កងទ័ព​ដោយ​មោទនភាព​នៅ​ក្រោម​ច្បាប់​សេវា​យោធា​ប្រជាជន​ដែល​បាន​អនុម័ត»។

កងកម្លាំង​របស់​របប​យោធា​មីយ៉ាន់ម៉ា​កាន់តែស្តួចស្តើងដោយសារ​ការ​បះបោរ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ក្រុម​តស៊ូ​ប្រដាប់​អាវុធ។ គេ​ជឿ​ថា ការ​ធ្លាក់ចុះ​នេះ​គឺ​បណ្ដាល​មកពី​ការ​ស្លាប់​និង​រង​របួស​និង​ការ​រត់​ចោល​ជួរ បើ​ទោះបីជា​គេ​មិន​ដឹង​ថា​ការ​ធ្លាក់ចុះ​នេះ​មាន​ទំហំ​ប៉ុណ្ណា​ក៏ដោយ។

កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន ក្រសួង​ការពារ​ជាតិ​របស់​រដ្ឋាភិបាល​រួមរួម​ជាតិ ដែល​ជា​អង្គការ​នយោបាយ​នាំមុខ​នៃ​ក្រុម​តស៊ូ​ដែល​ដើរតួ​ជា​រដ្ឋាភិបាល​ស្រមោល​របស់​មីយ៉ាន់ម៉ា បាន​បញ្ជាក់​ថា ទាហាន​មីយ៉ាន់ម៉ា​ជាង ១៤.០០០ នាក់​បាន​រត់​ចោល​ជួរ​តាំងពី​រដ្ឋប្រហារ​ឆ្នាំ ២០២១ មក។

គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ទាំង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ទំនោរ​ទៅ​រក​ក្រុម​តស៊ូ​ប្រឆាំង​អំពី​ការ​បង្ខំ​ជ្រើសរើស​យុវជនក្មេងៗ​នៅ​តាម​តំបន់​ទីក្រុង​ឱ្យ​ចូល​បម្រី​កងទ័ព។

ទស្សនាវដ្ដី​ព័ត៌មាន​អនឡាញ Frontier Myanmar បាន​រាយការណ៍​កាលពី​ខែ​មករា​ថា៖ «ទោះបីជា​ទំហំ​នៃ​ការ​ជ្រើសរើស​នេះ​មិន​ច្បាស់​ក៏ដោយ ក៏​គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​នានា​ដែល​ចែក​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា បុរសៗ​ត្រូវបាន​គេ​ឃុំឃាំង​និង​បង្ខំ​ឱ្យ​ចូល​បម្រី​កងទ័ព​សូម្បីតែ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ដែល​ជា​បេះដូង​ពាណិជ្ជកម្ម​របស់​មីយ៉ាន់ម៉ា​ក៏ដោយ ដោយ​ករណី​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ក្រឿន​រំឭក​កុំ​ឱ្យចេញ​ទៅ​ក្រៅ​នៅ​ពេល​យប់​នៅ​ក្នុង​ទីក្រុង​នោះ»។

ការ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​របស់​យោធា​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ ២០២១ បាន​បណ្ដាល​ឱ្យ​មាន​ការ​តវ៉ា​អហិង្សា​និង​ការ​មិន​ស្ដាប់​បង្គាប់​អាជ្ញាធរ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ុន្តែ ការ​ប្រឈម​មុខ​ដាក់​គ្នា​បាន​រីក​រាលដាល​ក្លាយជា​អំពើ​ហិង្សា បន្ទាប់ពី​កង​កម្លាំង​សន្តិសុខ​បាន​ប្រើ​កម្លាំង​បែប​ប្រល័យ​លើ​ក្រុម​អ្នក​តវ៉ា ដោយ​បណ្ដាល​ឱ្យ​ឈាន​ដល់​ការ​បង្កើត​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ដែល​មាន​ការ​ចាត់តាំង​ដែល​ក្លាយទៅជា​សង្គ្រាម​ស៊ីវិល៕

ប្រែសម្រួលដោយលោក ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG