ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងយោធាមីយ៉ាន់ម៉ាថា ខ្លួននិងក្រុមទ័ពឈ្លបជនជាតិភាគតិចបានយល់ស្របគ្នាឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់


រូបឯកសារ៖ បុរសម្នាក់​ឈរមើល​លំនៅឋានដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​និង​គ្រាប់​ផ្លោង​នៅ​ជំរំ​ជនភៀសខ្លួន​ Mung Lai Hkyet ក្នុងតំបន់ភ្នំ Laiza នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ បុរសម្នាក់​ឈរមើល​លំនៅឋានដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​និង​គ្រាប់​ផ្លោង​នៅ​ជំរំ​ជនភៀសខ្លួន​ Mung Lai Hkyet ក្នុងតំបន់ភ្នំ Laiza នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការបរទេសចិនបាន​ឱ្យដឹងកាលពីថ្ងៃសុក្រ​ ទី១២ ខែមករា​ថា ​កងយោធា​នៃប្រទេស​មីយ៉ាន់ម៉ាបានសម្រេចកិច្ចព្រមព្រៀងមួយ​ជា​មួយ​សម្ព័ន្ធភាព​មួយនៃក្រុម​ទ័ពឈ្លបជនជាតិ​ភាគតិចដែលយោធាបានប្រយុទ្ធ​ប្រឆាំង​នៅក្នុង​ផ្នែកឦសាន​ប្រទេស។ រដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា​បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ​បានកើត​មានមែន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​និយាយថា កិច្ចព្រមព្រៀង​នេះបាន​សម្រេចនៅក្នុងកិច្ចចរចា​សម្របសម្រួលដោយ​ប្រទេស​ចិន​ នៅថ្ងៃទី១០ និងទី១១ ខែមករា​ នៅ​ទីក្រុង Kunming ទីរួមខេត្តមួយ​របស់​ប្រទេស​ចិន ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ ៤០០គ.ម.ពីព្រំដែន​មីយ៉ាន់ម៉ា។

អ្នក​ស្រីបានថ្លែងនៅ​ក្នុងសន្និសីទកាសែត​ប្រចាំ​ថ្ងៃនៅក្រុងប៉េកាំង​ថា៖​ «ចិន​សង្ឃឹម​ថា ​ភាគី​ពាក់ព័ន្ធ​នៅមីយ៉ាន់ម៉ាអាច​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ដោយយកចិត្តទុកដាក់ មាន​ការទប់​ចិត្ត​ជា​អតិបរិមាចំពោះគ្នា​ទៅវិញ​ទៅមកនិង​ដោះស្រាយបញ្ហា​តាមរយៈ​ការសន្ទនា​គ្នា​និង​ការពិគ្រោះ​យោបល់គ្នា។

លោកឧត្តមសេនីយ៍ទោ Zaw Min Tun អ្នកនាំពាក្យក្រុមប្រឹក្សា​យោធា​គ្រប់គ្រង​ប្រទេសបាននិយាយ​នៅក្នុង​កំណត់​សម្គាល់ជា​សំឡេងទៅកាន់​ពួក​អ្នក​កាសែតថា​ ភាគី​ទាំងពីរ​បាន​ជួប​គ្នា​នៅក្រុង Kunming ហើយ​នៅក្រោយ​ការចរចាគ្នា បានយល់ស្របគ្នា​អំពី​កិច្ចព្រមព្រៀងឈប់បាញ់គ្នាបណ្តោះអាសន្ន​មួយ។

លោក Zaw Min Tun ថា៖ «យើង​នឹង​បន្ត​ការពិភាក្សា​គ្នា។ យើងនឹងបន្ត​ធ្វើការដើម្បីពង្រឹងកិច្ចឈប់បាញ់​គ្នា»។

កិច្ចព្រមព្រៀង​ឈប់បាញ់គ្នា​មួយដែលត្រូវបានសម្រេចកាល​ពីពាក់កណ្តាល​ខែធ្នូ​ មិនត្រូវបាន​គោរព​ដោយភាគីណាមួយទេ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao បាន​ថ្លែងថា​សម្ព័ន្ធភាព Three Brotherhood Alliance ដែលមាន​កងទ័ព​សម្ព័ន្ធភាព​ប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ព​រំដោះជាតិ Ta’ang និងកងទ័ព Arakan បានយល់ស្របគ្នាឱ្យមាន​ការឈប់បាញ់គ្នាជា​បន្ទាន់មួយ ឱ្យមានការ​ដក​ទាហាន​និង​ការដោះស្រាយជម្លោះតាមរយៈ​កិច្ចចរចាគ្នា។

អ្នកស្រី Mao Ning បាន​ពោលថា៖ «ភាគីទាំង​ពីរបានសន្យា​ថា​នឹងមិន​បំផ្លាញ​សុវត្ថិភាពជនជាតិចិនរស់​នៅ​ក្នុងតំបន់ព្រំដែន គម្រោងការ​ចិននិងបុគ្គលិកចិន​នៅ​មីយ៉ាន់ម៉ាទេ»។

បណ្តាញ​ព័ត៌មាន​ឯករាជ្យ​មីយ៉ាន់ម៉ា​ បណ្តាញ​ព័ត៌មាន​បរទេស​និង​សេវាព័ត៌មានជា​ភាសាមី​យ៉ាន់ម៉ាបានរាយការណ៍អំពី​សេចក្តី​លម្អិតស្រដៀងគ្នា តែ​គ្មានពាក្យ​សម្តី​ដោយផ្ទាល់​ជា​បន្ទាន់ពីសម្ព័ន្ធភាពនេះអំពី​ការឈប់បាញ់គ្នានេះទេ។

របាយការណ៍​បណ្តាញព័ត៌មានបាននិយាយថា កងយោធាបានយល់ព្រម​បញ្ឈប់ការទម្លាក់គ្រាប់បែក​និងការ​បាញ់ផ្តក់​ដោយកាំភ្លើងធំ​នៅក្នុង​រដ្ឋ Shan ​ដែល​នៅ​ជាប់​ប្រទេសចិន។ ចំណែក​ឯសម្ព័ន្ធភាព Three Brotherhood Alliance​ បានយល់ព្រមបញ្ឈប់ការវាយលុករបស់ខ្លួន​និងមិន​វាយ​យកទី​ក្រុងនិង​ទីតាំង​យោធា​ថែមទៀតទេ។

របាយការណ៍ទាំងនេះ​ចែង​ថា ​កិច្ចឈប់បាញ់គ្នានេះ​នឹងមិនត្រូវអនុវត្ត​ក្នុងតំបន់ឯទៀតៗនៃប្រទេស​មីយ៉ាន់ម៉ាទេ។

ប្រទេស​មីយ៉ាន់ម៉ា​ពោរពេញ​ដោយ​អំពើហិង្សា​ដែល​ចាប់ផ្តើមមាន​ក្រោយ​កងយោធា​បានដក​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោកស្រី​ Aung San Suu Kyi ចេញ​ពីតំណែង​កាលពី​ខែកុម្ភៈ ឆ្នាំ២០២១។​ សម្ព័ន្ធភាព Three Brotherhood Alliance បាន​វាយលុកប្រឆាំង​នឹង​កងយោធា​កាលពី​ខែតុលា​ហើយបាន​គ្រប់គ្រងក្រុង Laukkaing ដែល​ជា​ក្រុង​សំខាន់មួយនៅជាប់ព្រំដែន​ចិនកាលពីសប្តាហ៍ទី ១ នៃខែមករា។

ការវាយ​ប្រហារ​ដោយ​សម្ព័ន្ធភាពនេះ​ជា​ឧបសគ្គ​ធំបំផុតនៅ​លើ​សមរភូមិ​សម្រាប់​ពួកគ្រប់គ្រង​យោធានៃ​ប្រទេសមីយ៉ាន់ម៉ាតាំង​ពី​កងទ័ពបានក្តាប់អំណាច​មក។

ការ​ប្រយុទ្ធ​ភាគ​ច្រើន​កើតមាន​តាម​ព្រំដែន​មីយ៉ាន់ម៉ាជា​មួយ​ប្រទេសចិន រារាំង​ពាណិជ្ជកម្មឆ្លងដែននិងធ្វើឱ្យមីយ៉ាន់ម៉ា​មានអស្ថិរភាព​ថែមទៀត​។ ប្រទេសមីយ៉ាន់ម៉ា​ជា​សម្ព័ន្ធមិត្តយុទ្ធសាស្ត្រមួយ​របស់ចិន ​ដែលមានសង្គ្រាម​ស៊ីវីល​នៅក្នុងផ្នែកជា​ច្រើនរបស់ប្រទេស។

ប្រទេសចិនខ្វល់ខ្វាយអំពី​កំណើន​អំពើ​ហិង្សានិងសុវត្ថិភាព​ពលរដ្ឋចិន​ក្នុង​ប៉ែក​ខាងជើងមីយ៉ាន់ម៉ា។​ ​ចិនក៏​បានបង្ក្រាប​កិច្ចប្រតិបត្តិការឆ​បោកតាមអ៊ីនធើណិត​ដែលបាននាំយក​ក្រុមអ្នកធ្វើការចិនចូលក្នុង​មីយ៉ាន់ម៉ា​ហើយ​បង្ខំ​ពួក​គេ​ឱ្យ​ធ្វើការ មានរួមទាំងនៅ​ក្រុង​ Laukkaing ផងដែរ។

សម្ព័ន្ធ​ភាពនេះបានអះអាង​អំពីជ័យជំនះជា​ច្រើន មានរួម​ការវាយយកបាន​ប៉ុស្តិ៍យោធាជាង ២៥០ ទីក្រុងប្រមាណ ១២ ​និងច្រកព្រំដែន​ធំៗប្រាំដែលគ្រប់គ្រងពាណិជ្ជកម្ម​ជា​មួយ​ប្រទេសចិន។

លោក Zaw Min Tun បាន​និយាយ​ថា មីយ៉ាន់ម៉ា​និង​ចិន​នឹងបន្ត​ការចរចាគ្នាដើម្បីបើកច្រកពាណិជ្ជកម្ម​ព្រំដែន​ជា​ថ្មី ដែល​ត្រូវបានបិទ​នៅ​ក្រោយ​មានការប្រយុទ្ធ​គ្នា ហើយ​នៅពេល​នេះច្រកព្រំដែន​ភាគច្រើនឬទាំងអស់​ស្ថិតក្នុងកណ្តាប់ដៃសម្ព័ន្ធភាព Three Brotherhood Alliance៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG