ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​គាំទ្រ «ដំណោះស្រាយ​ដែល​កើតចេញ​និង​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា​ផ្ទាល់» ចំពោះ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​ជម្លោះ​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​បង្ហាញ​សាមគ្គីភាព​នៅ​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ផែនការ​សន្តិភាព​ថ្នាក់​តំបន់​មួយ​និង​«ដំណោះស្រាយ​ដែល​កើតចេញ​និង​ដឹកនាំ​ដោយ​មីយ៉ាន់ម៉ា​ផ្ទាល់» ចំពោះ​វិបត្តិ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

បន្ទាប់ពី​កិច្ច​ប្រជុំ​ចង្អៀត​អាស៊ាន (ASEAN's AMM Retreat) នេះ​បាន​បញ្ចប់​ទៅ បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​ទាំងនោះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ផ្ដល់​ការ​គាំទ្រ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​បេសកជន​ពិសេស​ថ្មី​របស់​អាស៊ាន​មកពី​ប្រទេស​ឡាវ​ដែល​ទទួល​បន្ទុក​កិច្ចការ​វិបត្តិ​នេះ ដែល​បាន «ប្រឹងប្រែង​ទាក់ទង​ភាគី​ពាក់ព័ន្ធ​នានា»។

ជាង​នេះ​ទៀត បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​ទាំងនោះ​ក៏​បាន​សម្ដែង​ការ​ទុកចិត្ត​ចំពោះ​ការ​តាំងចិត្ត​របស់​បេសកជន​រូប​នេះ​នៅ​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ផងដែរ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ជាប់គាំង​នៅ​ក្នុង​ជម្លោះ​តាំងពី​ពេល​ដែល​យោធា​បាន​ដណ្ដើម​កាន់​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០២១ មក។ រដ្ឋប្រហារ​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​នៅ​ទូទាំង​ប្រទេស​និង​បាន​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​អាយុកាល​មួយ​ទសវត្សរ៍​របស់​មីយ៉ាន់ម៉ា​ផុត​រលត់​ភ្លាមៗ។

លោក Alounkeo Kittikhoun ដែល​ជា​បេសកជន​ពិសេស​ថ្មី​របស់​អាស៊ាន បាន​ជួប​ជាមួយ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​ក្នុង​អំឡុង​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ដើម​ខែ​មករា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​មីយ៉ាន់ម៉ា។

ទាំង​អាស៊ាន​និង​ឡាវ​សុទ្ធតែ​មិន​ទាន់​ប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​គេ​នៅ​មិន​ទាន់​ច្បាស់​នោះទេ​ថា​តើ​លោក Kittikhoun បាន​ជួប​ជាមួយ​ក្រុម​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​ណា​មួយ​ឬ​ក៏​អត់។

សេចក្ដី​ថ្លែងការណ៍​របស់​បណ្ដា​រដ្ឋមន្ត្រី​អាស៊ាន​បាន​លើកឡើង​ថា៖ «យើង​អះអាង​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​របស់​អាស៊ាន​នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​មីយ៉ាន់ម៉ា​ស្វែងរក​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី គ្រប់​ជ្រុងជ្រោយ និង​ឋិតថេរ​ចំពោះ​វិបត្តិ​កំពុង​បន្ត​នេះ ដោយសារតែ​មីយ៉ាន់ម៉ា​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​អាស៊ាន»។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​បន្ថែម​ថា៖ «យើង​អះអាង​ជាថ្មី​អំពី​សាមគ្គីភាព​អាស៊ាន​និង​បញ្ជាក់​ឡើងវិញ​ថា​កិច្ច​ប្រឹងប្រែង​ណា​មួយ​ក៏ដោយ​គឺ​គួរតែ​គាំទ្រ​តាម [ផែនការ​សន្តិភាព] និង​ធ្វើ​ឡើង​ដោយ​មាន​ការ​សម្របសម្រួល​ជាមួយ​នឹង​ប្រធាន​អាស៊ាន»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​និង​ការ​អត់ធ្មត់​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

អាស៊ាន​បាន​ប្រឈម​នឹង​ការ​មិន​ចុះ​សម្រុង​គ្នា​ផ្ទៃក្នុង​ទាក់ទិន​នឹង​វិធី​ដោះស្រាយ​វិបត្តិ​នេះ។

ការ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​ជាច្រើន

របប​យោធា​មីយ៉ាន់ម៉ា​បាន​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​ជាច្រើន​ដើម្បី​បង្ក្រាប​ការ​បះបោរ​របស់​កង​ជីវពល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​នឹង​រដ្ឋាភិបាល​ស្រមោល​និង​យោធា​របស់​ក្រុម​ជាតិសាសន៍​ភាគតិច។ របប​យោធា​នេះ​បាន​ហៅ​ក្រុម​ទាំង​នោះ​ថា​ជា «ភេរវករ» និង​បាន​បដិសេធ​មិន​ព្រម​ចរចា​ជាមួយ​ពួកគេ។ ជម្លោះ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ២ លាន​នាក់ត្រូវ​បង្ខំ​ខ្លួន​គេច​ចេញ​ពី​ផ្ទះ​សម្បែង។

ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ពី​មុន​បាន​ផ្ដួចផ្ដើម​នូវ​ការទូត​បែប​ស្ងប់ស្ងៀម​មួយ​រយៈ​ខ្លី​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ការ​សន្ទនា​គ្នា​រវាង​ភាគី​ជម្លោះ​នានា​របស់​មីយ៉ាន់ម៉ា។ ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​នៅ​មិន​ច្បាស់​ថា​ តើ​ប្រទេស​ឡាវ​ដែល​ជា​ប្រធាន​អាស៊ាន​ថ្មី​មាន​ឥទ្ធិពល​ប៉ុណ្ណា​ឬ​ក៏​ជំរុញ​ទៅមុខ​នូវ​ការទូត​នេះ​តាម​របៀប​ណា។

ប្រទេស​មីយ៉ាន់ម៉ា​បាន​បញ្ជូន​មន្ត្រី​ការិយាធិបតេយ្យ​ម្នាក់​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​អាស៊ាន​កាលពី​ថ្ងៃ​ចន្ទ ដោយ​ខ្លួន​បាន​ទទួល​យក​ជា​លើកដំបូង​បង្អស់​នូវ​ការ​អញ្ជើញ​របស់​អាស៊ាន​ឱ្យ​បញ្ជូន​អ្នក​តំណាង «មិនមែន​នយោបាយ» ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ។

អាស៊ាន​បាន​ហាមឃាត់​ថ្នាក់ដឹកនាំ​យោធា​កំពូលៗ​របស់​របប​យោធា​មីយ៉ាន់ម៉ា​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន ដោយសារតែ​របប​យោធា​នេះ​បាន​បរាជ័យ​នៅ​ក្នុង​ការ​អនុវត្ត​ផែនការ​សន្តិភាព​ដែល​ខ្លួន​បាន​យល់ព្រម​ជាមួយ​អាស៊ាន​ក្នុង​ពេល​ពីរ​ខែ​ក្រោយ​មក​បន្ទាប់ពី​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០២១។

របប​យោធា​មីយ៉ាន់ម៉ា​មាន​ការ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​ជ្រៀតជ្រែក​របស់​អាស៊ាន​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​អ្នកស្រី Retno Marsudi បាន​បញ្ជាក់​នៅ​ក្នុង​សារ​ជា​អក្សរ​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា វត្តមាន​ចូលរួម​របស់​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​ស្ដីទី​នៃ​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​អ្នកស្រី Malar Than Htike នៅ​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​អាស៊ាន​កាលពី​ថ្ងៃ​ចន្ទ​គឺ​មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ណា​មួយ​ដល់​គោលនយោបាយ​របស់​អាស៊ាន​នោះទេ។

អ្នកស្រី Marsudi បាន​និយាយ​ថា៖ «មីយ៉ាន់ម៉ា​នឹង​មិន​ប៉ះពាល់​ដល់​ការធ្វើ​សេចក្ដី​សម្រេចចិត្ត​របស់​អាស៊ាន​នោះឡើយ»។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏​បាន​អំពាវនាវ​ផងដែរ​ឱ្យ​មាន​ការ​អត់ធ្មត់​និង​ឱ្យ​មាន​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ជំរុញ​ឱ្យ​មាន​បរិយាកាស​អំណោយផល​សម្រាប់​ការ​ពិភាក្សា​បន្ថែមទៀត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​មួយ​រវាង​អាស៊ាន​និង​ចិន៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG